ភ្នំពេញៈ ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ជា​សកលលោក​កំពុង​ធ្វើឲ្យ​ការនាំចេញ​ផលិតផល​ម្រេច GI របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ត្រូវ​ជាប់គាំង​ទាំងស្រុង​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ខណៈ​ម្រេច​កំពត​កំពុង​ប្រឈម​នឹង​កង្វះ​ទីផ្សារ​ស្រាប់​ហើយ​នោះ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ការនាំចេញ​ម្រេច GI កំពត​ត្រូវ​ខកខាន​ទាំងស្រុង​មក​ដល់​ពេលនេះ​។ លោក​បាន​បន្តថា កសិករ​ទាំងអស់​បាន​បង្ខំចិត្ត​ប្រមូលផល​ម្រេច​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដោយ​សង្ឃឹមថា​នឹង​មាន​ការបញ្ជាទិញ​ឡើងវិញ​ពី​ទីផ្សារ​នៅ​អឺរ៉ុប និង​អាមេរិក​ដែល​ជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ឆ្នាំនេះ​យើង​មិនទាន់​បាន​លក់​ចេញ​ម្រេច​បាន​ ១ ​គ្រាប់​ទេ យើង​ពឹង​តែ​ទីផ្សារ​នាំ​ចេញទៅ​អឺរ៉ុប និង​អាមេរិក​សព្វថ្ងៃនេះ​ពួកគេ​កំពុង​ផ្ទុះ​ជំងឺ​កូវីដ អាជីវកម្ម​នៅ​ទីនោះ​ត្រូវ​បិទទ្វារ ដូច្នេះ​គ្មាន​ការបញ្ជាទិញ​នោះទេ​»​។

លោក​បាន​បន្តថា​៖ «​សូម្បី​ទីផ្សារ​ម្រេច​កំពត​ប្រមាណ ៣០ ​ភាគរយ​​ សម្រាប់​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ក៏​លក់​មិន​ចេញ​ដែរ​។ ទោះបី​យ៉ាង​ណា យើង​នៅ​តែ​សង្ឃឹមថា នឹង​មាន​ទីផ្សារ​ឡើងវិញ នៅពេល​ស្ថានភាព​វីរុស​នេះ​ធូរស្រាល​ឡើងវិញ​»​។

លោក​បន្ថែមថា ការប្រមូល​ទិន្នផល​ម្រេច GI ឆ្នាំនេះ​ទទួល​បាន​ប្រហែល ១០០ ​តោន បើ​ធៀប​ឆ្នាំមុន​ទិន្នផល​នេះ​ថយចុះ​តិចតួច​។

បើ​យោងតាម​លោក ងួន ឡាយ ការនាំចេញ​ម្រេច​កំពត​របស់​កម្ពុជា​សម្រេច​បាន​ចំនួន ៧៨​ ​តោន​ នៃ​ទិន្នផល​សរុប ១២០ ​តោន​ កាលពី​ឆ្នាំ​ ២០១៩ ​កន្លងមក​៕ LA