ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ជូនដំណឹង​ដល់​អ្នក​នាំចូល និង​អ្នកបញ្ជា​ទិញ​ផលិតផល​ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា ទៅ​អាមេរិក​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នាំចូល​ឡើងវិញ ដោយសារ​តែ​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​អាមេរិក​បាន​ផុត​សុពលភាព បន្ទាប់​បាន​ផ្តល់​ក្នុង​ឆ្នាំ​ ២០១៦ និង​ត្រូវ​រង់ចាំ​សភា​អាមេរិក​ផ្ដល់​សុពលភាព​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

យោង​សេចក្ដី​ជូនដំណឹង​ពី GMAC ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​អាមេរិក​បាន​អស់​សុពលភាព​កាលពី​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ ដោយសារតែ​ការយឺតយ៉ាវ​ក្នុង​ការអនុម័ត​ច្បាប់​ដើម្បី​ផ្ដល់​សុពលភាព​ដល់​កម្មវិធី​នេះ​ឡើងវិញ​ដោយ​សភា​អាមេរិក​។

សេចក្ដី​ជូន​ដំណឹង​នេះ​បន្តថា​៖ «​ការយឺតយ៉ាវ​នេះ​ជា​បញ្ហា​មួយ​ពាក់ព័ន្ធ​ដល់​ប្រទេស និង​ដែនដី​ចំនួន​ ១១៩ ​ដែល​បាន​ផល​ពី​កម្មវិធី​នេះ (​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​នោះដែរ​) ប៉ុន្តែ​ផលប៉ះពាល់​ផ្ទាល់​នឹង​មាន​ទៅលើ​អ្នកបញ្ជា​ទិញ និង​អ្នក​នាំចូល​ដែល​ត្រូវតម្រូវ​ឲ្យ​បង់ពន្ធ​នាំចូល រហូត​ដល់​កម្មវិធី​នេះ​ត្រូវ​បានផ្ដល់​សុពលភាព​ឡើងវិញ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា GSP របស់​អាមេរិក​បាន​អស់​សុពលភាព​ចាប់ពី​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០​។

លោក​បន្តថា​៖ «​យើង​បាន​ជូនដំណឹង​ដល់​សមាជិក​ទាំងអស់​របស់​យើង​ថា កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក​ត្រូវ​ផុតរលត់​សុពលភាព​នៅ​ថ្ងៃទី​ ៣១ ​ខែ ធ្នូ ឆ្នាំ​ ២០២០ ដោយសារតែ​ការយឺតយ៉ាវ​ក្នុងការ​អនុម័ត​ច្បាប់​ដើម្បី​ផ្ដល់​សុពលភាព​ដល់​កម្មវិធី​នេះ​ឡើងវិញ​ដោយ​សភា​អាមេរិក​។ ក្នុងអំឡុង​ពេលនេះ​អ្នកទិញ​នឹង​បង់ពន្ធ​នាំចូល​។

នៅពេល​សភា​អាមេរិក​ផ្ដល់​សុពលភាព​កម្មវិធី​នេះ​ឡើងវិញ អ្នកទិញ​អាច​ទាម​ទារប្រាក់ពន្ធ​ដែល​បាន​បង់​ត្រឡប់​ទៅវិញ​។ ទោះ​យ៉ាងណា រឿងនេះ​មិន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​របស់​យើង​នៅទីនេះ​ទេ ដោយសារ​យើង​នៅតែ​នាំចេញ​ជាធម្មតា​។

លោក​ថ្លែងថា​៖ «​ការ​ផុតរលត់​សុពលភាព​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក​មិន​គ្រាន់តែ​ប្រឈម​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដល់​ប្រទេស និង​ដែនដី​ចំនួន​ ១១៩ ដែល​ទទួលផល​ពី​កម្មវិធី​នេះ​ផងដែរ​។ យើង​នឹង​ទទួលបាន​វិញ​នៅពេលណា​សភា​អាមេរិក​ផ្ដល់​សុពលភាព​»​។

យោង​ការប្រកាស​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក ការបន្ត​ស្របច្បាប់​សម្រាប់​កម្មវិធី GSP ​នេះ​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី ​៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ (19 U.S.C.Section 2465)​។ ជា​លទ្ធផល​ការនាំ​ចូលទៅ​អាមេរិក​ដែលមាន​សិទ្ធិ​ទទួលបាន​ការ​រួច​ពន្ធ​ក្រោម​ប្រព័ន្ធ​ GSP រហូត​មក​ដល់​ពេលនេះ​គឺ​អាស្រ័យ​លើ​អត្រាពន្ធ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាធម្មតា (MFN) ជា​ទៀងទាត់​។

សេចក្ដី​ប្រកាស​នេះ​បន្តថា​៖ «​សភា​អាមេរិក​នឹង​ធ្វើការ​សម្រេចចិត្ត​ថា តើ​ត្រូវ​ពន្យារ​ការបន្ត​ GSP ​ជាថ្មី​នៅពេលណា​។ សមាជ​លើក​ទី​ ១១៧ កោះប្រជុំ​នៅ​ថ្ងៃទី​ ៣ ខែ​មករា ឆ្នាំ​ ២០២១»​។

លោក កាំង បាន​ពន្យល់ថា កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក​ត្រូវ​បានផ្ដល់​ឲ្យ​ដំបូង​រយៈពេល​ ១០ ​ឆ្នាំ​។ ចាប់តាំងពី​ពេលនោះ​មក កម្មវិធី​នេះ​ត្រូវ​ផ្ដល់​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់​ចំនួន​ ១៤ ​ដង ដែលជា​ទូទៅ​ការផ្ដល់​ទាំងនោះ​មាន​សុពលភាព​ពី​ ២ ​ទៅ​ ៣ ​ឆ្នាំ​ម្តង​។

លោក​ឲ្យ​ដឹងថា ចាប់តាំងពី​កម្ពុជា​ដែល​ជា​ប្រទេសមួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ជាច្រើន​ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ លើ​ផលិតផល​ធ្វើដំណើរ​ពី​អាមេរិក​កាលពី​ឆ្នាំ​ ២០១៦ ចំនួន​នៃ​ការនាំចេញ និង​ការវិនិយោគ​កំពុង​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំនេះ​។

លោក​បន្ត​៖ «​យើង​ទទួលបាន​កំណើន​នៃ​ការនាំចេញ​លើ​ផលិតផល​ធ្វើដំណើរ​យ៉ាងខ្លាំង​ពី​ ៥០ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៦ ដល់​ប្រហែល​ ១ ​ពាន់​លាន​ដុល្លារ​នៅពេលនេះ​»​។

ផលិតផល​ធ្វើដំណើរ​ដែល​រួច​ពន្ធ​ក្រោម​ប្រព័ន្ធ GSP មានដូចជា វ៉ាលិស កាបូបស្ពាយ កាបូប​យួរដៃ និង​កាបូប​លុយ​ស្ថិតក្រោម GSP៕ LA