ភ្នំពេញ: លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានស្នើឲ្យក្រុមហ៊ុន KTIS Group ដែលជាក្រុមហ៊ុនកសិឧស្សាហកម្មដ៏ធំរបស់ប្រទេសថៃពង្រីកការវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដោយបង្កើតរោងចក្រផលិតសារធាតុអេតាណុល និងស្រាវីស្គីនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគ្រាស KTIS Group ក្នុងសប្តាហ៍មុន លោក សោភ័ណ បានស្នើសុំឲ្យតំណាងក្រុមហ៊ុននេះធ្វើការពង្រីកប្រតិបត្តិការធុរកិច្ចទៅកាន់ប្រទេសកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីតំបន់សេដ្ឋកិច្ចពិសេសនានា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា-ចិនដែលនឹងត្រូវចុះហត្ថលេខាក្នុងឆ្នាំនេះ។
លោកថ្លែងថា៖ «ជាការឆ្លើយតបតំណាងក្រុមហ៊ុន KTIS បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើការបង្កើតរោងចក្រផលិតសារធាតុអេតាណុល និងស្រាវីស្គីនៅកម្ពុជា»។
អ្នកស្រី ច័ន្ទ ដាវី ស្ថាបនិកក្រុមហ៊ុន Far East Import Export Co., Ltd ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងស្រាវីស្គីក្នុងស្រុកសម្រាប់នាំចេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ការទទួលបានគម្រោងវិនិយោគនេះនឹងមិនប៉ះពាល់ដល់ទីផ្សារក្នុងស្រុកនោះទេ។ អ្នកស្រីបន្តថា គម្រោងនេះជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំយល់ថាការវិនិយោគលើការបង្កើតរោងចក្រផលិតស្រានៅកម្ពុជានឹងមិនប៉ះពាល់ដល់ទីផ្សារស្រាក្នុងស្រុកនោះទេ យើងមានផលិតផលកាន់តែច្រើន ភាពប្រកួតប្រជែងទីផ្សារកាន់តែល្អ»។
អ្នកស្រី ដាវី បានឲ្យដឹងថា ដោយសារបញ្ហាជំងឺកូវីដ ១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការសាងសង់រោងចក្រផលិតស្រារបស់ក្រុមហ៊ុនអ្នកស្រី។
កាលពីខែមេសាឆ្នាំនេះលោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការទាក់ទាញវិនិយោគិននៅក្នុងស្រុក និងបរទេស និងលើកទឹកចិត្តចំពោះការវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃម្ហូបអាហារ និងភេសជ្ជៈគ្រប់ប្រភេទដើម្បីកាត់បន្ថយការនាំចូល។
លោកបានបញ្ជាក់ថា៖ «ជាការពិតផលិតផលស្រាមិនមែនជាផលិតផលចាំបាច់នោះទេ ប៉ុន្តែប្រសិនបើតម្រូវការទាំងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញនៅតែមាន និងអាចប្រកួតប្រជែងបាន កម្ពុជាគួរតែអនុញ្ញាតឲ្យមានការបង្កើតរោងចក្រប្រភេទនេះតាមលទ្ធភាពនៃការវិនិយោគ»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមេសា បានសម្រេចអនុម័តលើគម្រោងសាងសង់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈមួយដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលវិនិយោគដោយក្រុមហ៊ុន Hanuman Beverages Co., Ltd ដែលមានទុនវិនិយោគ ១៦០,៦ លានដុល្លារ។
របាយការណ៍ក្រសួងបង្ហាញថា ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលចុះបញ្ជីនៅកម្ពុជាមានចំនួន ១០៕ LA