ក្រុង​ហាណូយៈ ទីផ្សារ​មូលបត្រ​​របស់​វៀតណាម​​មាន​​ឱកាស​​​ច្រើន​​ក្នុង​ការ​ដំឡើង​​ឋានៈ​ពី​ទីផ្សារ​កំពុង​​ស្ទុះ​ងើប​ខ្លាំង (frontier market) ទៅ​ជា​ទីផ្សារ​​កំពុង​អភិវឌ្ឍន៍​ខ្លាំង​ (emerging market) នៅ​​ឆ្នាំ​នេះ​។

កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន ផ្សារ​មូលបត្រ​​របស់​វៀតណាម​បាន​ខកខាន​មិន​បាន​ដាក់​​បញ្ចូល​ទៅ​ក្នុង​បញ្ជី​​ឃ្លាំ​មើល​​របស់​ក្រុមហ៊ុន​អាមេរិក​​ Morgan Stanley Capital International (MSCI)​ ដែល​​​​ផ្តល់​​​ព័ត៌មាន​លម្អិត និង​ឧបករណ៍​ដែល​ជំរុញ​​ដល់​ការ​​ការ​ស្រាវជ្រាវ​សម្រាប់​វិនិយោគិន​ជា​ស្ថាប័ន។

ការ​ដាក់​ចូល​ក្នុង​បញ្ជី​នេះ​ ​គឺ​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​​មើល​ឡើង​វិញ​សម្រាប់​ការ​ចាត់​ចំណាត់​ថ្នាក់​ជា​ថ្មី​ដែល​អាច​នឹង​ដំឡើង​ឋានៈ​របស់​ទីផ្សារ​មូលបត្រ​វៀតណាម​ពី​​​​​ទីផ្សារ​កំពុង​​​ស្ទុះ​ងើប​ខ្លាំង​ទៅ​ជា​ទីផ្សារ​​កំពុង​អភិវឌ្ឍន៍​ខ្លាំង​។

ទោះ​យ៉ាង​ណា​ក្តី បើ​យោង​​តាម​​របាយការណ៍​ថ្មី​ៗ​បំផុត​ដែល​ចេញ​ផ្សាយ​​ដោយ​​គណៈ​កម្មការ​​មូលបត្រ​រដ្ឋ ​(SSC) របស់​វៀតណាម ប្រទេស​នេះ​​​ស្ទើរ​តែ​​​​បំពេញ​បាន​ទាំង​ស្រុង​ទៅ​​តាម​​លក្ខខណ្ឌ​​តម្រូវ​ផ្នែក​បរិមាណ​​របស់​ក្រុមហ៊ុន MSCI ​​សម្រាប់​ការ​ដាក់​​បញ្ចូល​​ទៅ​ក្នុង​​បញ្ជី​ឃ្លាំ​មើល​​សម្រាប់​​​ការ​ចាត់​​ចំណាត់​ថ្នាក់​ជា​ថ្មី​​​ដែល​អាច​កើត​មាន​​ឡើង​​​ពេល​អនាគត។

ប្រទេស ​វៀតណាម​ ​មាន​ភាគហ៊ុន​​​ចំនួន ​៧ ​​ដែល​​​បាន​បំពេញ​បាន​​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​បរិមាណ​​របស់​ក្រុមហ៊ុន MSCI ទាក់ទង​នឹង​​ទំហំ ​​និង​សន្ទនីយភាព​ទីផ្សារ។

វៀតណាម​មាន​ភាគហ៊ុន​ចំនួន ​២២ ​​ដែល​​បំពេញ​បាន​​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ក្រុមហ៊ុន MSCI ​​ក្នុង​ផ្នែក​មូល​ធនីយកម្ម​​​ដែល​មាន​ចំនួន ​១,៥៩ ​ពាន់​លាន​ដុល្លារ​អាមេរិក​ រួម​មាន​ទាំង​​ធនាគារ​ពាណិជ្ជ​​អាស៊ី (ACB) ក្រុមហ៊ុន​ផលិត​ទឹក​ដោះគោ Vinamilk (VNM) ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​​ Vingroup (VIC) ក្រុមហ៊ុន​ ​Masan Group (MSN) និង​ក្រុមហ៊ុន​ផលិត​ដែក​ថែប Hoa Phat Group (HPG)។

ពាក់ព័ន្ធ​នឹង​មូល​ធនីយកម្ម​របស់​ភាគហ៊ុន​ដែល​កំពុង​ចរាចរណ៍ ក្រុមហ៊ុន​ MSCI ​បាន​កំណត់​​​ស្តង់ដា​មួយ​ដែល​មាន​ ៧៩៧ ​ហ៊ុន​​សម្រាប់​ទីផ្សារ​​កំពុង​អភិវឌ្ឍន៍​ខ្លាំង​។ ប្រទេស ​វៀតណាម ​​មាន​សហគ្រាស​ចំនួន ​១៦ ​​ដែល​​បំពេញ​បាន​តាម​ស្តង់ដា​នេះ​ ​រួម​មាន​ទាំង​​ក្រុមហ៊ុន ACB ក្រុមហ៊ុន Saigon Hanoi Commercial Joint Stock Bank។

វៀតណាម​​មាន​សហគ្រាស​ចំនួន ​២៧៦ ​​ដែល​មាន​​សន្ទនីយភាព​ភាគហ៊ុន​​ស្មើ​នឹង ​១៥ ​ភាគរយ​នៃ​អនុបាត​តម្លៃ​ជួញដូរ​ប្រចាំ​ឆ្នាំ​ (ATVR) ដែល​ជា​លក្ខណ​វិនិច្ឆ័យ​​​មួយ​ផង​ដែរ​ដែល​​កំណត់​ដោយ​ក្រុមហ៊ុន​ MSCI សម្រាប់​​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ខ្លាំង។

គណៈ​កម្មការ​​មូលបត្រ​រដ្ឋ​បាន​ឲ្យ​ដឹង​​ថា ជា​សំខាន់​ ទីផ្សារ​មូលបត្រ​​របស់​​​វៀតណាម​បាន​​​បំពេញ​បាន​​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​​បរិមាណ​​របស់​ក្រុមហ៊ុន ​MSCI​ ទាក់ទង​នឹង​ទំហំ​​ និង​សន្ទនីយភាព​ទីផ្សារ​។

ទោះ​យ៉ាង​ណា​ក្តី គណៈកម្មការ​​​នេះ​បាន​បន្ថែម​ថា វា​ជា​លក្ខខណ្ឌ​តម្រូវ​ផ្នែក​គុណភាព​​ ដែល​​​​ជា​កត្តា​​សម្រេច​ចិត្ត​សម្រាប់​​ការ​ដំឡើង​ឋានៈ​ទីផ្សារ​ ដែល​​​មិន​មែន​តែ​សម្រាប់​​ការ​ដំឡើង​ឋានៈ​ដែល​ធ្វើ​​ដោយ​ក្រុមហ៊ុន MSCI ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​ក៏​ជា​លក្ខខណ្ឌ​តម្រូវ​របស់​​​​ក្រុមហ៊ុន​ចាត់​​ចំណាត់​ថ្នាក់​​ដទៃ​​ទៀត​ដូច​ជា​ FTSE និង​ S&P ផង​ដែរ៕ ANN/PS