ភ្នំពេញៈ ឧស្សាហកម្មទេសចរណ៍របស់កម្ពុជាអាចសន្សំប្រាក់បន្ថែមបានប្រហែល ៤០០ លានដុល្លារ ប្រសិនបើមានការគ្រប់គ្រងល្អប្រសើរលើការនាំចូលផលិតផលបម្រើឲ្យវិស័យទេសចរណ៍។ នេះបើតាមរដ្ឋមន្ដ្រីក្រសួងទេសចរណ៍។
ថ្លែងក្នុងសន្និបាតផ្ទៃក្នុងរបស់ក្រសួង ហើយត្រូវបានបង្ហោះនៅលើ Facebook កាលពីម្សិលមិញលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ប្រសិនបើកម្ពុជាអាចកាត់បន្ថយការនាំចូលផលិតផលដែលបម្រើក្នុងវិស័យទេសចរណ៍បាន ១០ ភាគរយ កម្ពុជាអាចសន្សំប្រាក់បានប្រហែល ៤០០ លានដុល្លារសម្រាប់ចំណូលជាតិ។
លោករដ្ឋមន្ដ្រីបានឲ្យដឹងថា ការប្រើប្រាស់ផលិតផលក្នុងស្រុក នៅក្នុងវិស័យទេសចរណ៍ គឺដើរតួនាទីដ៏សំខាន់មួយក្នុងការជំរុញស្ថិរភាព និងកំណើនសេដ្ឋកិច្ច។ លោកថ្លែងថា៖ «បើកម្ពុជា [អាចកាត់បន្ថយ] ផលិតផលនាំចូល ១០ ភាគរយ យើងនឹងទទួលបានប្រហែល ៤០០ លានដុល្លារ»។
លោក ថោង ខុន ឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបាននាំចូលផលិតផលដែលបម្រើឲ្យវិស័យទេសចរណ៍ ២៥ ភាគរយ ដែលរួមមាន ស្រាតម្លៃខ្ពស់ បន្លែ សាច់ និងសូម្បីតែគ្រឿងសង្ហារិមសម្រាប់សណ្ឋាគារ។
វិស័យទេសចរណ៍របស់កម្ពុជា រកប្រាក់ចំណូលបាន ៤,៣៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន ហើយរំពឹងថា នឹងរកប្រាក់ចំណូលបាន ៥ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០។
ប្រទេស កម្ពុជា រកបានប្រាក់ជាង ៣៥,៩៥ លានដុល្លារពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរនៅត្រីមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ៩,៣៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី ឆៃ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាបានមើលឃើញកង្វះការផលិតក្នុងស្រុក រហូតមកដល់ពេលនេះ ខណៈកំណើននៃការមកដល់ភ្ញៀវទេសចរបន្តកើនឡើង។
លោកស្រីឲ្យដឹងថា ការលើកកម្ពស់ផលិតផលក្នុងស្រុកមានសារៈសំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
លោកស្រីបន្តថា៖ «ដូចដែលយើងបានដឹងរួចហើយ ចំនួនភ្ញៀវទេសចរបរទេសបន្តកើនឡើង ហើយតម្រូវការមានច្រើនជាងការផ្គត់ផ្គង់ ដូច្នេះប្រទេសនេះចាំបាច់ត្រូវប្រើប្រាស់ផលិតផលផ្សេងទៀតដើម្បីជំនួសតម្រូវការ»។
លោកស្រីបន្តថា៖ «ប្រសិនបើយើងអាចកាត់បន្ថយផលិតផលនាំចូល និងលើកកម្ពស់ផលិតផលក្នុងស្រុកដោយមានគុណភាពល្អ ខ្ញុំពិតជាជឿជាក់ថា វានឹងជួយក្នុងការបង្កើនកេរ្តិ៍ឈ្មោះប្រទេស និងទាក់ទាញបេះដូងភ្ញៀវទេសចរឲ្យស្នាក់នៅកាន់តែយូរ»។
ទិន្នន័យកាលពី ២-៣ ឆ្នាំមុន បង្ហាញថា កម្ពុជាប្រើប្រាស់បន្លែ ៥០០ តោនក្នុង ១ ថ្ងៃ ជាមួយនឹងការចំណាយប្រចាំថ្ងៃចន្លោះពី ២០០ ០០០ ដុល្លារទៅ ៣០០ ០០០ ដុល្លារ ខណៈការនាំចូលផ្លែឈើ និងបន្លែប្រហែល ៤០ ភាគរយ ដោយចំណាយប្រចាំឆ្នាំប្រហែល ២០០ លានដុល្លារ ភាគច្រើនមកពីវៀតណាម។
លោក លូ ម៉េង សហប្រធានក្រុមការងារវិស័យទេសចរណ៍ឯកជន រដ្ឋាភិបាល បានឲ្យដឹងថា វិស័យទេសចរណ៍បាត់បង់ប្រាក់ចំណេញជាច្រើន ខណៈភាគច្រើននៃសណ្ឋាគារយីហោអន្តរជាតិ ប្រើប្រាស់ផលិតផលនាំចូល។
លោកបានថ្លែងថា៖ «នោះជាការពិតហើយ ដូចដែលខ្ញុំបានកត់សម្គាល់ភាគច្រើននៃសណ្ឋាគារយីហោអន្តរជាតិ ប្រើប្រាស់ស្ទើរតែផលិតផលនាំចូលពីបរទេស ដែលប្រទេសរបស់យើងបាត់បង់ឱកាសក្នុងការរកប្រាក់ចំណេញ»។
លោកបានបន្តថា៖ «ដំបូងយើងគួរតែបង្ហាញដល់ក្រុមវិនិយោគិន ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុកជាមុន មុនពេលនាំចូល ហើយរដ្ឋាភិបាលគួរតែផ្ដល់ការលើកទឹកចិត្តសម្រាប់អ្នកដែលប្រើប្រាស់ផលិតផលក្នុងស្រុក វាជាអ្នកដើរតួនាទីដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ផលិតផលរបស់យើង»៕ LA