ក្រុង​ប៉េកាំងៈ សមាគម​​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន (CAA​M) បាន​បង្ហាញ​នៅ​ពេល​​​​​ថ្មីៗ​នេះ​ថា ការ​លក់​រថយន្ត​អគ្គិសនី (EV) សុទ្ធ​របស់​ប្រទេស ​ចិន បាន​​កើន​ដល់​ ២៧៨ ០០០ គ្រឿង​​ក្នុង​ពេល ​៤ ខែ​ដំបូង​ឆ្នាំ ​២០១៩ កើន ​៦៥,​២ ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៨។​

កំណើន​ទីផ្សារ ភាព​ចាស់ទុំ​នៃ​ចង្វាក់​​ឧស្សាហកម្ម និង​កំណើន​ការ​វិនិយោគ​ ទាំង​អស់​នេះ​សុទ្ធ​តែ​ចង្អុល​បង្ហាញ​ថា វិស័យ​រថយន្ត​អគ្គិសនី​បាន​ក្លាយ​ជា​ចំណុច​ផ្តោត​មួយ​នៃ​ឧស្សាហកម្ម​ដែល​កំពុង​ស្ទុះ​ងើប​ខ្លាំង​បែប​យុទ្ធសាស្រ្ត​​​របស់​ប្រទេស ចិន​។​

ប្រទេស ​ចិន ​បាន​អនុវត្ត​ផែនការ​ឥណទាន​ទ្វេ​ ដែល​វាយ​តម្លៃ​​ឥណទាន​របស់​ក្រុមហ៊ុន​​ផលិត​រថយន្ត​ ដោយ​ផ្អែក​លើ​​មូលដ្ឋាន​នៃ​​​​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​របស់​​រថយន្ត​ម៉ាស៊ីន​​​សាំង និង​រថយន្ត​ថាមពល​ថ្មី (NEV)​ ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​​ក្នុង​ការ​​​សម្រប​សម្រួល​ដល់​​ការ​អភិវឌ្ឍ​រថយន្ត​ថាមពល​ថ្មី។

យោង​តាម​លោក​ Miao Wei រដ្ឋមន្ត្រី​​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា (MIIT) ​​របស់​ប្រទេស ​ចិន រថយន្ត​ថាមពល​ថ្មី​សរុប​ចំនួន ១,២៥ ​លាន​គ្រឿង ត្រូវ​បាន​លក់​នៅ​​ក្នុង​ប្រទេស ចិន ​កាល​ពី​ឆ្នាំ​​មុន ​កើន​ឡើង​ ៦១​,​៧​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧ ដោយ​នៅ​ក្នុង​ចំណោម​នោះ​រថយន្ត​ ៩៨៤​ ០០០ គ្រឿង​ដំណើរការ​ទាំង​ស្រុង​​ដោយ​អគ្គិសនី​។​

លោក Wang Chuanfu ប្រធាន​​​ក្រុមហ៊ុន​ផលិត​រថយន្ត BYD ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​អគ្គិសនី​មាន​ចំណែក​ទីផ្សារ​តែ​ ១​ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ប្រទេស ​ចិន ​នៅ​ឆ្នាំ ​២០១៥ តែ​បាន​កើន​ឡើង​ដល់​ ៤ ​ភាគរយ ​​នៅ​ឆ្នាំ ២០១៨។ ការ​រីក​ចម្រើន​ដ៏​រហ័ស​បែប​​នេះ​ជា​លក្ខណៈ​ដ៏​ពិសេស​មួយ​​​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​​​ចិន​៕ People''s Daily/​LA​