ភ្នំពេញៈ ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​ដែល​ធ្វើ​ដំ​ណើរ​គោល​ដៅ​ទេស​ចរណ៍​សំ​ខាន់​ៗ​ ក្នុង​ឱ​កាស​បុណ្យ​អុំ​ទូក ​រយៈ​ពេល​ ៣ ​ថ្ងៃ​នេះ​ត្រូ​វ​បាន​គេ​រំ​ពឹង​ថា​នឹង​មាន​ច្រើន​ជាង​ឆ្នាំ​ទៅ ​ខណៈ​អ្នក​ពាក់​ព័ន្ធ​អះ​អាង​ថា​ កន្លែង​ស្នាក់​នៅ​ត្រូវ​បាន​​កក់​ស្ទើរ​អស់​ទាំង​ស្រុង​គិត​មក​ដល់​ពេល​នេះ​។

តំ​បន់​ភូមិ​ភាគ​ឦ​សាន ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ជាប់​មាត់​សមុទ្រ​​ ត្រូវ​បាន​គេ​រំ​ពឹង​​ថា នឹង​​​ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរ​កាន់​​តែ​ច្រើន​ក្នុង​អំ​ឡុង​ពេល​នេះ​។

កញ្ញា​ ស្រី ​ល័ក្ខ ​អ្នក​ទទួល​ភ្ញៀវ​​សណ្ឋា​គារ ​Angkor​ Pal ​Boutique ​Hotel ​ក្នុង​ក្រុង​សៀម​រាប​បាន​ឲ្យ​ដឹង​ថា បន្ទប់​សណ្ឋា​គារ​​ជិត​ ៨០ ​ភាគ​រយ​ត្រូវ​បាន​កក់​មក​ដល់​ពេល​នេះ​។​

ស្រី ​ល័ក្ខ​ និ​យាយ​ថា៖​ «​នៅ​​ប៉ុ​ន្មាន​​​ថ្ងៃ​ទៀត ​​អុំ​ទូក​នឹង​ចាប់​​ផ្តើម​ ប៉ុ​ន្តែ​​ពេល​នេះ​បន្ទប់​ចំ​នួន​ ២៦ ​ក្នុង​ចំ​ណោម​ ៣៣ ត្រូវ​បាន​កក់​អស់​ហើយ​​ដោយ​ភាគ​ច្រើន​​​ជា​អតិ​ថិ​ជន​​ក្នុង​ស្រុក​»​។

បើ​ទោះ​បី​ការ​កក់​បន្ទប់​ស្នាក់​នៅ​មាន​ភាព​មមា​ញឹក​ជាង​ឆ្នាំ​មុន​ក៏​ដោយ ក៏​កញ្ញា ស្រី ល័ក្ខ ​បាន​ប្រាប់​ថា តម្លៃ​មិន​មាន​កើន​ឡើង​នោះ​ទេ។ កញ្ញា​បន្ត​ថា៖​ «​ក្នុង​​ឱកាស​​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​​តម្លៃ​បន្ទប់​ស្នាក់​នៅ​របស់​Angkor Pal Boutique Hotel មិន​កើន​នោះ​ទេ​ព្រោះ​បច្ចុ​ប្បន្ន​​មាន​សណ្ឋា​គារ​ និង​ផ្ទះ​សំ​ណាក់​​​ស្ទើរ​គ្រប់​ទី​កន្លែង​»។

អ្នក​ស្រី ​មីុ សុ​គន្ធា អ្នក​គ្រប់​គ្រង​ផ្ទះ​សំ​ណាក់ ​Avocado Guesthouse ក្នុង​ក្រុង​​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គិរី បាន​ប្រាប់​ថា ផ្ទះ​សំ​ណាក់​អ្នក​ស្រី​ដែល​មាន​ជាង​ ១០ ​បន្ទប់​ ត្រូវ​​កក់​អស់​ហើយ។ អ្នក​ស្រី​បន្ត​ថា​៖ «​​មាន​ភ្ញៀវ​ជា​ច្រើន​បាន​ [ទូរ​ស័ព្ទ​​] មក​​កក់​​​រៀង​រាល់​ថ្ងៃ​»។

អ្នក​​ស្រី​រំ​ពឹង​ថា ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​​មក​ទស្សនា​ខេត្ត​មណ្ឌ​ល​គិ​រី​ ឆ្នាំ​នេះ​អាច​កើន​ឡើង​ខ្ពស់​ដោយ​សារ​កត្តា​ធំ​ៗ​​ចំ​នួន​ ២ គឺ​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​ប្រ​សើរ​ និង​ភ្ញៀវ​មួយ​ចំ​នួន​ងាក​ចេញ​ពី​តំ​បន់​មាត់​សមុទ្រ​ខេត្ត​ព្រះ​សី​ហ​នុ​។​

អ្នក​ទទួល​ខុស​ត្រូវ​ផ្ទះ​សំ​ណាក់​ ជន​ជាតិ​ (​Chuncheat House Eco-Lodge) ដែល​មាន​​ ១៦​ បន្ទប់​ នៅ​ខេត្ត​មណ្ឌ​ល​គិរី បាន​ឲ្យ​ដឹង​ថា ផ្ទះ​សំ​ណាក់​​​នេះ​ត្រូវ​បាន​​​កក់​អស់​តាំង​ពី​ជាង​ ១ ​ខែ​មក​ហើយ ដោយ​មាន​​​តម្លៃ​ចាប់​ពី​ជាង​ ២០​ ដុល្លារ​ រហូត​ដល់​ ៥០​ ដុល្លារ។ កញ្ញា​ប្រាប់​​​ថា៖​ «​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ នឹង​មាន​ភ្ញៀវ​ជា​​ច្រើន​មក​ទស្សនា​តំ​បន់​ភូមិ​ភាគ​ឦ​សាន ព្រោះ​ខ្ញុំ​ដឹង​ថា​ សណ្ឋា​គារ​ និង​ផ្ទះ​សំ​ណាក់​ត្រូវ​បាន​អ​តិ​ថិ​ជន​កក់​ស្ទើរ​អស់​ទៅ​ហើយ​»។

អ្នក​គ្រប់​គ្រង​ផ្ទះ​សំ​ណាក់​ បុរី​ បូក​គោ​ អ្នក​ស្រី អឹុង ​សុ​ម៉ា​លី ​បាន​ឲ្យ​ដឹ​ង​ថា ​ខេត្ត​កំ​ពត​នៅ​តែ​បង្ហាញ​ពី​កំ​ណើន​​ក្នុង​រយៈ​ពេល​ ២ ​ឆ្នាំ​ចុង​​ក្រោយ​នេះ។

អ្នក​ស្រី​ថ្លែង​ថា៖​ «​ផ្ទះ​សំ​ណាក់​របស់​​ខ្ញុំ​ត្រូវ​អ​តិ​ថិ​ជន​កក់​អស់​ហើយ។ ជា​ធម្មតា​នៅ​ពេល​មាន​​ពិ​ធី​បុណ្យ​ជាតិ​ម្តង​ៗ​នៅ​​​ក្រុង​​កំ​ពត​មិន​មាន​សល់​កន្លែង​ស្នាក់​នៅ​នោះ​ទេ​»។​

លោក ​សយ​ ស៊ី​ណុល​ ប្រ​ធាន​​មន្ទីរ​ទេស​ចរណ៍​ខេត្ត​កំ​ពត​ បាន​ឲ្យ​ដឹង​ថា បន្ទប់​សណ្ឋា​គារ ​និង​ផ្ទះ​សំ​ណាក់​នៅ​កំ​ពត មាន​ជាង​ ៣,០០០​ បន្ទប់​។

ខណៈ​​កន្លែង​ស្នាក់​នៅ​តាម​តំ​បន់​ទេស​ចរណ៍​​ភាគ​ច្រើន​ត្រូវ​​​អ​តិ​ថិ​ជន​​កក់​ជា​បន្ត​បន្ទាប់​នោះ​ អ្នក​ធ្វើ​ការ​ក្នុង​វិ​ស័យ​នេះ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​បាន​អះ​អាង​ថា ទិដ្ឋ​ភាព​បែប​នេះ​មិន​បាន​កើន​ឡើង​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​នោះ​ឡើយ​។

លោក​ សុខ​ សូ​វុឌ្ឍ​ស៊ី​ណា អ្នក​ទទួល​​ភ្ញៀវ​ Onederz Hostel Sihanoukville នៅ​​ក្រុង​ព្រះ​សី​ហ​នុ​ បាន​លើក​ឡើង​ថា ​មក​ដល់​ពេល​នេះ​ក​ន្លែង​របស់​លោក​មិន​ទាន់​បាន​ទទួល​ការ​កក់​នៅ​ឡើយ​ទេ​សម្រាប់​ ពិធី​​បុណ្យ​អុំ​ទូក​ខាង​មុខ​នេះ​។

លោក​ថ្លែង​ថា៖​ «​​ខ្ញុំ​គិត​ថា​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ដែល​មក​កក់​បន្ទប់​ស្នាក់​នៅ​សម្រាប់​​អុំ​ទូក​ខាង​មុខ​ក្នុង​​​ខេត្ត​ព្រះ​សី​ហ​នុ​​មិន​កើន​ឡើង​នោះ​ទេ ព្រោះ​​ភ្ញៀវ​ក្នុង​ស្រុក​ភាគ​ច្រើន​បាន​នាំ​គ្នា​ប្តូរ​ទី​កម្សាន្ត​ពី​ទី​នេះ​ទៅ​កន្លែង​ផ្សេង​ៗ​»​។​

លោក​ តាំង​ សុ​ចិត្រ​គ្រឹះ​ស្នា ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សី​ហ​នុ មាន​ប្រ​សាសន៍​ថា ខណៈ​ដែល​​​អត្រា​កំ​ណើន​​​ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក ​ដែល​ទៅ​ទស្សនា​ខេត្ត​ព្រះ​សី​ហ​នុ នា​​​អំ​ឡុង​ពិ​ធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​មាន​ការ​​ធ្លាក់​ចុះ​ ប៉ុ​ន្តែ​លោក​សង្ឃឹម​​ថា ចំ​នួន​នេះ​នឹង​កើន​ឡើង​វិញ​នៅ​ក្នុង​ឱ​កាស​បុណ្យ​អុំ​ទូក​។

លោក​ថ្លែង​​ថា៖ ​«សម្រាប់​ពិ​ធី​បុណ្យ​អុំ​ទូ​ក​ខាង​មុខ​​ ខ្ញុំ​រំ​ពឹង​ថា​​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ ពិ​សេស​ទេស​ចរ​​ក្នុង​ស្រុក​ ដែល​មក​សម្រា​ក​កម្សាន្ត​​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​នឹង​មាន​កំ​ណើន​ខ្ពស់​ ខណៈ​​អា​ជ្ញា​ធរ​កំ​ពុង​ខិត​ខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​​ហេដ្ឋា​រចនា​សម្ព័ន្ធ ​បរិ​ស្ថាន​ និង​សន្តិ​សុខ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​មាន​ភាព​ល្អ​ប្រ​សើរ​​»​​។​

បើ​យោង​តាម​លោក​ សុ​ចិត្រ​គ្រឹះ​ស្នា ប​ច្ចុ​ប្បន្ន​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​មាន​បន្ទប់​សណ្ឋា​គារ​​ប្រ​ហែ​​ល​ ៤,០០០ ​បន្ទប់ និង​​ផ្ទះ​សំ​ណាក់​​ប្រ​ហែល ​៤,០០​០​​​ បន្ទប់​៕ LA