The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទេសចរ​បរទេស​មក​កម្ពុជា​៥ខែ​កើន​ឡើង​២០​ភាគរយ

ទេសចរ​បរទេស​មក​កម្ពុជា​៥ខែ​កើន​ឡើង​២០​ភាគរយ

ទេសចរ​បរទេស​មក​កម្ពុជា​៥ខែ​កើន​ឡើង​២០​ភាគរយ

ភ្នំពេញៈ ភ្ញៀវ​ទេសចរ​បរទេស​មក​ដល់​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះ បាន​កើន​ឡើង​ដល់​១,៨​លាន​នាក់ គឺ​កើន​ឡើង​២០​ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ ដែល​ភាគ​ច្រើន​មក​ពី​តំបន់​អាស៊ី។

លោក ហូ វណ្ណឌី សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​បាន​ថ្លែង​ថា ការ​ទាក់​ទាញ​ដ៏​សំខាន់​សម្រាប់​ទេសចរ​មក​កម្ពុជា​ត្រូវ​បាន​រួម​ចំណែក​តាម​រយៈ​ការ​បើក​គោល​នយោបាយ ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទំនាក់​ទំនង​ការ​ទូត​ល្អ​ជាមួយ នឹង​បណ្ដា​ប្រទេស​នានា។ លោក​បន្ត​ថា៖ «វា​កំពុង​ឆ្លុះ​បញ្ចាំង​ពី​សហ​ប្រតិបត្តិការ​ដ៏​ល្អ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល និង វិស័យ​ឯកជន​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា»។

លោក​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​បរទេស​របស់​យើង​ភាគ​ច្រើន​គឺ​មក​ពី​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជា​ពិសេស​តំបន់​អាស៊ី​ដែល​មាន​ចំនួន​ប្រហែល​៦០​ភាគរយ។

ស្ថិតិ​ថ្មីៗ​នេះ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​វៀតណាម​កំពុង​នាំ​មុខ​គេ​ក្នុង​អំឡុង​ពេល​នេះ​ដែល​មាន​ចំនួន​សរុប​៣៤២ ១១២​នាក់​បន្ទាប់​មក​គឺ​ភ្ញៀវ​ទេសចរ​កូរ៉េ​មាន​ចំនួន ២១៥ ២៥៤​នាក់​និង​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​១៣១ ០៦០​នាក់។ ការ​មក​ដល់​តាម​ជើង​ហោះហើរ បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ ដែល​មាន​ចំនួន​សរុប​ប្រហែល​៤៩​ភាគរយ ខណៈ​ចំនួន​នៅ​សល់​មក​តាម​ផ្លូវ​គោក​និង​ផ្លូវ​ទឹក។

របាយ​ការណ៍​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មួយ​ឈាន​មុខ​គេ​ដែល​ហៅ​ថា CDRI បង្ហាញ​ថា​វិស័យ​ទេសចរ​ផ្ដល់​ការងារ​ផ្ទាល់​ដល់​មនុស្ស ៣៥០ ០០០​នាក់ និង​បន្ថែម​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​។ កាល​ពី​ឆ្នាំ​មុន វិស័យ​នេះ​នាំ​ប្រាក់​ចំណូល​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ប្រហែល​២​ពាន់​លាន​ដុល្លារ។

អ្នក​រកស៊ី​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ថ្លែង​ថា មាន​សញ្ញា​ថា វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ធ្វើ​ពិពិធកម្ម​ក្នុង​ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ និង​ទេសចរណ៍​ធម្មជាតិ​ដោយ​មាន​ការ​អភិវឌ្ឍ​កោះ​ជា​ច្រើន​ក្នុង​ការ​បើក​ឱកាស​ថ្មីៗ​នៅ​ក្នុង​វិស័យ​នេះ។​លោក ហូ វណ្ណឌី បាន​លើក​ឡើង​ថា​៖ «និន្នាការ​នេះ​នឹង​បន្ត​កើន​ឡើង។ ប្រសិន​បើ​បញ្ហា​នៅ​ក្នុង​សេដ្ឋកិច្ច​ប្រទេស​លោក​ខាង​លិច​ធ្វើ​ឲ្យ ប្រសើរ​ឡើង​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​ពី​ទី​នោះ​នឹង​កើន​ឡើង​ផង​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍