
ភ្នំពេញ: កម្ពុជា បាននាំចេញផលិតផលកសិកម្ម ៤៦ ប្រភេទដែលស្មើនឹង ២,៩ លានតោនទៅកាន់ទីផ្សារពិភពលោកកាលពីឆ្នាំមុន។ អ្នកជំនាញក្នុងវិស័យនេះបានអះអាងថាកំណើននៃការនាំចេញនេះនៅមានកម្រិតទាបនៅឡើយបើធៀបនឹងសក្តានុពលដែលមាន។
យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ប្រទេសនេះបាននាំចេញដំឡូងស្ងួតជាង ១ លានតោន ដំឡូងស្រស់ជាង ៦៧០ ០០០ តោន អង្ករ ៣៧០ ០០០ តោន ស្ករស ២០០ ០០០ តោន ពោតក្រហម ១៦០ ០០០ តោន និងគ្រាប់ស្វាយចន្ទី ៨០ ០០០ តោន។ល។
បើយោងតាមរបាយការណ៍ដដែលនេះបានបង្ហាញថា វិស័យកសិកម្មនៅតែដើរតួនាទីសំខាន់និងមានវិសាលភាពធំធេងក្នុងការធ្វើពិពិធកម្មការនាំចេញរបស់ កម្ពុជា។ បច្ចុប្បន្នវិស័យនេះបានរួមចំណែកប្រមាណ ២៧ ភាគរយនៃផលទុនជាតិសរុប។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីសប្ដាហ៍មុនថាកសិករបានផ្លាស់ប្តូរទម្លាប់របស់ពួកគេពីការដាំដុះ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនទៅជាការដាំដុះសម្រាប់លក់ដូរ។
លោកបានបន្តថា៖ «យើងបានមើលឃើញថា មជ្ឈដ្ឋានកសិករកំពុងវិវត្តន៍ទៅរកភាពកាន់តែប្រសើរពីការផលិតសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារផ្ទាល់របស់ពួកគេឬសម្រាប់ការផ្គត់ផ្គងគ្រួសារ ឬសម្រាប់ការប្រើប្រាស់ក្នុងស្រុកទៅជាការផលិត សម្រាប់ជួញដូរទៅវិញ គឺដោយសារតែការកើនឡើងតម្រូវការក្នុងស្រុកនិង ពិភពលោក»។
ប៉ុន្តែសិទ្ធិចូលដល់ទីផ្សារនិងកង្វះព័ត៌មានទីផ្សារនៅតែជាបញ្ហាដ៏សំខាន់ដែលមិនទាន់ត្រូវបានដោះស្រាយសម្រាប់កសិករនោះទេ។
លោក ស្រី ចន្ធី អ្នកវិភាគកសិកម្មឯករាជ្យបានជំទាស់ថាអត្រាកំណើនគឺនៅតែទាប។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាទំហំនៃការនាំចេញគឺនៅតែមានចំនួនតិចធៀបនឹង សក្ដានុពលដ៏ធំរបស់ខ្លួន។ យើងនាំចេញភាគច្រើនជាវត្ថុធាតុដើមដូច្នេះយើងខាតបង់ច្រើននៃ តម្លៃបន្ថែមចំពោះសេដ្ឋកិច្ច»។
លោកបន្តថា៖ «ប្រសិនបើអ្នកសម្លឹងមើលប្រជាជនដែលកំពុងធ្វើការងារនៅក្នុងវិស័យនេះគឺធំដែលមានប្រហែល ២,១ លានគ្រួសារ ខណៈយើងអាចនាំចេញបានតែប្រហែល ៣ លានតោនដែលពិតជាមានចំនួនតិចតួច»។
លោកពិតជាយល់ស្របថាកសិករតែងតែប្រឈមនឹងបញ្ហាក្នុងអំឡុងពេលរដូវប្រមូលផលដោយសារតែបញ្ហាទីផ្សារ ហើយភាគច្រើនពឹងផ្អែកលើប្រទេស វៀតណាម និង ថៃ ដែលទិញក្នុងតម្លៃទាប។
លោកបន្តថា៖ «ផលិតផលរបស់យើងគឺនៅតែខ្ពស់ជាងប្រទេស វៀតណាម ឬប្រទេស ថៃ ដូច្នេះយើងមានការពិបាកក្នុងការប្រកួតប្រជែងជាមួយពួកគេលើតម្លៃនេះ។ តាមពិតយើងមានទីផ្សារច្រើនដែលបើកចំហនៅ អាមេរិក និង អឺរ៉ុប ប៉ុន្តែបញ្ហាគឺថា យើងខ្វះសមត្ថភាពក្នុងការកែច្នៃ»។
លោកបន្ថែមថា៖ «យើងត្រូវទាក់ទាញវិនិយោគិនកាន់តែច្រើនដែលមានជំនាញខាងវិស័យនេះដើម្បីវិនិយោគនៅក្នុងវិស័យកែច្នៃសម្រាប់នាំចេញនិងបង្កើតការងារកាន់តែច្រើន និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច»។
លោក មាស លឿន អ្នកដាំពោតដែលបានដាំលើផ្ទៃដី ៣០ ហិកតានៅក្នុងខេត្ត ប៉ៃលិន បាន និយាយថា៖ «យើងតែងតែដាំដំណាំរបស់យើងដើម្បីផ្គត់ផ្គង់ទីផ្សារ។ ប៉ុន្តែនៅពេលយើងប្រមូលផល អ្នកទិញនឹងបន្ទាបតម្លៃផលិតផលរបស់យើង។
លោកបន្តថា៖ «ខ្ញុំចង់ស្នើសុំឲ្យក្រសួង កសិកម្ម ត្រូវតែធានាឲ្យពិតប្រាកដថាយើងអាចមានទីផ្សារគ្រប់គ្រាន់ដើម្បីទិញកសិផលរបស់យើងតាមតម្លៃទីផ្សារកុំឲ្យអ្នកទិញអាចធ្វើអ្វីៗបានស្រេចតែចិត្ត»។ ផលរបស់យើងគឺនៅតែខ្ពស់ជាងប្រទេស វៀតណាម ឬប្រទេស ថៃ ដូច្នេះយើងមានការពិបាកក្នុងការប្រកួតប្រជែងជាមួយពួកគេលើតម្លៃនេះ។ តាមពិតយើងមានទីផ្សារច្រើនដែលបើកចំហនៅ អាមេរិក និង អឺរ៉ុប ប៉ុន្តែបញ្ហាគឺថា យើងខ្វះសមត្ថភាពក្នុងការកែច្នៃ»។
ក្នុងចំណោមផលិតផលទាំងនេះ បានរាយការណ៍ថា អង្ករបានកើនឡើងខ្លាំងពី ២០០ ០០០ តោនកាលពីឆ្នាំ ២០១២ ដល់ជាង ៣៧០ ០០០ តោនកាលពីឆ្នាំ ២០១៣ ដែលបានកើនឡើង ១៧៣ ១៣៩ តោនឬកើនឡើង ៨៤,១ ភាគរយធៀបនឹងឆ្នាំ ២០១១ និងឆ្នាំ ២០១២ បានកើនឡើង ១,៩ ភាគរយ។ ចំនួននាំចេញរបស់ប្រទេសនេះបានកើនឡើងពី ៥៧ ភាគរយកាលពីឆ្នាំ ២០១២ ដល់ ៦៦ ភាគរយកាលពីឆ្នាំ ២០១៣ ដែលភាគច្រើននាំទៅប្រទេស អឺរ៉ុប៕