ភ្នំពេញ: ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លោក ឡុង ឌីម៉ង់ បាន​ស្នើឱ្យ​ក្រុមហ៊ុន Harim Corporation ដែល​ចែកចាយ​សាច់មាន់ និង​ម្ហូប​អាហារ​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង បោះទុន​វិនិយោគ​បង្កើត​រោងចក្រ​ចំណី​សត្វ​នៅ​កម្ពុជា​។

លោក ឡុង ឌីម៉ង់ បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ចែកចាយ​សាច់មាន់​លំដាប់​ទី​១ ដែល​បាន​កាន់កាប់​ចំណែក​ទីផ្សារ​ ៧០ ​ភាគរយ​នៅ​កូរ៉េ ហើយ​ក្រុមហ៊ុន​នេះ​បាន​ផ្គត់ផ្គង់​សាច់មាន់​ជា​មធ្យម ៦៥ ​ម៉ឺន​ក្បាល​ក្នុង​ ១ ​ថ្ងៃ និង​ ១,៣ លាន​ក្បាល​ក្នុង​ ១ ​ថ្ងៃ ​នៅក្នុង​រដូវក្តៅ​ក្នុង​ទីផ្សារ​ប្រទេស​នេះ​។

លោក​បន្តថា​៖ «​ខ្ញុំ​បាន​ស្នើសុំ​ឱ្យ​គាត់​សម្លឹងមើល​ការវិនិយោគ​បង្កើត​រោងចក្រ ផលិត​ចំណី​សត្វ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​នាំចេញ​មក​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​ចិញ្ចឹម​មាន់​របស់គាត់​នៅ​កូរ៉េ​»​។

លោក​បានឱ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បាន​បោះទុន​យ៉ាងច្រើន​លើ​បច្ចេកវិទ្យា​ និង​ការរក្សា​គុណភាព​សាច់មាន់​ឱ្យនៅ​ស្រស់​ល្អ​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​សម្តែង​ការស្វាគមន៍​ចំពោះ​ការស្នើឱ្យ​ក្រុមហ៊ុន​ធំៗ​លំដាប់​អន្តរជាតិ​មក​វិនិយោគ​នៅ​កម្ពុជា​លើ​ការផលិត​ចំណី ហើយ​បើ​បាន​នាំចេញ​សាច់មាន់​កាន់តែ​ប្រសើរ​។

លោក​និយាយថា​៖ «​ការចិញ្ចឹម​មាន់​មិនសូវ​ផ្តល់​អំណោយផល​នោះទេ ព្រោះ​ការចិញ្ចឹម​មាន់​យក​សាច់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​យើង​វា​លើស​តម្រូវការ​ហើយ ប៉ុន្តែ​ប្រសិន​បើ​គាត់​វិនិយោគ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ដើម្បី​ផលិត​នាំ​ចេញទៅ​កូរ៉េ​វិញ​វា​ជា​រឿង​ល្អ​ដែល​នឹង​បង្កើត​ឱកាស​ការងារ​ឱ្យ​ប្រជាពលរដ្ឋ និង​បង្កើត​ជា​ទីផ្សារ​សម្រាប់​វត្ថុធាតុដើម​សម្រាប់​ផលិត​ជា​ចំណី​សត្វ​»​។

បើ​តាម​លោក ពៅ តម្រូវការ​ទីផ្សារ​សាច់មាន់​នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក​ជា​មធ្យម​ចន្លោះ​ពី ១២០ ០០០ ​ក្បាល​ ទៅ ១៣០ ០០០ ក្បាល​ ក្នុង​ ១ ​ថ្ងៃ ប៉ុន្តែ​ការផ្គត់ផ្គង់​សាច់មាន់​លើស​តម្រូវការ​រហូត​ដល់ ១៥០ ០០០ ​ក្បាល ​ដោយ​មិន​គិតពី​ការនាំ​ចូល​សាច់មាន់​ពី​ប្រទេស​ជិតខាង​នោះទេ​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម ប្រជាជន​កម្ពុជា​បាន​បរិភោគ​សាច់​ចំនួន ២៩០ ០០០ តោន​ កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ការផ្គត់ផ្គង់​មាន​ចំនួន ២៤០ ០០០ តោន​ប៉ុណ្ណោះ​។ ក្នុងចំណោម​បរិមាណ​សាច់​សរុប សាច់មាន់​ និង​ទា​មាន​ចំណែក ២០ ភាគរយ សាច់គោ ២៧ ​ភាគរយ និង​សាច់ជ្រូក ៥៧ ​ភាគរយ​។

ក្រសួង​កសិកម្ម មាន​ផែនការ​ជំរុញ​ការផលិត​សាច់​ពាហនៈ​ចំនួន ៣៣៥ ០០០ តោន ក្នុង​ ឆ្នាំ​ ២០៣០ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំចូល​៕ LA