ភ្នំពេញៈ ទោះបី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក និង​ជំងឺ​កូវីដ​១៩ កំពុង​រីករាលដាល​ក៏ដោយ ក៏​ការនាំ​ចេញ​កៅស៊ូ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ខែ​មេសា​មិនបាន​ធ្លាក់ចុះ​នោះទេ ដោយ​ការនាំចេញ​មាន​ជាង ២២ ​លាន​ដុល្លារ កើន​ជាង ៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា នៅក្នុង​មេសា ឆ្នាំ​ ២០២០ កម្ពុជា​នាំចេញ​កៅស៊ូ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន ១៨ ៦០៤ ​តោន​ កើន ២១,៧៣ ​ភាគរយ​ធៀប​នឹង​ខែមេសា ឆ្នាំ​ ២០១៩ ដែល​មាន​ចំនួន ១៥ ២៨២ ​តោន​។ ចំណែក​កៅស៊ូ​នាំចេញ​ក្នុង​ខែមេសា ឆ្នាំ​ ២០២០ មានតម្លៃ​ជា​មធ្យម ១ ១៩២ ​ដុល្លារ​ ក្នុង​ ១ ​តោន​ ធ្លាក់ចុះ ១២,៦៧ ​ភាគរយ​ធៀប​នឹង​ខែ​មេសា ឆ្នាំ​ ២០១៩ ដែលមាន​តម្លៃ ១ ៣៦៥ ​ដុល្លារ​។

យោង​តាម​របាយការណ៍​ខាងលើ​នៅ​ខែមេសា ឆ្នាំ​ ២០២០ ទឹកប្រាក់​ដែល​កម្ពុជា​ទទួល​បាន​ពី​ការនាំចេញ​កៅស៊ូ​មាន​តម្លៃ ២២,១៧ ​លាន​ដុល្លារ​កើន ៦,៣ ​ភាគរយ​ ពី​ចំនួន ២០,៨៥ ​លាន​ដុល្លារ​កាលពី​ខែមេសា ឆ្នាំ​ ២០១៩​។

លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ទោះបី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ កំពុង​មាន​ឥទ្ធិពល​លើ​ការនាំចេញ​ស្ទើរ​គ្រប់​ផលិតផល​នៅលើ​ពិភពលោក​ក៏ដោយ ប៉ុន្តែ​បរិមាណ​នៃ​ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​ក្នុង​ខែ​មេសា​មិន​បាន​ធ្លាក់ចុះ​ទេ ដោយ​មាន​កំណើន​ប្រមាណ ៥៨ ​ភាគរយ​បើ​ធៀប​នឹង​ខែមីនា ឆ្នាំ​ ២០២០ និង​ជិត​ ២២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ លោក​បន្តថា តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​នៅពេល​នេះ​មិនមាន​ភាពល្អប្រសើរ​ទេ​។

លោក​បាន​និយាយថា​៖ «​ទឹកប្រាក់​នាំចេញ​កើនឡើង​កាលពី​ខែមេសា​គឺ​បាន​មកពី​បរិមាណ​ផលិតកម្ម​របស់​យើង​កើនឡើង​ខ្ពស់​»​។

យោងតាម​ការសិក្សា​របស់​អ្នកជំនាញ​តម្រូវការ​កៅស៊ូ​នៅលើ​ទីផ្សារ​អន្តរជាតិ នឹង​បន្ត​កើនឡើង​រហូតដល់​ឆ្នាំ​ ២០២៤-២០២៥​។ នេះ​បើតាម​ការអះអាង​របស់​លោក សុផា​។

លោក​បន្ថែមថា ខណៈ​បច្ចុប្បន្ន​ផ្ទៃដី​កៅស៊ូ​ប្រមូលផល​កំពុង​កើនឡើង ដូច្នេះ​លោក​រំពឹង​ថា ការនាំចេញ​នឹង​បន្ត​មាន​កំណើន​រហូតដល់​ឆ្នាំ​ ២០២៥​។

កាលពីដើម​ខែមីនា រដ្ឋាភិបាល​បានសម្រេច​កាត់បន្ថយ​ពន្ធ​លើ​ឧស្សាហកម្ម​កៅស៊ូ ដោយសារ​ការធ្លាក់ចុះ​តម្លៃ​លើ​ពិភពលោក​ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​តែ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ៨ ខែ​មីនា បាន​បញ្ជាក់ថា បើ​តម្លៃ​នាំចេញ​កៅស៊ូ​ស្ថិត​នៅ​ក្រោម ១ ៤០០ ​ដុល្លារ ​ក្នុង​ ១ ​តោន រដ្ឋ​នឹងមិន​តម្រូវ​ឲ្យ​បង់ពន្ធ​ទេ ប៉ុន្តែ​បើ​តម្លៃ​ចាប់ពី ១ ៤០០ ​ទៅ ៣ ៥០០ ​ដុល្លារ ​ក្នុង​ ១ ​តោន​នឹង​ត្រូវ​បង់ពន្ធ​ពី ២៥ ទៅ ២០០ ​ដុល្លារ​។

យោង​តាម​របាយការណ៍​របស់ Research and Markets តម្លៃ​កៅស៊ូ​ក្រែប​នឹង​បន្ត​ធ្លាក់​ថ្លៃ​ចាប់ពី​ឆ្នាំនេះ​រហូត​ដល់​ឆ្នាំ​ ២០២១​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​ចិន ​បាន​ប្រើប្រាស់​កៅស៊ូ​ច្រើនជាងគេ​លើ​សកលលោក​ដោយ​មាន​រហូត ៤១ ​ភាគរយ​ នៃ​ផលិតផល​សរុប​លើ​ពិភពលោក​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​កៅស៊ូ ២៨២ ០៧១ ​តោន ​ដែល​មាន​តម្លៃ ៣៧៧ ​លាន​ដុល្លារ កើនឡើង ៣០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ទិន្នន័យ​នេះ​បង្ហាញ​ថា ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​កម្ពុជា​មាន​សរុប ៤០៦ ១៤២ ហិកតា ក្នុងនោះ​កៅស៊ូ​ជាង ២៤៧ ១១៤ ​ហិកតា​ត្រូវបាន​ប្រមូលផល​។

លោក សុផា បាន​អះអាង​ថា​៖ «​ផ្ទៃដី​ដាំ​កៅស៊ូ​ឆ្នាំ​ ២០២០ មិនមាន​ការប្រែប្រួល​ច្រើន​ទេ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ប៉ុន្តែ​ផ្ទៃដី​ប្រមូលផល​ឆ្នាំនេះ​បាន​កើន​ដល់​ជាង ៣១ ​ម៉ឺន​ហិកតា​»៕ LA