ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យបញ្ចេញទំនិញ និងសាច់បង្កកចំនួន ៣៥ កុងតឺន័រ ដែលនាំពីឥណ្ឌាមកកម្ពុជាកាលពីសប្តាហ៍មុន ខណៈលទ្ធផលធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមាននៃជំងឺកូវីដ ១៩។
គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១២ ខែឧសភា បានបង្ហាញលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើទំនិញ និងសាច់បង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន ៣៥ កុងតឺន័រ ដែលបានដឹកមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ការធ្វើតេស្តនេះបានធ្វើឡើង បន្ទាប់ពីកម្ពុជាប្រកាសផ្អាកនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលមានហានិភ័យខ្ពស់មួយចំនួនមានប្រភពពីប្រទេសឥណ្ឌាជាបណ្តោះអាសន្ន ដោយបានអនុវត្តចាប់តាំងពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ រហូតដល់មានការណែនាំជាថ្មី។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចអនុញ្ញាតឱ្យទំនិញ និងសាច់បង្កកទាំងនេះអាចចរាចរលើទីផ្សារបាន ដោយអះអាងថា មានសុវត្ថិភាព។ ការអនុញ្ញាតបានធ្វើឡើងតាមសំណើរបស់ក្រុមការងារគណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
អនុប្រធានគណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ លោក ផាន អូន ថ្លែងថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ចំណារមកអនុញ្ញាតឱ្យធ្វើតាមការស្នើសុំដោយបញ្ចេញសាច់បង្កកចំនួន ៣៥ កុងតឺន័រ ដែលធ្វើតេស្តទៅអត់មានផលប៉ះពាល់នៃកូវីដ ១៩។ សម្រាប់ចំនួនកុងតឺន័រថ្មី ក្រុមការងារចំពោះកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ មិនទាន់ដឹងថា មានកុងតឺន័រមកដល់ថ្មីមានបរិមាណប៉ុន្មាននោះទេគិតត្រឹមថ្ងៃអាទិត្យ (ថ្ងៃទី ២៣)»។
ទិន្នន័យពីស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញឱ្យដឹងថា កម្ពុជាបាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌាក្នុងតម្លៃ ១៧,៧ លានដុល្លារ កាលពីឆ្នាំ ២០២០ កើនឡើងពី ៦,៤ លានដុល្លារ កាលពីឆ្នាំ ២០១៩។ ដោយឡែកនៅក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២១ ការនាំចូលសាច់ក្របីមាន ៩,៣២ លានដុល្លារ។
លោកស្រី Devyani Khobragade អគ្គរដ្ឋទូតប្រទេសឥណ្ឌាបានលើកឡើងអំពីសាច់ និងតម្រូវការប្រើប្រាស់ផលិតផលសាច់នៅកម្ពុជា ព្រមទាំងគម្លាតរវាងការផលិតក្នុងស្រុក និងតម្រូវការប្រើប្រាស់ក្នុងស្រុក និងឱកាសនាំចេញសម្រាប់ក្រុមហ៊ុនប្រទេសឥណ្ឌា។
លោកស្រីថ្លែងថា៖ «ក្រុមហ៊ុនប្រទេសឥណ្ឌានឹងអាចផ្គត់ផ្គង់សាច់មានគុណភាពល្អ និងផលិតផលពីសាច់ដល់ប្រទេសកម្ពុជាក្នុងតម្លៃទាប រួមចំណែកបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំង ២»។
របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ឆ្នាំ ២០២០ មានតម្លៃ ១៩០,១៣ លានដុល្លារ ធ្លាក់ ២៥,៨១ ភាគរយធៀបឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៦១,៣៦ លានដុល្លារ ធ្លាក់ចុះ ៥,១២ ភាគរយ និងនាំចូលមាន ១២៨,៧៧ លានដុល្លារ ធ្លាក់ ៣២,៧៩ ភាគរយ៕ LA
វីដេអូ៖