ភ្នំពេញៈ ក្រុមហ៊ុន Proparco ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ AFD របស់​ប្រទេស​បារាំង​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ខ្លួន​បាន​ផ្តល់​កម្ចី​បន្ថែម​ចំនួន ១៤ លាន​ដុល្លារ​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ Golden Rice របស់​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​ផលិតកម្ម និង​ដំឡើង​ឡ​ផលិត​ឧស្ម័ន​ពី​អង្កាម​ទំហំ ១ មេហ្គាវ៉ាត់​សម្រាប់​ការផលិត​អគ្គិសនី​។

សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន Proparco ដែល​ជា​ស្ថាប័ន​ជួយ​លើក​កម្ពស់​ការវិនិយោគ​របស់​វិស័យ​ឯកជន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ AFD បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​ ៧ ខែ​មិថុនា ខណៈ​ដែល​ក្រុមហ៊ុន​ផ្ដល់​កម្ចី​មួយ​នេះ​សង្ឃឹម​ថា​កិច្ចព្រមព្រៀង​នេះ​ជំរុញ​ឲ្យ​មាន​បច្ចេកវិទ្យា​នវានុវត្តន៍​ដោយ​គាំទ្រ​ដល់​ថាមពល​កកើត​ឡើង​វិញ និង​ការកាត់បន្ថយ​ការចំណាយ​ទាក់ទង​នឹង​ថាមពល​របស់​ក្រុមហ៊ុន Golden Rice​។

មិនមាន​ព័ត៌មាន​លម្អិត​អំពី​រយៈពេល និង​អត្រា​ការប្រាក់​អាច​រក​បាន​នោះ​ទេ​នៅក្នុង​សេចក្ដី​ប្រកាស​នេះ​។ សេចក្ដី​ប្រកាស​នេះ​គ្រាន់​តែ​បាន​បង្ហាញ​ថា កម្ចី​ថ្មី​នេះ​គឺជា​កម្ចី​លើក​ទី​ ៣ ដែល​ក្រុមហ៊ុន Proparco បាន​ផ្ដល់​ដល់​ក្រុមហ៊ុន Golden Rice បន្ទាប់ពី​កម្ចី​ដំបូង​ចំនួន ៧ លាន​ដុល្លារ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ ២០០៩ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឲ្យ​ប្រតិបត្តិការ​លើក​ដំបូង​។ កម្ចី​លើក​ទី ២ ត្រូវ​បាន​ផ្តល់​កាលពី​ឆ្នាំ​ ២០១៣ នៅពេល​ដែល​ក្រុមហ៊ុន Proparco បាន​ផ្ដល់​កម្ចី ១០ លាន​ដុល្លារ​ផ្សេង​ទៀត​ដល់​ក្រុមហ៊ុន Golden Rice ដើម្បី​ជួយ​ជំរុញ​ការលូតលាស់ និង​ការពង្រីក​​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន​នេះ​។

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) របស់​រដ្ឋ​បាន​បង្កើត​មូលនិធិ​ស្រូវ​សង្គ្រោះ​បន្ទាន់​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន ២៧ លាន​ដុល្លារ​កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៦ ដែល​អនុញ្ញាត​ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​មាន​លទ្ធភាព​ទទួល​បាន​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប ធៀប​នឹង​ធនាគារ​ពាណិជ្ជ​។

វិធានការ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ផ្ទុះ​ការតវ៉ា​ដ៏ធំ​មួយ​ពី​សំណាក់​ក្រុម​កសិករ​ដាំ​ស្រូវ​នៅក្នុង​ខេត្ត​បាត់ដំបង​ដែល​ជា​ខេត្ត​ល្បី​ឈ្មោះ​ខាង​ដាំដុះ​ស្រូវ ដែល​ទទួលរង​គ្រោះ​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​គ្រា​ដែល​មាន​កង្វះ​តម្រូវការ​ពី​អ្នក​ទិញ​។

កាលពី​ខែ​សីហា​ឆ្នាំ ២០១៧ រដ្ឋាភិបាល​បាន​ចាក់បញ្ចូល​សាច់ប្រាក់​ចំនួន ២៣ លាន​ដុល្លារ​ថែម​ទៀត​។ រហូត​មក​ដល់​ខែ​មករា​ឆ្នាំ​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) បាន​ផ្ដល់​កម្ចី​ចំនួន ៣០ លាន​ដុល្លារ​ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​ចំនួន ៣៨៕ LA