ភ្នំពេញៈ ទំនិញ​កម្ពុជា ៣១ ​មុខ​នៃ​បន្ទាត់​ពន្ធគយ​ត្រូវបាន​អនុញ្ញាត​ឱ្យ​នាំទៅ​ប្រទេស​វៀតណាម​ក្នុង​អត្រាពន្ធ​សូន្យ ក្រោម​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រយៈពេល ២ ​ឆ្នាំ​។

ការបើកផ្លូវ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​រៀតណាម​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ភាគី​ទាំង ២ ឯកភាព​គ្នា​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​សម្រាប់​បន្ត​សុពលភាព​ «​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សម្រាប់​ឆ្នាំ​ ២០២១-២០២២»​។

ការបញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុងនេះ​ធ្វើឡើង​បន្ទាប់ពី​ភាគី​ទាំង ២ បាន​ជួប​ពិភាក្សាគ្នា​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ (JC) ​កម្ពុជា-វៀតណាម​លើក​ទី​១៨ ​ស្តីពី​ «​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​» កាលពី​ថ្ងៃទី​ ២២ ខែ ធ្នូ ឆ្នាំ​ ២០២០​។

សេចក្តី​ជូនដំណឹង​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ២៥ ខែមីនា ឱ្យ​ដឹងថា កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​ចំពោះមុខ​ទំនិញ​ចំនួន ៣១ នៃ​បន្ទាត់​ពន្ធគយ​ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។ ក្នុងចំណោម​មុខទំនិញ​ទាំង ៣១ នៃ​បន្ទាត់​ពន្ធគយ​នេះ​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​។

ទន្ទឹមនឹងនេះ​ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​អំពាវនាវ​ដល់​ផលិតករ និង​អ្នក​នាំចេញ​ឱ្យមក​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់​អេស​ (Co Form S) ​តាមរយៈ​គេហទំព័រ https://co.moc.gov.kh ចំពោះមុខ​ទំនិញ​ទាំង ៣១ ​បន្ទាត់​ពន្ធគយ​។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​។

ដោយឡែក​សម្រាប់​បរិមាណ​មុខទំនិញ​អង្ករ និង​សន្លឹក​ថ្នាំជក់​ស្ងួត​សម្រាប់​អនុវត្ត​ឆ្នាំ​ ២០២១ ​សូម​ផលិតករ និង​អ្នក​នាំចេញ​អាចដាក់​ពាក្យស្នើសុំ​មក​ក្រសួងពាណិជ្ជកម្ម​ (​នាយកដ្ឋាន​នាំចេញ-នាំចូល​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​) ​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​ ២៦ ខែឧសភា ឆ្នាំនេះ​។

កម្ពុជា និង​វៀតណាម​បាន​យល់ព្រម​លើ​ការអនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​កសិកម្ម​ឆ្លងកាត់​ព្រំដែន​ទាំង​ ២ ចាប់តាំងពី​ឆ្នាំ​ ២០១៦ រហូត​មក​ដល់​នាពេល​បច្ចុប្បន្ននេះ​។

អ្នកស្រី ប៉ាន់ ចន្ទ្រា ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ថន ជា នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា តាមរយៈ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ​មាន​ទីផ្សារ​ល្អ ហើយ​វា​ក៏​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ពួកគាត់​បាន​មួយកម្រិត​ទៀត​។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​គិតថា វា​នឹង​ជួយ​ឱ្យ​តម្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ​មាន​ហាងឆេង​ល្អ ព្រោះ​ឈ្មួញ​វៀតណាម​ហ៊ាន​ទិញ​ក្នុងតម្លៃ​ខ្ពស់​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ដឹងថា ការសម្រេច​បាន​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​ល្អ​។

លោក​បាន​ថ្លែងថា​៖ «​វា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ឱ្យ​គ្នា​ទៅវិញទៅមក​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម ហើយ​វា​ក៏​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​»​។

លោក​បាន​បន្ថែមថា​៖ «​យើង​នាំ​ចូលទៅ​វៀតណាម​ដោយ​​រួច​ពន្ធ​នេះ​គឺ​រឿង​ល្អប្រសើរ​មែនទែន ព្រោះ​ផលិតផល​កសិកម្ម​យើង​ភាគច្រើន​ត្រូវបាន​នាំ​ចេញ​ទៅ​វៀតណាម និង​ថៃ បើ​យើង​អត់​មាន ២ ​ច្រក​នេះ​ទេ កសិផល​យើង​នឹង​ចាល់​គ្មាន​ទីផ្សារ ព្រោះ​វិស័យ​ឯកជន​ប្រទេស​យើង​ពុំទាន់​មាន​ដើមទុន​គ្រប់គ្រាន់​ដើម្បី​ទិញ​កសិផល​សម្រាប់​ស្តុក​ទុក​នោះទេ​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹងថា តាម​កិច្ចព្រមព្រៀង​នេះ វៀតណាម​បន្ត​ផ្តល់​កូតា​នាំចូល​រួច​ពន្ធ​លើ​សន្លឹក​ថ្នាំជក់ ៣ ០០០ ​តោន និង​អង្ករ ៣០០ ០០០ តោន​នៅ​ឆ្នាំនេះ​។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ទឹកប្រាក់ ៣៨៥,៧៩ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ កើនឡើង ១៤,៨៨ ភាគរយ​ បើ​ធៀប​នឹង​ ៣៣៥,៨២ ​លាន​ដុល្លារ​ឆ្នាំ​ ២០១៩​។ ចំណែក​ការនាំ​ចូល​ទំនិញ​របស់​កម្ពុជា​ពី​វៀតណាម​បាន​ធ្លាក់ ៣,១០ ភាគរយ​ពី​តម្លៃ ២,៦៣៤ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩៕ LA