ភ្នំពេញៈ ទំនិញសក្តានុពលចំនួន ៩ មុខ កំពុងត្រូវបានមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មធ្វើការសិក្សាយ៉ាងលម្អិត ដើម្បីរៀបចំជាយុទ្ធសាស្ត្រពាណិជ្ជកម្ម ក្នុងការទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចិន ក៏ដូចជាប្រទេសដៃគូពាណិជ្ជកម្មធំៗនៅលើពិភពលោក។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
បើយោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញទាំង ៩ នោះមានដូចជា វិស័យសម្លៀកបំពាក់ ស្បែកជើង តំបន់សេដ្ឋកិច្ចពិសេស វិស័យដំឡើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យអង្ករ វិស័យដំឡូងមី និងកៅស៊ូធម្មជាតិ។ មុខទំនិញទាំង ៩ ប្រភេទនេះសុទ្ធតែត្រូវបានចាត់ទុកថា មានសក្តានុពលខ្ពស់សម្រាប់នាំចេញទៅប្រទេសចិន។
ថ្លែងក្នុងកិច្ចប្រជុំដែលរៀបចំនៅទីស្តីការក្រសួងកាលពីថ្ងៃទី ២៥ ខែធ្នូ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់ថា បច្ចុប្បន្នក្រុមការងារក្រសួងពាណិជ្ជកម្មបាននិងកំពុងធ្វើការសិក្សា និងស្រាវជ្រាវប្រមូលធាតុចូលដើម្បីរៀបចំយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀតក្នុងការធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានចុះហត្ថលេខាកន្លងមក។
លោកថ្លែងថា៖ «ការសិក្សានេះគឺដើម្បីជំរុញការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសចិន និងលក្ខខណ្ឌច្រកចូលទីផ្សារប្រទេសចិន»។
កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយគ្នាកាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ដែលនឹងអនុញ្ញាតឱ្យកម្ពុជានាំទំនិញមួយចំនួនទៅប្រទេសចិនដោយមានអត្រាពន្ធសូន្យភាគរយ។
លោកបន្ថែមទៀតថា ការសិក្សានេះក៏បានធ្វើការសិក្សាអំពីទំហំពាណិជ្ជកម្មក្នុងពិភពលោក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក និងទៅកាន់ទីផ្សារប្រទេសនាំចូលធំៗ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។ នេះបើតាមលោក ស៊ាង ថៃ។
យោងតាមលោក ស៊ាង ថៃ បច្ចុប្បន្ននេះក្រុមការងារក៏បាននិងកំពុងសិក្សា និងវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) របស់ផលិតផលកម្ពុជាផងដែរ ដើម្បីកំណត់ថា តើទំនិញណាជាផលិតផលថ្មី ផលិតផលកំពុងលូតលាស់ ផលិតផលមានភាពចាស់ទុំ ដើម្បីមានភាពងាយស្រួលធ្វើការជំរុញដល់ការនាំចេញបន្ថែមទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមិនអាចទាក់ទងបានទេកាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនចូលជាធរមាន ការនាំចេញទំនិញពីកម្ពុជាត្រូវបានរំពឹងនឹងមានសម្ទុះខ្លាំង ពិសេសផលិតផលកសិកម្ម។ ទោះយ៉ាងណាដើម្បីទទួលបានឱកាសនេះ អ្នកវិនិយោគ និងអ្នកផលិតនៅកម្ពុជាក៏ត្រូវតែគិតគូរឱ្យបានខ្លាំងផងដែរទៅលើគុណភាព ពូជ និងស្តង់ដាអនាម័យតាមតម្រូវការរបស់ប្រទេសគោលដៅដែលគេចង់បាន។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿថា ការនាំចេញទំនិញរបស់យើងនឹងនៅតែមានកំណើនល្អបន្តបន្ទាប់ ខណៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសកម្ពុជា-ចិននៅឆ្នាំក្រោយនឹងចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត»។
ទិន្នន័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ ការនាំចេញទំនិញពីកម្ពុជាមានតម្លៃសរុប ១៤,១ ពាន់លានដុល្លារ កើនឡើង ២០,០៧ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចូលទំនិញពីបរទេសមកប្រទេសកម្ពុជាវិញមានតម្លៃប្រមាណ ១៣,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៧ ភាគរយ បើធៀបនឹងរយៈពេល ៩ ខែដើមឆ្នាំ ២០១៩៕ LA