ទីក្រុង​ហុងកុង: ​ទីផ្សារ​ភាគហ៊ុន​តំបន់​អាស៊ី ​ស្វាគមន៍​ថ្ងៃ​ដំបូង​នៃ​ការ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​របស់​លោក ចូ បៃដិន ដោយ​មាន​ការ​កើន​ឡើង​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​ ដោយសារ​តែ​ក្រុម​វិនិយោគិន​សម្លឹង​មើល​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​សុទិដ្ឋិ​និយម​អំពី​ផែនការ​​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ​និង​កូវីដ​របស់​លោក។​​

ភ្លាមៗ​បន្ទាប់​ពី​ការស្បថ​ចូល​កាន់​ដំណែង​ លោក ​បៃដិន ​បានចុះ​ហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​ជាង​ ១០​ ឯកសារ​ ដែល​​ដោះស្រាយ​គោល​នយោបាយ​មួយ​ចំនួន​របស់​អ្នកកាន់​ដំណែង​មុន​របស់​លោក​ ដែល​រួម​ទាំង​ការចូល​រួមជា​ថ្មី​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក​ ដែល​ក្រុង​អ្នក​សង្កេតការណ៍​និយាយ​ថា នឹង​ជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​បំផ្លាញ​នេះ។​​

លោក​ក៏បាន​ចុះហត្ថ​លេខា​គាំទ្រ​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​ទីក្រុង​ប៉ារីស ​ពន្យា​ពេលការ​រឹបអូស​ទីតាំង​ដាក់​បញ្ចាំ ​និង​ផ្អាក​ការសង​បំណុល​របស់​និស្សិត។​

វិធានការ​នេះ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​រដ្ឋបាល​ថ្មី​សម្លឹង​មើល​ការ​ជំរុញ​តាមរយៈ​កញ្ចប់​ជំនួយ​សង្គ្រោះ​ ១,៩​ ពាន់ពាន់​លាន​ដុល្លារ​ សម្រាប់​សេដ្ឋកិច្ច​ឈាន​មុខគេ​របស់​ពិភព​លោក​មួយ​នេះ ដែល​រុំព័ទ្ធ​ដោយ​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត ​ការ​ទូទាត់​ជា​សាច់ប្រាក់ ​១ ៤០០ ​ដុល្លារ​ ដល់​ប្រជាជន​អាមេរិក​ដែល​ជួបការ​ពិបាក។​​

ក្រុម​វិនិយោគិន​បាន​ស្វាគមន៍​ការជ្រើស​រើស​របស់​លោក​ បៃដិន ​និង​ការ​សន្យា​របស់​លោក​ថា នឹង​ចាប់​ផ្ដើម​កំណើន​ ដែល​បាន​ប៉ះប៉ូវ​ការបារម្ភ​អំពី​ ផែនការ​របស់​លោក​សម្រាប់​ពន្ធ​កាន់​តែ​ខ្ពស់ និង​បទប្ប​ញ្ញត្តិ​ទីផ្សារ​​។​​

នៅ​ក្នុង​សុន្ទរ​កថា ថ្ងៃ​ចូល​កាន់​ដំណែង​របស់​លោក លោក បៃដិន ​បាន​សន្យាថា​ នឹង​ «កសាង​សេដ្ឋកិច្ច​ឡើង​វិញ​» និង​ «​កសាង​ឆ្អឹង​ខ្នង​របស់​ប្រទេស​នេះ​ឡើង​វិញ គឺ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​»។​​

ការ​ជ្រើស​រើស​លោកស្រី Janet Yellen ​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​រតនាគារ​របស់​លោកបាន​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​កើន​ឡើង ​កាល​ពី​ថ្ងៃ​អង្គារ​ តាមរយៈ​ការ​បញ្ជាក់​ពី​ការប្ដេជ្ញា​ចិត្ត​របស់​លោក​ស្រី ក្នុង​ការ​ជំរុញ​តាមរយៈ​កញ្ចប់​លើក​ទឹកចិត្ត ដែល​ប្រាប់​តំណាង​រាស្ដ្រ​ «​ត្រូវ​មាន​មហិច្ឆតា​ធំ» ប្រសិន​បើ​ពួកគេ​ចង់​​សង្គ្រោះ​សេដ្ឋកិច្ច។​​

ក៏មាន​ក្ដី​សង្ឃឹម​ថា លោក​នឹង​លះបង់​ពេល​វេលា​កាន់តែ​ច្រើន​ថែម​ទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៤០០ ០០០​ នាក់ ​នៅ​អាមេរិក​ និង​មនុស្ស​ ២​ លាន​នាក់​ទូទាំងពិ​ភព​លោក​។​​

សន្ទស្សន៍​សំខាន់​ៗ​ទាំង៣​នៅ​តំបន់​ហិរញ្ញ​វត្ថុ Wall Street បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិនធ្លាប់​មាន ហើយ​ក្រុម​វិនិយោ​គិន​អាស៊ី ​បាន​ទទួល​យក​ការទទួល​ខុសត្រូវ​ដោយ​ក្ដីរីករាយ​។

តម្លៃផ្សារ​ហ៊ុន​ហុងកុង ​បានកើន​ឡើង ​៦ ថ្ងៃ​ជាប់​គ្នា ដល់​​ ៣០ ០០០​ ចំណុច ​ជាលើក​ដំបូង​ចាប់​តាំង​ពី​ខែ​មេសា​ ឆ្នាំ​ ២០១៩​។

តម្លៃ​ផ្សារហ៊ុន​តូក្យូ ស៊ាងហៃ ស៊ីដនី សេអ៊ូល សិង្ហបុរី តៃប៉ិ ហ្សាការតា និង​វែល្លីង​តោន ក៏​បាន​កើន​ឡើង​ផងដែរ ទោះ​បីមាន​ការធ្លាក់ចុះ​នៅ​ផ្សារ​ហ៊ុន ម៉ានីល និង​បាងកក​ក្ដី៕​LA​​