
ទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំ ២០១៩ បានកើនឡើងជិត ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលនៅតែបន្តនាំមុខដោយជនជាតិចិនក្នុងកំណើនរហូតដល់ជាង ៣០ ភាគរយ ។ នេះបើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍។
ទិន្នន័យបង្ហាញថាក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមាន ១,២៤ លាននាក់ កើនឡើង ៩,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ សម្រាប់ខែកុម្ភៈកម្ពុជាទទួលបានភ្ញៀវទេសចរ ៥៩៧ ៤៨៣ នាក់កើនឡើង ១០ ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៨ ។
ភ្ញៀវទេសចរចិនបានបន្តនាំមុខគេដោយមានចំនួន ៤១៨ ៥៧២ នាក់កើនឡើង ៣១,៧ ភាគរយនិងតាមពីក្រោយដោយភ្ញៀវវៀតណាមដែលមាន ១២៤ ២៦៦ នាក់ កើនឡើង ១,៧ ភាគរយ។ របាយការណ៍បង្ហាញ ទេសចរឡាវឈរនៅលំដាប់ទី ៣ ដែលមាន ចំនួន ៨៦ ៥០៥ នាក់ កើនឡើង ១៣ ភាគរយ។
ដោយឡែកភ្ញៀវទេសចរជនជាតិកូរ៉េដែលមានចំនួន ៧២ ៨៦៧ នាក់បានថយចុះ ១៩,៦ ភាគរយ។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បាននិយាយថាកម្ពុជាមានកន្លែងទេសចរណ៍ដែលមានភាពទាក់ទាញជាច្រើន ពិសេសតំបន់ប្រាសាទក្នុងខេត្តសៀមរាប។
លោកបន្តថានៅពេលនេះកម្ពុជាក៏កំពុងខិតខំបង្កើតផលិតផលសម្រាប់វិស័យទេសចរណ៍ថ្មីៗបានយ៉ាងច្រើនផងដែរដូចជា រមណីយដ្ឋានអេកូទេសចរណ៍ សហគមទេសចរណ៍ជាដើម។
លោកថ្លែងថា៖ «ស្ថិរភាពនយោបាយ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ និងមានសុខសុវត្ថិភាពល្អគឺជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវឲ្យចូលមកទស្សនាកម្ពុជា»។
ទាក់ទងនឹងកំណើនចំនួនភ្ញៀវទេសចរជនជាតិចិនមកកម្ពុជាលោក សុភ័ក បានលើកឡើងថាចំនួននេះ បើធៀបជាមួយនឹងប្រទេសក្នុងតំបន់គឺកម្ពុជានៅមានចំនួនតិចណាស់ ។
កាលពីឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរកម្សាន្តនៅទូទាំងពិភពលោកមានចំនួនរហូតដល់ ១២៥ លាននាក់ ក្នុងនោះកម្ពុជាទទួលបានតែប្រមាណ ២ លាននាក់ប៉ុណ្ណោះ។ លោកបន្តថា៖ «ភ្ញៀវទេសចរចិនគឺជាទីផ្សារធំសម្រាប់ទេសចរណ៍អន្តរជាតិ ដូច្នេះយើងត្រូវតែខិតខំទាក់ទាញភ្ញៀវទេសចរចិនឲ្យបានច្រើនបន្ថែមទៀត» ។
សម្រាប់ឆ្នាំ ២០១៩ នេះកម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៦ លាននាក់។ នេះបើតាមលោក សុភ័ក ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការកើនឡើងចំនួនភ្ញៀវទេសចរ ពិសេសជនជាតិចិននៅកម្ពុជាអាចដោយសារកត្តាមួយចំនួនដូចជា បរិយាកាសនៃនយោបាយការបរទេសចំនួនការវិនិយោគ គោលនយោបាយបើកចំហជើងមេឃ ការពង្រឹងផ្នែកសេវាកម្ម និងផលិតផលថ្មីក្នុងវិស័យទេសចរណ៍។
លោកថ្លែងថា៖ «ខ្ញុំគិតថាកម្ពុជានឹងអាចទទួលបានកំណើនភ្ញៀវទេសចរដូចការរំពឹងទុករបស់ក្រសួងទេសចរណ៍»។
នៅខែមីនា កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសកំពូល ២ រូបដែលមកទស្សនាប្រាសាទអង្គរវត្តកម្ពុជានោះគឺ លោក ជែក ម៉ា មហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លាររបស់ចិន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន៕