ភ្នំពេញៈ ផ្សារមូលធន​របស់​ប្រទេស​ កម្ពុជា​ បាន​បង្ហាញ​ការរីកចម្រើន​ដ៏ល្អ​ចាប់​តាំងពី​ផ្សារ​នេះ​ត្រូវ​បាន​ប្រតិបត្តិការ​កាលពី​ឆ្នាំ​ ២០១២ ដោយ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ ៨ ​ឲ្យ​ចុះបញ្ជី ដែល​មាន​មូលធន​សរុប​ ១៥១ ​លាន​ដុល្លារ​ កាលពី​ចុងឆ្នាំ​ ២០១៩​។

របាយការណ៍​បាន​ពី​ផ្សារមូលបត្រ​កម្ពុជា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ ៨ ​នេះ​មាន​ក្រុមហ៊ុន​ ៥ ​បោះផ្សាយ​លក់​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៣ ​ចេញ​ប័ណ្ណបំណុល​។ របាយការណ៍​បាន​បង្ហាញ​ថា​កាលពី​ឆ្នាំ​ ២០១៩ មាន​ក្រុម​វិនិយោគិន ២២ ៤៤៦ ដែល​ ៨៣ ​ភាគរយ​ក្នុង​ចំណោម​នេះ​គឺជា​វិនិយោគិន​ក្នុង​ស្រុក និង​ ១៧ ​ភាគរយ​ជា​ជនបរទេស ខណៈ​តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​កាលពី​ឆ្នាំ​ ២០១៩ មាន​ចំនួន​ ១៥៧ ០៤៥ ​ដុល្លារ​កើនឡើង ៤,៩ ​ដង​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក Jong Weon Ha អ្នក​យុទ្ធសាស្ដ្រ​ទីផ្សារ និង​ជា​ប្រធាន​ប្រតិបត្តិការ​របស់ CSX បាន​ឲ្យ​ដឹងថា ទោះបី​ជា​វា មើលឃើញ​ពី​ការរីកចម្រើន​យឺត​ក៏ដោយ​ក៏​ប្រតិបត្តិការ​មាន​រយៈពេល​ជិត​ ៨ ​ឆ្នាំ​មក​នេះ CSX បាន​មើលឃើញ​កំណើន​ជាប្រចាំ ខណៈ​តម្លៃ​ការជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ​បាន​កើនឡើង​ពី​ប្រហែល​ ១ ៥០០ ​ដុល្លារ​ពី​ឆ្នាំ​ ២០១៣ ដល់​ ១៥៧ ០០០ ​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។

លោក​លើកឡើង​ថា​៖ «​ប្រតិបត្តិការ​ទីផ្សារ​នេះ​ក៏​ត្រូវ​បាន​កើនឡើង​ផងដែរ​។ គ្រាន់តែ​លើកឡើង​ករណីខ្លះ យើង​បាន​បន្ត​ម៉ោង​ជួញដូរ​របស់​យើង​ចាប់ពី​ ៣,៥ ម៉ោង​ដល់ ៧ ​ម៉ោង​ក្នុង​មួយថ្ងៃ បង្កើត​ប្រព័ន្ធ​ជួញដូរ​ចល័ត​ដែល​អាច​ឲ្យ​ក្រុម​វិនិយោគិន​ដាក់​ការបញ្ជាទិញ​ពី​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ កែលម្អ​ប្រសិទ្ធភាព​ប្រតិបត្តិការ​ដូចជា​ការចាប់ផ្ដើម ការបង្ហាញ​អេឡិចត្រូនិក ការបង្កើន​បណ្ដាញ​វិនិយោគិន​របស់​យើង​ទាំង​ក្នុងស្រុក និង​អន្តរជាតិ និង​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​មាន​សក្ដានុពល​ជាច្រើន​»​។

លោក​បញ្ជាក់ថា​៖ «​ការអភិវឌ្ឍ​ទីផ្សារ​មូលធន ដែលជា​ទីផ្សារ​មូលបត្រ​ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ យើង​ត្រូវការ​ការគាំទ្រ និង​ការចូលរួម​ពី​រដ្ឋាភិបាល និយតករ វិស័យ​ឯកជន គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​សាធារណជន​»​។

លោក ព្រំ វិសុទ្ធ ប្រធាន និង​ជា​នាយកប្រតិបត្តិ​បាន​ឲ្យ​ដឹងថា CSX គឺជា​ជម្រើស​ផ្សេងទៀត​សម្រាប់​ក្រុមហ៊ុន​ឯកជន​សម្រាប់​លទ្ធភាព​ទទួលបាន​មូលនិធិ​អត្រា​ការប្រាក់​កាន់តែ​ទាប និង​រយៈពេល​វែង​ក្រៅពី​វិស័យ​ធនាគារ ដើម្បី​គាំទ្រ​កំណើន​អាជីវកម្ម​របស់​ពួកគេ និង​បង្កើន​ឱកាស ខណៈ​ក្រុម​វិនិយោគិន CSX ក៏មាន​ឱកាស​វិនិយោគ​ផ្សេងទៀត​ដែល​ពួកគេ​អាច​ធ្វើ​ពិពិធកម្ម​ការវិនិយោគ​របស់​ពួកគេ​ដើម្បី​រក​ប្រភព​ប្រាក់ចំណូល​បន្ថែម​តាមរយៈ​ការវិនិយោគ​របស់​ពួកគេ​លើ​ភាគហ៊ុន និង​ប័ណ្ណបំណុល​។

លោក​បន្តថា​៖ «CSX បានធ្វើ​រួចហើយ​អ្វីៗ​ល្អៗ ប៉ុន្តែ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​កាន់តែច្រើន​ចុះបញ្ជី យើង​ត្រូវការ​ការអប់រំ​បន្ថែមទៀត​ដល់​ក្រុមហ៊ុន​មាន​សក្ដានុពល​ទាំងអស់​ពី​របៀប​ត្រៀមខ្លួន​សម្រាប់​ការបោះ​ផ្សាយ​មូលបត្រ​សាធារណៈ​លើកដំបូង​ (IPO) និង​អត្ថប្រយោជន៍​របស់​វា ព្រម​ទាំង​លើកកម្ពស់​ការយល់ដឹង​របស់​ក្រុម​វិនិយោគិន​សាធារណៈ​អំពី​ការចូលរួម​ពួកគេ និង​ឱកាស​វិនិយោគ​លើ​ផ្សារហ៊ុន​នេះ​»​។

តាម​របាយការណ៍ SECC ក្រុមហ៊ុន​ចុះបញ្ជី​ក៏ត្រូវ​បានផ្ដល់​ការលើកទឹកចិត្ត​ពន្ធ​ពី​រដ្ឋាភិបាល​ផងដែរ​ជាមួយ​នឹង​ការលើកលែង​បំណុល​ពន្ធ និង​ការកាត់បន្ថយ​ ៥០ ​ភាគរយ​នៃ​ពន្ធ​លើ​ប្រាក់ចំណូល​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ បន្ទាប់ពី​ចុះបញ្ជី​។ ក្រុមហ៊ុន​ចុះបញ្ជី​ដែល​រួម​ភាគហ៊ុន និង​បណ្ណ​បំណុល​នឹង​ទទួល​បាន​ការលើក​ទឹកចិត្ត​មិនមែន​ពន្ធ​ពី​ទីភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ផងដែរ​។

លោក Woen Ha ថ្លែងថា​៖ «​ការលើកទឹកចិត្ត​ពន្ធ​ពី​រដ្ឋាភិបាល​ជា​ឧទាហរណ៍​ដ៏ល្អ ប៉ុន្តែ​យើង​ចង់​មើលឃើញ​ការគាំទ្រ​កាន់តែ​ខ្លាំង និង​គោលនយោបាយ​កាន់តែ​មាន​ប្រសិទ្ធភាព​។ សេណារីយោ​ដ៏ល្អ​បំផុត​នេះ គឺជា​និយតករ បន្ត​ការគាំទ្រ​ក្នុង​ការបង្កើត​ក្របខ័ណ្ឌ​ការងារ​បទប្បញ្ញត្តិ​ប្រកបដោយ​ភាពល្អប្រសើរ និង​ប្រកប​ដោយ​ប្រសិទ្ធភាព វិស័យ​ឯកជន​បន្ត​រៀនសូត្រ​បន្ថែមទៀត និង​ចាប់យក​អត្ថប្រយោជន៍​ពី​ផ្សារមូលបត្រ​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ សហការ និង​ផ្ដល់​សេវា​ជាប់ទាក់ទង​នឹង​មូលបត្រ និង​សាធារណជន​ចាប់ផ្ដើម​បើកចំហ​ចំពោះ​ការវិនិយោគ​ថ្មីៗ​នេះ​»​។ មូលធននីយកម្ម​​ទីផ្សារ​មាន​ប្រហែល​ ៤៤៣ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ កាលពី​ឆ្នាំ​ ២០១៩ មូលធន​នីយកម្ម​ទីផ្សារ​បាន​កើនឡើង​ ៥៨,៣ ​ភាគរយ​រហូតដល់ ៧០១,៤៥ ​លាន​ដុល្លារ​។ នេះ​បើតាម SECC៕LA