ភ្នំពេញៈ ទុនវិនិយោគវិស័យសំណង់កម្ពុជាក្នុងឆ្នាំ ២០១៩ នេះមានតម្លៃប្រមាណជាង ៩ ពាន់លានដុល្លារ កើនឡើងជិត ៨០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៨ ដែលកំណើនភាគច្រើនបានមកពីការសាងសង់នៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងឱកាសចូលរួមពិធីបើកសន្និបាតបូកសរុបការងារលើកទី ៨ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ ២០១៩ នៅកោះពេជ្រកាលពីម្សិលមិញលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិយាយថា វិស័យសំណង់នៅកម្ពុជាបានបន្តការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាក់ស្តែងកម្ពុជាដែលពីមុនមានអគារខ្ពស់បំផុតត្រឹម ៥-៦ ជាន់ បច្ចុប្បន្នមានអគារកម្ពស់រហូតដល់ ៥៥ ជាន់។
លោកបន្តថា កំណើនសេដ្ឋកិច្ច និងការបណ្តាក់ទុនថ្មីៗគឺជាមូលហេតុដែលជំរុញឲ្យមានការសាងសង់លេចឡើងជាបន្តបន្ទាប់។ ទុនវិនិយោគដែលកើនឡើងជិត ៨០ ភាគរយក្នុងឆ្នាំនេះគឺបានមកពីការរួមចំណែកដ៏ច្រើនរបស់អ្នកវិនិយោគចិននៅក្នុងខេត្តព្រះសីហនុដែលគម្រោងភាគច្រើនរបស់ចិន។
លោកថ្លែងថា៖ «ទុនវិនិយោគវិស័យសំណង់ឆ្នាំ ២០១៩ នេះមានចំនួន ៩,៣ ពាន់លានដុល្លារ នៅទូទាំងប្រទេស ហើយបើប្រៀបធៀបជាមួយទុនដែលបានកត់ត្រាក្នុងឆ្នាំ ២០១៨ គឺមានកំណើនរហូតដល់ ៧៨ ភាគរយ អ៊ីចឹងគឺមានទំហំធំណាស់នៅឆ្នាំនេះ»។
ទោះយ៉ាងណាលោកក៏បានស្នើឲ្យប្រជាពលរដ្ឋចូលរួមខិតខំអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែប្រសើរបន្ថែមទៀត។ លោកបន្តថា៖ «សូមខិតខំរួមចំណែកក្នុងការគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសដែលមានមោទនភាព ស្ថិរភាព និងជាប្រទេសដែលគេចាត់ទុកជាកន្លែងដែលអាចទទួលយកនូវបរិយាកាសវិនិយោគពីគ្រប់ទិសទីលើពិភពលោកដោយមិនមែនតែចិនទេ គឺទទួលយកការវិនិយោគនៅគ្រប់ទីកន្លែងលើពិភពលោក»។
តាមរយៈការរីកចម្រើនវិស័យសំណង់នេះលោក ជា សុផារ៉ា បានអះអាងថា វិស័យនេះកំពុងរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតឱកាសការងារថ្មីៗ ដើម្បីជួយទប់ស្កាត់លំហូរចេញរបស់ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសផងដែរ។
លោក ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានប្រាប់ថា វិស័យសំណង់កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ការរីកចម្រើននៃវិស័យសំណង់បានជំរុញឲ្យក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើនចាប់អារម្មណ៍ក្នុងការចូលមកវិនិយោគដោយផ្ទាល់ ឬស្វែងរកដៃគូក្នុងការបញ្ចេញទុនវិនិយោគនៅកម្ពុជា។ លោកបានបន្តថា ទោះយ៉ាងណា ទន្ទឹមនឹងការរីកចម្រើននេះក្រុមហ៊ុន ឬអ្នកសាងសង់ទាំងអស់ក៏ត្រូវតែគោរពច្បាប់សាងសង់នៅកម្ពុជាដែរ។
លោកលើកឡើងថា៖ «ក្នុងនាមសមាគមអ្នកសាងសង់កម្ពុជា ខ្ញុំក៏សូមអំពាវនាវដល់អ្នកសាងសង់នៅកម្ពុជាទាំងអស់ សូមធ្វើការគោរពច្បាប់សំណង់ឲ្យបានត្រឹមត្រូវ និងអ្នកផ្គត់ផ្គង់សម្ភារសំណង់ទាំងអស់ធ្វើការផលិត និងនាំចូលតែសម្ភារ បរិក្ខារ និងគ្រឿងសំណង់ណាដែលមានគុណភាព និងបច្ចេកវិទ្យាទំនើបៗ ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា កំណើនខ្ពស់នៃទុនវិនិយោគក្នុងឆ្នាំនេះបានផ្តល់នូវផលវិជ្ជមានជាច្រើនទៅដល់ផ្នែកពាក់ព័ន្ធ ដែលមានដូចជា អ្នកក្នុងវិស័យអចលនទ្រព្យ អ្នកសាងសង់ ក្រុមហ៊ុនផលិត និងក្រុមហ៊ុននាំចូលជាដើម។ លោកបន្តថា កំណើននេះអាចនឹងបន្តច្រើនឆ្នាំជាបន្តទៀត។
លោកថ្លែងថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះវិស័យសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជា»។
បើតាមលោក សុខនីម នៅក្នុងឆ្នាំ ២០១៩ នេះ តម្លៃអចលនទ្រព្យនៅទូទាំងប្រទេសបានកើនឡើងជាមធ្យមក្នុងរង្វង់ ១៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨។
លោក សូត្រ សុវត្តិ បុគ្គលិកផ្នែកលក់ក្រុមហ៊ុន PEB ដែលផ្គត់ផ្គង់ដែកនាំចូលពីប្រទេស វៀតណាម បាននិយាយថា នៅក្នុងឆ្នាំ ២០១៩ នេះ ការលក់របស់ក្រុមហ៊ុនមានកំណើនជិត ៣ ដង បើធៀបនឹងឆ្នាំ ២០១៨។ លោកបន្តថាក្នុងឆ្នាំ ២០១៩ នេះបរិមាណដែកដែល PEB ផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជាមានប្រមាណ ៦ ពាន់តោន។
ទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៩ នៅកម្ពុជាមានក្រុមហ៊ុនដែលបានចុះបញ្ជី និងមានសុពលភាពកំពុងប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់ សរុបចំនួន ១ ០៨១ ដោយក្នុងនោះក្រុមហ៊ុនបរទេសមានចំនួន ៤៨៥ ក្រុមហ៊ុនដែលមកពីប្រទេសមួយចំនួនដូចជា ចិន កូរ៉េ ថៃ សិង្ហបុរី បារាំង អង់គ្លេស និងអាមេរិក ជាដើម៕ LA