ភ្នំពេញៈ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​ ៦ ​លាន​នាក់​ នៅ​ឆ្នាំ​ ២០១៩ កើនឡើង​ ៦,៦ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា​។

ទិន្នន័យ​បានបង្ហាញ​ថា នៅ​ឆ្នាំ​ ២០១៩ ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ដែល​ធ្វើដំណើរ​មក​កម្ពុជា​មាន​ចំនួន ៦,៦១ ​លាន​នាក់​ កើនឡើង ៦,៦ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៦,២០ ​លាន​នាក់​។

ទិន្នន័យ​បង្ហាញថា ចិន​នៅតែ​បន្ត​នាំមុខ​ក្នុងចំណោម​ទេសចរ​បរទេស ដែល​មាន​ចំនួន ២,៣ ៦ លាន​ កើនឡើង ១៦,៧ ​ភាគរយ​ ភ្ញៀវ​វៀតណាម​មាន ៩០៨ ៨០៣ ​នាក់​ កើន ១៣,៦ ភាគរយ ថៃ ៤៦៦ ៤៩៣ ​នាក់ កើនឡើង​ ២២ ​ភាគរយ ឡាវ​ ៣៦៣ ៩៥១ ​នាក់ ​ថយចុះ​ ១៤,៦ ​ភាគរយ និង​កូរ៉េខាងត្បូង​មាន​ចំនួន ២៥៤ ៨៧៤ នាក់​ ថយចុះ ១៥,៥​ ភាគរយ​។

ដោយឡែក​ភ្ញៀវទេសចរ​ផ្សេងទៀត​រួមមាន អាមេរិក ២៤៨ ៨៦៣ ​នាក់ ថយចុះ ០,៨ ​ភាគរយ ជប៉ុន ២០៧ ៦៣៦ ​នាក់ ថយចុះ​ ១,៣ ​ភាគរយ និង​ម៉ាឡេស៊ី​មាន​ចំនួន ២០៣ ០០៨ ​នាក់ កើនឡើង​ ០,៩ ​ភាគរយ​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ១ ខែ​កុម្ភៈ​បាន​និយាយ​ថា ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន​ក្តី ក៏​កម្ពុជា​នៅតែ​អាច​រក្សាបាន​នូវ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​មាន​ចំនួន ២,០១ ​លាន​នាក់ កើនឡើង ២,០១ ​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ភ្នំពេញ​គឺជា​កន្លែង​ដែល​ទទួលបាន​ភ្ញៀវទេសចរ​អន្ដរជាតិ​ច្រើន​ជាងគេ ដោយ​មាន​ចំនួន ៤,៤ ​លាន​នាក់ កើនឡើង​ ២២ ​ភាគរយ​ធៀបនឹង​ឆ្នាំ​ ២០១៨​។ តំបន់​សៀមរាប​អង្គរ​ទទួល​បាន​ទេសចរ​អន្ដរជាតិ​ ២,២ ​លាន​នាក់ ថយចុះ​ ១៤,៩ ​ភាគរយ តំបន់​ឆ្នេរ​សមុទ្រ ទទួល​បាន​ភ្ញៀវទេសចរ​អន្ដរជាតិ ១,២ ​លាន​នាក់​នាក់​កើនឡើង ៣៧,៣ ​ភាគរយ​។

ចំណែក​តំបន់​អេកូទេសចរណ៍​ភូមិភាគ​ឦសាន​ទទួលបាន​ភ្ញៀវទេសចរ​អន្ដរជាតិ ៨១ ៥៨៨​ នាក់ កើនឡើង​ ៨,៦ ​ភាគរយ និង​តំបន់​ប្រាសាទព្រះវិហារ ទទួល​បាន​ទេសចរ​អន្ដរជាតិ​នាក់​ ៥៤ ៦០៦ ថយចុះ​ ៣,៥ ​ភាគរយ​។

ទោះយ៉ាងណា​អត្រាកំណើន ​៦,៦ ​ភាគរយ ​ក្នុង​ឆ្នាំ​ ២០១៩ បើ​ធៀប​នឹង​រយៈពេល ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ​ឃើញ​ថា​គឺជា​ឆ្នាំ​ដែល​មាន​អត្រាកំណើន​ស្ថិត​ក្នុង​កម្រិត​ទាប​ជាងគេ​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​ ២០១៧ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មាន​ចំនួន ៥,៦០ ​លាន​នាក់ កើនឡើង ១១,៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែលមាន​ចំនួន ៥,០១ ​លាន​នាក់ ចំណែក​ឆ្នាំ​ ២០១៨ ភ្ញៀវទេសចរ​មាន​ចំនួន ៦,២០ ​លាន​នាក់ កើនឡើង​ ១០,៧ ​ភាគរយ​។

លោក ជុក ជំនោរ អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ខណៈ​អត្រាកំណើន​នៃ​ចំនួន​ភ្ញៀវទេសចរ​នៅលើ​ពិភពលោក​ធ្លាក់ចុះ​ពី​ក្នុង​រង្វង់​ ៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨ មក​នៅត្រឹម​ ៣ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ នោះ​ការទទួល​បាន​កំណើន​ភ្ញៀវទេសចរ​នៅ​កម្ពុជា​ក្នុង​អត្រា​ជាង ៦ ​ភាគរយ​នេះ​គឺ​អាច​និយាយថា ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ទោះបី​វិស័យ​ទេសចរណ៍​នៅលើ​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហាលំបាក​មួយចំនួន​ក៏ដោយ ប៉ុន្តែ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នៅតែ​បង្ហាញ​ពី​ភាពល្អប្រសើរ​ដដែល​»​។

បើ​តាម​លោក ជំនោរ របាយការណ៍​ស្តីពី​វិស័យ​ទេសចរណ៍​លើ​ពិភពលោក គេ​បាន​ចាត់ទុក​ថា វិស័យ​ទេសចរណ៍​ក្នុង​ពិភពលោក​មិនមាន​ភាព​ល្អប្រសើរ​ទេ​ក្នុង​ឆ្នាំ​ ២០១៩ ដោយសារ​វា​មាន​ឧបសគ្គ​មួយ​ចំនួន​ដូចជា ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន វិបត្តិ​នៅ​តំបន់​មជ្ឈិមបូព៌ា ការធ្លាក់ចុះ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ធំៗ និង​កត្តា​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

បើទោះបី​ជា​មិនបាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ក្នុង​ការទទួល​បាន​កំណើន​ខ្ពស់​ឡើងវិញ​នៅក្នុង​ឆ្នាំ​ ២០២០ ក៏ដោយ​លោក ជំនោរ បាន​និយាយ​ថា​៖ «​សម្រាប់​ឆ្នាំ​ ២០២០ នេះ​ក្រសួង​ទេសចរណ៍​ក៏​បាននិង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​បង្កើន​ភាពទាក់ទាញ​ឲ្យ​មក​ទស្សនា​កម្ពុជា​បាន​កាន់តែច្រើន​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ឲ្យ​ដឹងថា បើទោះបី​ជា​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា​នៅតែ​មាន​កំណើន តែ​កម្ពុជា​ក៏​ត្រូវ​ការចាំបាច់​បន្ត និង​ពង្រីក​កិច្ចសហការ​រវាង​អាជ្ញាធរ និង​វិស័យ​ឯកជន​ឲ្យ​បាន​កាន់តែ​ខ្លាំង​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​អន្តរជាតិ​ដើម្បី​បង្ហាញ​ពី​សក្តានុពល និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​អន្តរជាតិ មាន​ភាពចាំបាច់​ណាស់​សម្រាប់​កម្ពុជា​»​។

ទោះបី​យ៉ាងនេះ​ក្តី​លោក​បានដាក់​ក្តីបារម្ភ​ថា ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចេញ​ពី​ទី​ក្រូងវូហាន​ប្រទេស​ចិន​នៅពេល​នេះ​ក៏​ជា​ចំណែក​មួយ​ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ផង​ដែរ​៕LA