ភ្នំពេញៈ ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ដំ​ណើរ​កម្សាន្ត​ទៅ​​ក្រៅ​ប្រទេស​បាន​បន្ត​កើន​ឡើង​​​ជា​ប្រចាំ​ឆ្នាំ​ ដែល​​បាន​កើន​​​ដល់​ជិត ២ លាន​នាក់​កាល​​ពី​ឆ្នាំ​មុន ជា​អ្វី​ដែល​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​លើក​ឡើង​ថា​ ដោយ​សារ​ ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​​​ការ​ចាយ​វាយ​ទៅ​លើ​សេវា​កម្សាន្ត​របស់​ប្រជាជន​​ថ្នាក់​​​កណ្តាល។

របាយ​ការណ៍​ឆ្នាំ​ ២០១៨ របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​ បង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​​កើន​ឡើង​ដល់ ១,​៨១ ​លាន​នាក់​ នៅ​អំឡុង​ខែ​មករា ​ដល់​​ខែ​វិច្ឆិកា កាល​ពី​ឆ្នាំ ​២០១៨ ​កើន​ឡើង ​១២ ​​ភាគរយ​ធៀប​នឹង​រយៈ​ពេល​មួយ​ឆ្នាំ ​​២០១៧ ​ដែល​​មាន​ចំនួន​ ១,៦ ​​លាន​​នាក់។ កាល​ពី​ឆ្នាំ ​២០១៦​ ចំនួន​​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន ​១,៣ ​លាន​នាក់។​

លោក​ស្រី ​ឆៃ​ ស៊ីវលីន ​ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA) ​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា និន្នាការ​ដែល​​ប្រជាជន​កម្ពុជា​ធ្វើ​ដំណើរ​​ទៅ​ក្រៅ​ប្រទេស​កំពុង​កើន​ឡើង​ ដោយ​សារ​តែ​កំណើន​​ប្រជាជន​មាន​​ប្រាក់​ចំណូល​មធ្យម ​ហើយ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​កំពុង​ទទួល​​បាន​ប្រាក់​ចំណូល​ខ្ពស់​ និង​​កម្រិត​ជីវភាព​កាន់​តែ​ប្រសើរ​។

លោក​ស្រី​ថ្លែង​ថា​៖ «​នៅ​ពេល​ប្រជាជន​​អាច​បំពេញ​តម្រូវ​ការ​មូលដ្ឋាន​របស់​ពួក​គេ​ដូច​ជា អាហារ និង​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ ​បន្ទាប់​មក​ពួក​គេ​ហ៊ាន​ចំណាយ​បន្ថែម​ទៀត​លើ​សកម្មភាព​កម្សាន្ដ​»។ លោក​ស្រី​បន្ថែម​ថា ប្រជាជន​​ចង់​មើល​ឃើញ​ការ​អភិវឌ្ឍ​ របស់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ និង​រៀន​សូត្រ​ពី​ការ​អភិវឌ្ឍ​នេះ។

លោក​ស្រី​បញ្ជាក់​ថា​៖ «​នៅ​ពេល​ប្រជាជន​​មាន​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ពួក​គេ​អាច​អង្កេត​​ការ​អភិវឌ្ឍ នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ពួក​គេ​អង្កេត​គំនិត​ពាណិជ្ជកម្ម​ថ្មី​ៗ​ ពួក​គេ​អាច​រៀន​សូត្រ​ពី​វា​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ​»។​

លោកស្រី​ ស៊ីវលីន ​ឲ្យ​ដឹង​ថា​ ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ គឺ​តាម​រយៈ​ទី​ភ្នាក់ងារ​ទេសចរណ៍​។ ពួក​គេ​ភាគ​ច្រើន​​​ទៅ​​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន​ ដូច​ជា ​ថៃ ​ម៉ាឡេស៊ី ​និង​សិង្ហបុរី ដែល​ពួក​គេ​​​នឹង​ចំណាយ​ប្រាក់​ប្រហែល​ពី ​៥០​០ ​​ដុល្លារ​ទៅ​ ៧០០ ​ដុល្លារ​ក្នុង​ដំណើរ​កម្សាន្ត ​១ លើក​។

លោក​ស្រី​បន្ថែម​ថា ​មាន​និន្នាការ​កើន​ឡើង​រហ័ស​នៃ​ភ្ញៀវ​ទេសចរ​ទៅ​ក្រៅ​ប្រទេស ​ទៅ​ចិន ​កូរ៉េខាង​ត្បូង ​ជប៉ុន ​ឌូបៃ​ និង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ផង​ដែរ។

លោក​ស្រី ​ស្រ៊ាត​ មុំសុភា ​ស្ថាបនិក​​ក្រុមហ៊ុន​ Sophiya Travel & Tour​s បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​​លោក​ស្រី​រៀបចំ​ការ​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន​ឡើង​ៗ ​សម្រាប់​ផែនការ​កម្សាន្ត​របស់​ប្រជាជន​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ ហើយ​​ពួក​គេ​ភាគ​ច្រើន​ចង់​ធ្វើ​ដំណើរ​ជា​ក្រុម​ធំ​ៗ​។​

ដោយ​មាន​កំណើន​​ប្រាក់​ចំណូល​​ និង​ការ​ពេញ​និយម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម​ លោក​ស្រី ​សុភា ​បាន​កត់​សម្គាល់​ថា ​របៀប​រស់​នៅ​របស់​ប្រជាជន​​កម្ពុជា​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ហើយ​​ប្រជាជន​កាន់​តែ​ច្រើន​ចង់​បង្អួត​ពីរ​បៀប​​រស់​នៅ​របស់​ពួក​គេ​តាមរយៈ​ការ​បង្ហោះ​ទី​កន្លែង​ដែល​ពួក​គេ​ទស្សនា​​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​។​

លោក​ស្រី​បន្ថែម​ថា ​និន្នាការ​ថ្មី ជំរុញ​​ឲ្យ​ប្រជាជន​ធ្វើ​តាម​គ្នា​ និង​បបួល​អ្នក​​ផ្សេង​ទៀត​ទៅ​ស្វែង​យល់​ផ្នែក​ផ្សេង​​ទៀត​របស់​ពិភព​លោក​។

លោក​ស្រី​បញ្ជាក់​ថា​៖ «​សម្រាប់​ពាណិជ្ជករ​ ពួក​គេ​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន ពួក​គេ​​ទៅ​ប្រទេស​ផ្សេង​ៗ​ច្រើន​ ពួក​គេ​ឃើញ​និន្នាការ​អាជីវកម្ម​កាន់​តែ​ច្រើន​ផង​ដែរ​។ ពួក​គេ​អង្កេត​គំនិត​ថ្មី និង​យក​មក​​អនុវត្ត​ចំពោះ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​នៅ​​ក្នុង​ប្រទេស​»។​

លោក ​ស៊្រឺ ​ស្រេង បុគ្គលិក​នៅ​​ក្រុមហ៊ុន​ឯកជន​នៅ​ទីក្រុង​ភ្នំពេញ​​បាន​គ្រោង​នឹង​ទស្សនា​ប្រទេស​ ជប៉ុន​ នៅ​ខែ​​មីនា ឆ្នាំ​នេះ ​ជាមួយ​​ឪពុក​​លោក បន្ទាប់​មក​ពួក​គេ​នឹង​ទៅ​​ទស្សនា​ស្ទើរ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​អាស៊ាន។

លោក​បញ្ជាក់​ថា​៖​ «​យើង​មិន​ទាន់​មាន ​​អី​ខ្លាំង​ទេ តែ​​យើង​ឲ្យ​តម្លៃ​ដល់​​ការ​​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ ជីវភាព​​យើង​​ ក៏​​ល្អ​ជាង​មុន​ដែរ​ អ៊ីចឹង​​​យើង​​មាន​លទ្ធភាព​ចំណាយ​ឲ្យ​ឪពុក​ម្តាយ​យើង​​ដើរ​លេង​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​»​៕LA