ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក​នៅ​បន្ត​ការកើនឡើង​ក្នុង​រយៈពេល ៥ ​ខែ​ដើម​ឆ្នាំ​ ២០២០ នេះ​ដោយ​កើន​ជិត ២៦ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ បើទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​បាន​បន្ត​អូសបន្លាយ​ចាប់តាំងពី​ដើម​ឆ្នាំ​ ២០២០ បាន​ធ្វើឲ្យ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​មួយចំនួន ធ្លាក់ចុះ​ក៏ដោយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក​។

ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៥ ​ខែ ឆ្នាំ​ ២០២០ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​មាន​តម្លៃ​សរុប ២ ៤៨៨,៣ ​លាន​ដុល្លារ​កើនឡើង ១៨,៨២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន​តម្លៃ ២ ០៩៤ ​លាន​ដុល្លារ​។ សម្រាប់​រយៈពេល​ខាងលើ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​អាមេរិក​មាន​តម្លៃ ២ ៣៦៣ ​លាន​ដុល្លារ កើន​ ២៥,៩៤ ​ភាគរយ​ពី​ចំនួន ១ ៨៧៦,២ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ​ ១២៥,៣ ​លាន​ដុល្លារ ធ្លាក់​ធ្លុះ ៤២,៤៧ ​ភាគរយ​ពី​ចំនួន ២១៧,៨ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែ​ឧសភា ឆ្នាំ​ ២០២០ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​មានតម្លៃ​សរុប ៣៥៥,៩ ​លាន​ដុល្លារ​ធ្លាក់​ចុះ ១៩,៥៥ ​ភាគរយ​បើ​ធៀប​នឹង​ខែឧសភា​ឆ្នាំមុន ដែល​មាន​តម្លៃ ៤៤២,៤ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​តម្លៃ ៣៣៨,៨ ​លាន​ដុល្លារ​ធ្លាក់​ចុះ ១៣,៥៩ ​ភាគរយ​ពី ៣៩២,១ ​លាន​ដុល្លារ និង​ការនាំ​ចូល​មានតម្លៃ ១៧,១ ​លាន​ដុល្លារ ធ្លាក់ចុះ ៦៦,០៨ ​ភាគរយ​ពី​ចំនួន ៥០,៣ ​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​អង្គារ​ថា ស្ទើរ​គ្រប់​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​សម្រាប់​នាំចេញ គឺមាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អាមេរិក​។ លោក​បន្តថា កំណើន​នៃ​ការនាំចេញ​រយៈពេល ៥ ​ខែ​ដែល​មាន​រហូត​ដល់​ជិត ២៦ ​ភាគរយ​នេះ​បញ្ជាក់​ថា​ទោះបី​នៅក្នុង​ពេល​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ​ជំងឺ​កូវីដ​១៩ ក៏​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​នៅតែ​អាច​រក្សាបាន​នូវ​ភាពវិជ្ជមាន​។ ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក និង​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ទាំង​ ២ នឹង​មាន​ភាពរឹងមាំ​រហូត​ដល់​ចុង​ឆ្នាំ​ ២០២០ នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា តម្លៃ​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក​ប្រចាំ​ឆ្នាំ​នេះ​នឹង​កើនឡើង​ទៀត​បើ​ធៀប​នឹង​ឆ្នាំមុន ព្រោះ​បន្ទាប់ពី​បិទ​ទីផ្សារ​មួយរយៈ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩ បច្ចុប្បន្ន​ទីផ្សារ​ភាគច្រើន​នៅ​អាមេរិក​បាន​បើក​ឡើង​វិញ​ហើយ​។ អាមេរិក​គឺជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា​»​។

ទាក់ទង​នឹង​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ក្នុង​ខែ​ឧសភា លោក​អះអាង​ថា វា​កើតឡើង​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

យោងតាម​លោក លឹម ហេង កំណើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​នៅពេល​នេះ​គឺ​ចាប់ផ្តើម​រើប​វិញ​ហើយ ពិសេស​ទីផ្សារ​អាមេរិក និង​សហគមន៍​អឺរ៉ុប​។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​ភាគច្រើន គឺជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើ​ដំណើរ និង​គ្រឿងអគ្គិសនី ចំណែក​ទំនិញ​ដែល​អាមេរិក​នាំមក​កម្ពុជា​វិញ​មាន​ដូចជា រថយន្ត គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​សម្រេច​មួយ​ចំនួន​ទៀត​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយ​ថា បញ្ហា​កូវីដ​១៩ បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។ ទិន្នន័យ​បាន​បង្ហាញ​ថា កំណើន​ទំហំ​ពាណិជ្ជកម្ម ពិសេស​ការនាំ​ចេញ​ពី​កម្ពុជា​ទៅ​អាមេរិក ពិតជា​កើនឡើង​ច្រើន​នៅក្នុង​រយៈពេល ៥ ​ខែ​ដំបូង តែបើ​គេ​មើល​ក្នុង​ខែ​ឧសភា ឃើញ​ថា​បាន​ធ្លាក់ចុះ​រហូត​ដល់​ជិត ២០ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​ទិន្នន័យ​នៃ​កំណើន​នាំចេញ​របស់​កម្ពុជា​គឺ​ដោយសារ​ការបញ្ជាទិញ​ទាំងអស់​នោះ​ភាគច្រើន​ត្រូវបាន​ធ្វើឡើង​កាលពី​ចុង​ឆ្នាំ​មុន ហេតុនេះ​ទឹកប្រាក់​ក៏​កើនឡើង​ទៅ​តាម​នោះដែរ​។ ទោះ​យ៉ាងណា​នៅពេល​ចូល​ដល់​ខែ​ឧសភា ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បាន​ធ្លាក់​ចុះមក​យ៉ាងគំហុក​វិញ​ដែល​មូលហេតុ​ចម្បង​តែមួយគត់​នោះ​គឺ​ដោយសារ​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩ នៅ​អាមេរិក​»​។

លោក​បន្ថែមថា ខណៈ​មាន​ការព្យាករ​ថា ស្ថានភាព​ជំងឺ​កូវីដ​១៩ នឹង​បន្ត​រាលដាល​ខ្លាំង​នៅ​អាមេរិក​ពេល​ខាងមុខ ហេតុនេះ​ការបញ្ជាទិញ​ទំនិញ​នឹង​មិន​អាច​ស្ទុះ​ងើបឡើង​វិញ​ភ្លាមៗ​ទេ​។ លោក​បញ្ជាក់​ថា​៖ «​បើ​ស្ថានភាព​ជំងឺ​កូវីដ​នៅតែ​បន្ត​កើនឡើង ការបញ្ជាទិញ​ទំនិញ​ពី​អាមេរិក​នឹង​បន្ត​ថមថយ​​ទៀត បន្ទាប់ពី​ខែ​ឧសភា​»​។

ទោះយ៉ាងណា​លោក វណ្ណៈ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នឹង​នៅ​តែ​ល្អប្រសើរ​»​។

យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ ៥ ៨៧០,៨ លាន​ដុល្លារ​កើន ៣៨,០៥ ​ភាគរយ​ធៀប​នឹង ៤ ២៥២,៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨៕ LA