ភ្នំពេញៈ ការនាំចេញ​កង់ និង​គ្រឿងបន្លាស់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៤ ​ខែ ដើមឆ្នាំ​ ២០២១ មានតម្លៃ​សរុប​ជិត ២០០ ​លាន​ដុល្លារ​កើនឡើង​ជិត ៥០ ​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង​ ៣២ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ទិន្នន័យ​បានបង្ហាញ​ថា ចាប់ពី​ខែ​មករា​ដល់​ខែមេសា ឆ្នាំ​ ២០២១ ការនាំចេញ​កង់ និង​គ្រឿងបន្លាស់​កង់ មាន​ទឹកប្រាក់ ១៩៩ ០៤១ ៧០៩ ​ដុល្លារ​កើនឡើង ៣២,៣៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ក្នុងនោះ​ការនាំចេញ​កង់​មានតម្លៃ ១៩៨ ៦៦៨ ១៦៣ ​ដុល្លារ កើន ៣២,២៨ ​ភាគរយ និង​គ្រឿងបន្លាស់​កង់ មាន​តម្លៃ ៣៧៣ ៥៤៥,៩៨ ​ដុល្លារ កើន ១១៣,៤៤ ​ភាគរយ​។

កំណើន​នេះ​បង្ហាញថា ការនាំចេញ​កង់​នៅតែ​ជម្នះ​បាន​នូវ​ឧបសគ្គ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​កំពុង​បន្ដ​លុកលុយ​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ប្រទេស​ដែល​នាំចូល​កង់​ច្រើន​ពី​កម្ពុជា រួមមាន អាមេរិក ចក្រភព​អង់គ្លេស អឺរ៉ុប ជប៉ុន កាណាដា ចិន កូរ៉េខាងត្បូង​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

លោក​និយាយថា​៖ «​កត្តា​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​បន្ត​កើនឡើង​នៅ​ដើមឆ្នាំ​នេះ គឺ​ដោយសារ​មានការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យ​អ្នកបញ្ជា​ទិញ​នៅ​បន្ត​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា និង​ទំនុកចិត្ត​របស់​អ្នកបញ្ជា​ទិញ​»​។

បើតាម​លោក ស៊ាង ថៃ សព្វថ្ងៃ កម្ពុជា​មាន​រោងចក្រ​ផលិត​ដំឡើង​កង់​ចំនួន ៦ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ស្វាយរៀង​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការ​អនុគ្រោះ​ពន្ធ EBA នៃ​ផ្នែក​ខ្លះ​របស់​អឺរ៉ុប និង​ពន្ធ​អនុគ្រោះ GSP របស់​អាមេរិក គឺជា​កត្តា​ចម្បង​ក្នុង​ការជំរុញ​ការនាំចេញ​កង់​របស់​កម្ពុជា​ក្នុងអំឡុង​ពេលនេះ​ឱ្យ​បន្ត​ហក់​ឡើង​គួរឱ្យ​កត់សម្គាល់​។

លោក​ឱ្យដឹង​ទៀត​ថា ការរក្សា​ម៉ាក​ពាណិជ្ជកម្ម​កង់​ប្រកប​ដោយ​គុណភាព​ដែល​ផលិត​នៅ​កម្ពុជា​ដែល​បានផ្តល់​ភាពជឿជាក់​ដល់​អ្នកបញ្ជា​ទិញ​ក៏បាន​ជំរុញ​កំណើន​នេះ​ផងដែរ​។

លោក​បាន​បន្ថែមថា​៖ «​ម្យ៉ាងទៀត​ផលិតផល​កង់ គឺ​ទាក់ទង​នឹង​បរិស្ថាន និង​សុខភាព ស្របពេល​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ មនុស្ស​ភាគច្រើន​ចង់​ជិះ​កង់​ហាត់​កីឡា ដូច្នេះ​តម្រូវការ​កង់​នៅ​អាមេរិក និង​អឺរ៉ុប​នៅតែមាន ព្រមទាំង​ដំណើរការ​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​ទ្វេភាគី​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​បាន​រួម​ចំណែក​ជំរុញ​កំណើន​នៃ​ការនាំចេញ​កង់​ផងដែរ​»​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​កង់​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​សរុប ៥២៧,០៨ ​លាន​ដុល្លារ​ កើន ២៧,៧៨ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ចំណែក​ការនាំ​ចូល​កង់​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ ៨,៣៨ ​លាន​ដុល្លារ ធ្លាក់ចុះ ១៩,៣៣ ​ភាគរយ ​ពី​ប្រទេសមួយ​ចំនួន​ដូចជា ជប៉ុន ចិន កោះ​តៃវ៉ាន់ វៀតណាម អាមេរិក ថៃ និង​វៀតណាម​។

យោងតាម Bike-EU.com ដែលជា​គេហទំព័រ​ឯកទេស​ផ្នែក​ឧស្សាហកម្ម​កង់ បានឱ្យដឹងថា កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​កង់​ឈានមុខ​គេ​ទៅ​សហគមន៍​អឺរ៉ុប​តាំងពី​ឆ្នាំ​ ២០១៧ ដោយ​វ៉ា​ដាច់​កោះ​តៃវ៉ាន់ ដែល​កាន់តំណែង​នេះ​ក្នុង​រយៈពេល​ជាង ២ ​ទសវត្សរ៍​៕ LA