ភ្នំពេញៈ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​​ទស្សនា​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​​ក្នុង​ឱកាស​បុណ្យ ចូល​ឆ្នាំ​ចិន​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​​ ខណៈ​ខេត្ត​នៅ​ជាប់​​មាត់​សមុទ្រ​ហាក់​មិន​សូវ​​​បង្ហាញ​​ពី​​​សញ្ញា​​វិជ្ជមាន​​នោះ​ទេ​​។ នេះ​បើ​តាម​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​។

លោក ង៉ែត ពិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បាន​និយាយ​​ថា សម្រាប់​រយៈ​ពេល​ ៣ ថ្ងៃ​ក្នុង​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​​នេះ​ ខេត្ត​រតនគិរី​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​​ជាង​ ២ ​ម៉ឺន​នាក់​ មាន​កំណើន​ ៨,១៩ ភាគរយ​ បើ​ធៀប​​នឹង​​ឆ្នាំ​មុន​។

លោក​ថ្លែង​​ថា៖ «​កំណើន​ភ្ញៀវ​ទេសចរ​នៅ​ភូមិ​ភាគឦសាន​ដោយ​សារ​កម្ពុជា​មាន​សន្តិសុខ​ល្អ ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​ កំណើន​សេដ្ឋកិច្ច និង​ជា​តំបន់​ដែល​មាន​​ធនធាន​ធម្មជាតិ​ស្រស់​បំព្រង​»។

លោក​​បាន​បញ្ជាក់​​​ថា ​សន្តិភាព​ គឺ​ជា​កត្តា​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​តំបន់​ភូមិ​ភាគ​ឦសាន​មាន​កំណើន​ភ្ញៀវ​​ទេសចរ​​ជា​បន្ត​បន្ទាប់​។​

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​​រតនគិរី ​បាន​ឲ្យ​ដឹង​​​ថា ក្នុង​រយៈ​ពេល​ ​៣ ថ្ងៃ​នៃ​​បុណ្យ​ចូល​ឆ្នាំ​ចិន​​ឆ្នាំ​នេះ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ២១ ៤១៥ ​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២០ ៨៣៥ ​នាក់ និង​អន្តរ​ជាតិ​ចំនួន ៥៨០ ​នាក់​។

ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី លោក លីម វណ្ណឌី បុគ្គលិក​ផ្នែក​​​ទទួល​​ភ្ញៀវ​នៅ​រមណីយដ្ឋាន Elephant Hill Resort បាន​​ប្រាប់​ថា​ សម្រាប់​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​នេះ បន្ទប់​ស្នាក់​នៅ​របស់ Elephant Hill Resort​​ ត្រូវ​​បាន​អតិថិជន​កក់​​អស់​តាំង​ជា​យូរ​មក​ហើយ ដោយ​ភាគ​ច្រើន​ជា​អ្នក​មក​ពី​ភ្នំពេញ​ ហើយ​កក់​ស្នាក់​នៅ​រយៈ​ពេល​ ១ ​យប់​។ លោក​បន្ត​ថា៖ «​ដោយ​សារ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ គឺ​នៅ​ពេល​មាន​បុណ្យ​ម្តង​ៗ​កន្លែង​របស់​ខ្ញុំ​មិន​ដែល​មាន​បន្ទប់​ទំនេរ​ទេ»​។​

សម្រាប់​​​កន្លែង​ស្នាក់​នៅ​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី លោក វណ្ណឌី ​​​អះអាង​ថា ​មាន​ស្ថានភាព​មិន​ខុស​ពី​កន្លែង​របស់​លោក​​ទេ គឺ​​មាន​ភ្ញៀវ​ពេញ​​ដូច​គ្នា។សម្រាប់​បន្ទប់​ស្នាក់​នៅ​របស់ Elephant Hill Resort ​មាន​តម្លៃ​ចាប់​ពី ​៨០​​-​១២០ ​ដុល្លារ​ក្នុង​ ១ ​យប់​។

ខុស​ប្លែក​ពី​តំបន់​ភូមិ​ភាគ​ឦសាន​ ដែល​​មាន​ភ្ញៀវ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ច្រើន ខេត្ត​មួយ​ចំនួន​នៅ​តំបន់​មាត់​សមុទ្រ មិន​បាន​បង្ហាញ​ពី​សញ្ញា​កើន​ឡើង​ច្រើន​នោះ​ទេ​។​

លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត កាល​ពី​ល្ងាច​​ម្សិលមិញ​បាន​ប្រាប់​ថា ចំនួន​ភ្ញៀវ-​ទេសចរ​ដែល​​ធ្វើ​ដំណើរ​មក​កម្សាន្ត​​នៅ​ខេត្ត​កំពត​​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ​នឹង​​មិន​មាន​កំណើន​ខ្ពស់​ទេ​​ បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​​ឆ្នាំ​​មុន​។ កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​​​ទី​ ១ មាន​ភ្ញៀវ​ទេសចរ​​​ប្រមាណ​ជាង​ ២​៧ ០០០ ​នាក់​កើន​​​ជិត​​ ២ ​ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ សម្រាប់​ថ្ងៃ​ទី២ មាន​កំណើន​ខ្ពស់​គួរសម​បើ​ធៀប​នឹង​​​ថ្ងៃ​ទី​១​។​

ប្រធាន​មន្ទីរ​​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ ដែល​ពោរពេញ​ដោយ​ជនជាតិ​ចិន លោក តាំង សុចិត្រគ្រឹះស្នា បាន​និយាយ​​​​​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​​​នៅ​តែ​បង្ហាញ​ពី​ការ​ថយ​ចុះ។​ លោក​អះអាង​ថា៖ ​«ភ្ញៀវ​ទេសចរ​ [ជារួម​] អាច​មាន​​កំណើន​តិច​តួច ព្រោះ​​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ធ្លាក់​ចុះ»។

បុគ្គលិក​​សណ្ឋាគារ Grand Sihanouk Ville ដែល​មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​ ៤០ ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​និយាយ​​​ថា ដោយ​សារ​សណ្ឋាគារ​​​ តែង​​មាន​ភ្ញៀវ​បរទេស ពិសេស​ជនជាតិ​​ចិន​ជួល​ពេញ​ៗ​នោះ ដូច្នេះ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ចំនួន​អ្នក​ចូល​ស្នាក់​នៅ​មិន​មាន​ការ​​​ប្រែប្រួល​ទេ។

ក្នុង​លក្ខខណ្ឌ​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​កញ្ញា​​​​បញ្ជាក់​ថា៖​ «​ទោះ​ជា​ពេល​ចូល​ឆ្នាំ ឬ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ផ្សេង​ៗ​ចំនួន​ភ្ញៀវ​ដែល​ជួល​បន្ទប់​សណ្ឋាគារ ​​Grand Sihanouk Ville មិន​សូវ​មាន​​ការ​ផ្លាស់​ប្តូរ​ទេ​ក្នុង​រយៈ​ពេល​ប្រមាណ​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាក់​ស្តែង​​​រយៈ​ពេល ​២ ​ថ្ងៃ​ដំបូង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​សណ្ឋាគារ​ Grand Sihanouk Ville មិន​មាន​ភ្ញៀវ​ក្នុង​ស្រុក​ចូល​​ទៅ​ស្នាក់​នៅ​ទេ​»​៕ LA