
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេស NBC ថ្លែងក្នុងពិធីផ្សព្វផ្សាយគម្រោង ការទូទាត់តាម QR Code រវាងកម្ពុជា និងថៃ ម្សិលមិញ។ ហ៊ឹន ពីសី
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសធនាគារនៅកម្ពុជា ៣ ធ្វើជាធនាគារទំនាក់ទំនងនៅប្រទេស ថៃ សម្រាប់ការទូទាត់តាមរយៈ QR Code រវាងកម្ពុជា និងថៃ ដែលអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ នេះ។ នេះបើតាមថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា។
ធនាគារទាំង ៣ នោះរួមមាន ធនាគារអេស៊ីលីដា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និងធនាគារកម្ពុជាពាណិជ្ជ។
ថ្លែងក្នុងពិធីផ្សព្វផ្សាយគម្រោង «ការទូទាត់តាមរយៈ QR Code រវាងកម្ពុជា និងថៃ» កាលពីថ្ងៃម្សិលមិញ លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា នេះជាដំណើរវិវឌ្ឍន៍មួយដែលកើតចេញពីការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីថៃនាពេលកន្លងមក។
លោកស្រីបន្តថា ការប្រើប្រាស់ QR Code នឹងផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់ប្រទេស កម្ពុជា ដូចជា ជួយធ្វើឲ្យការប្រើប្រាស់ប្រាក់រៀលបានកាន់តែច្រើន សម្រួលដល់អ្នកដែលមិនចង់កាន់សាច់ប្រាក់ទៅប្រទេស ថៃ បង្ការការបាត់បង់ដោយសារអំពើចោរកម្ម និងចៀសផុតពីហានិភ័យពីការប្រែប្រួលអត្រាប្តូរប្រាក់។
លោកស្រីថ្លែងថា៖ «យើងចង់ឲ្យប្រជាជនខ្មែរដែលធ្វើដំណើរទៅប្រទេស ថៃ និងប្រជាជន ថៃ ដែលធ្វើដំណើរមកកម្ពុជា មានលទ្ធភាពធ្វើការទូទាត់ជាមួយគ្នាទៅវិញទៅមកបានដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ផ្ទាល់»។
ធនាគារជាតិនៃកម្ពុជាកាលពីខែកុម្ភៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារកណ្តាលថៃ ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងផ្នែកនវានុវត្តភាពហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់» ដែលមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេវាទូទាត់ ដើម្បីជំរុញប្រសិទ្ធភាព និងសុវត្ថិភាពប្រតិបត្តិការទូទាត់ឆ្លងដែន និងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។
លោកស្រីបន្តថា ដោយសារនៅពេលនេះធនាគារជាតិនៃកម្ពុជាជ្រើសរើសយកធនាគារចំនួន ៣ ធ្វើជា Sponsoring Bank នោះ ដូច្នេះប្រសិនបើគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត មានបំណងចង់ផ្តល់លទ្ធភាពឲ្យអតិថិជនរបស់ខ្លួនអាចប្រើសេវាកម្មនេះបាន ត្រូវតែទាក់ទងធនាគារណាមួយក្នុងចំណោមធនាគារទាំង ៣ ខាងលើ។
បច្ចុប្បន្នធនាគារជាតិនៃកម្ពុជាក៏កំពុងតែសិក្សាពង្រីកការប្រើប្រាស់ប្រព័ន្ធនេះទៅប្រទេសជិតខាងផ្សេងទៀតដូចជា វៀតណាម និងឡាវផងដែរ។ នេះបើតាមលោកស្រី ជា សិរី។
លោក ឆឹង វណ្ណា នាយកការិយាល័យគ្រប់គ្រងគម្រោងធនាគារអេស៊ីលីដា បាននិយាយថា ការទូទាត់តាមរយៈ QR Code នឹងចូលរួមចំណែកក្នុងការជួយពង្រឹកទំនុកចិត្ត និងភាពងាយស្រួលសម្រាប់អតិថិជននៅកម្ពុជាក្នុងការធ្វើដំណើរទៅប្រទេស ថៃ។ លោកបន្តថា បច្ចុប្បន្នធនាគារ អេស៊ីលីដា កំពុងមានទំនាក់ទំនងជាមួយធនាគារចំនួន ៤ នៅក្នុងប្រទេស ថៃ ដើម្បីសម្រួលដល់ការងារទូទាត់តាមរយៈ QR Code នេះ។
លោក Dith Sochal ប្រធានគ្រប់គ្រងទូទៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB បានឲ្យដឹងថា សម្រាប់ប្រតិបត្តិទូទាត់ឆ្លងដែននឹងចូលរួមក្នុងការធ្វើទំនើបកម្មការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាជាមួយប្រទេស ថៃ ព្រមទាំងជួយធ្វើឲ្យការប្រើប្រាស់ប្រាក់រៀលក្នុងចរន្តសេដ្ឋកិច្ចជាតិកើនឡើងផងដែរ។ ការកាត់បន្ថយការប្រើប្រាស់រូបិយបណ្ណបរទេស ដោយងាកមកប្រើប្រាស់ប្រាក់រៀលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានកំណើនឆាប់រហ័ស និងមានភាពរឹងមាំបន្ថែមទៀត។
លោកថ្លែងថា៖ «យើងសង្ឃឹមថាគម្រោងនេះនឹងទទួលបានការគាំទ្រពេញលេញពីសំណាក់គ្រឹះហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា»៕ LA