ភ្នំពេញៈ ប្រទេស​ ចិន​ នៅតែ​ជា​ប្រភព​ទុនវិនិយោគ​បរទេស (FDI) នាំមុខគេ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ ដែល​ភាគច្រើន​ជាការវិនិយោគ​លើ​វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​ថាមពល​អគ្គិសនី​។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ក្នុង​វេទិកា​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន-អាស៊ាន ដែល​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី ប្រទេស​ ចិន​ កាលពី​ថ្ងៃ​សៅរ៍​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា លំហូរ​ទុនវិនិយោគ​របស់​ចិន មក​ប្រទេស​ កម្ពុជា​ បាន​បន្ត​កើនឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ដែល​ក្នុងនោះ​គ្រាន់តែ​ឆ្នាំ​ ២០១៨ លំហូរ​ទុនវិនិយោគ​ចិន​មក​កម្ពុជា​មាន​ប្រមាណ ៣,៥ ពាន់​លាន​ដុល្លារ​។

លោក សូរស័ក្តិ បាន​ឲ្យ​ដឹងថា ភាពល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីកម្ពុជា​-​ចិន បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការទូត និង​ទំនាក់ទំនង​រវាង​ប្រជាជន​ប្រទេស​ទាំង​ ២ មាន​ភាព​រីកចម្រើន​ជា​លំដាប់​។

លោក​ថ្លែងថា​៖ «​ប្រទេស​ ចិន​ ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​ ១ នៃ​ការវិនិយោគ​នៅ​កម្ពុជា​ដែល​កាលពី​ឆ្នាំ​ ២០១៨ ចិន​មាន ៣ ៥៩៤ លាន​ដុល្លារ​»​។

តាម​លោក​រដ្ឋមន្ត្រី ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ ២ កាលពី​ឆ្នាំមុន​មាន​តម្លៃ​ប្រមាណ ៦ ៤៥៧ ​លាន​ដុល្លារ​។

ក្នុង​រយៈពេល ៥ ​ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ​ ២០១៧ ប្រទេស​ចិន​គឺជា​វិនិយោគិន​ផ្ទាល់​ពី​បរទេស​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ទុនវិនិយោគ​ចំនួន ៥,៣ ​ពាន់​លាន​ដុល្លារ ឬ​ប្រហែល​ ១ ​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ​។ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​កាលពី​ឆ្នាំមុន​។

យោងតាម​ការរកឃើញ​ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ (NIS) នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៤ និង​ឆ្នាំ​ ២០១៤ ប្រទេស​ ចិន​ គឺជា​វិនិយោគិន​ធំជាងគេ​នៅ​កម្ពុជា ដែល​មាន​រហូត​ដល់​ ៤៤ ​ភាគរយ​ នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​ ( FDI) ​មានតម្លៃ​ ១៩,២ ​ពាន់​លាន​ដុល្លារ​។

ទិន្នន័យ​បានបង្ហាញ​ថា ការវិនិយោគ​សរុប​នៅ​កម្ពុជា​បាន​កើនឡើង​ជិត​ ២ ​ដង​ដល់​ចំនួន ៦,២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ដោយ​កើនឡើង​ពី ៣,៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការ​ចូលមក​បណ្តាក់ទុន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​សម្ទុះ​ខ្លាំង​តាំងពី​អំឡុង​ឆ្នាំ​ ២០១៦ មក​ដែល​ការបណ្តាក់ទុន​នេះ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កម្ពុជា ពិសេស​ការបង្កើត​ការងារ​ថ្មីៗ​រាប់ពាន់​កន្លែង​។

លោក​បន្តថា បច្ចុប្បន្ន​កម្ពុជា​បាននិង​កំពុង​រៀបចំ​កែសម្រួល​បែបបទ​នីតិវិធី​ស្មុគស្មាញ និង​ការចំណាយ​ផ្សេងៗ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ របស់​រដ្ឋាភិបាល​ចិន ខ្ញុំ​មាន​ជំនឿ​ថា កំណើន​នៃ​ការ​ចូលមក​បណ្តាក់ទុន​ពី​សំណាក់​វិនិយោគិន​ចិន​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ជា​បន្តទៀត​ក្នុង​ឆ្នាំ​ ២០១៩ នេះ​»​។

បើ​យោងតាម​លោក ប៉ាន សូរស័ក្តិ វិនិយោគិន​ចិន​បាន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​មានដូចជា កាត់ដេរ សំណង់ អគ្គិសនី រោងម៉ាស៊ីន​កិនស្រូវ កសិឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​ធ្យូងថ្ម និង​វិស័យ​ទេសចរណ៍​។

ក្នុងចំណោម​វិស័យ​សំខាន់ៗ​វិស័យ​សំណង់​បាន​កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​ចិន​ច្រើន​ជាង​គេ​ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​នៅក្នុង​គម្រោង​នីមួយៗ​។

លោក ជីវ ស៊ីវផេង អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ឲ្យ​ដឹងថា ការរីកចម្រើន​វិស័យ​សំណង់​របស់​កម្ពុជា​ពេលនេះ​គឺ​បាន​ពី​ការរួមចំណែក​ភាគច្រើន​ពី​ការវិនិយោគ​របស់​ចិន​។

លោក​បន្តថា​៖ «​ជាមួយ​នឹង​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច វិស័យ​សំណង់​នឹង​បន្ត​រីកចម្រើន​រឹងមាំ​យូរ​ទៅមុខទៀត​»​។ លោក​បន្ថែម​ថា​៖​ «​ការចូល​មក​បណ្តាក់ទុន​ពី​សំណាក់​វិនិយោគិន​ចិន មិន​ត្រឹម​តែ​ជួយ​បង្កើត​ការងារ​ថ្មីៗ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ប្រាក់ចំណូល​ពី​ការបង់ពន្ធ​ផងដែរ​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចាប់ពី​ដើមឆ្នាំ​ ២០១៩ មក​មាន​គម្រោង​វិនិយោគ​របស់​វិនិយោគិន​ចិន​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ ស្បែកជើង កាបូប រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ធ្យូងថ្ម និង​សំណង់​ធំៗ​ជាដើម​៕ LA