ទីក្រុងវ៉ាស៊ីនតោនៈ អតិថិជន​អាមេរិក​កំពុង​មាន​អារម្មណ៍​ជឿជាក់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ខែមិថុនា​នេះ ខណៈ​រដ្ឋាភិបាល​បានចាប់ផ្ដើម​កាត់បន្ថយ​ការបិទ​ប្រទេស​ដោយសារ​ជំងឺ​កូវីដ​ ១៩ និង​កម្មករ​គ្មាន​ការងារ​ធ្វើ​មួយចំនួន​កំពុង​វិលត្រឡប់​ទៅ​ធ្វើ​ការងារ​ពួកគេ​ឡើងវិញ​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។

សន្ទស្សន៍​ទំនុកចិត្ត​អតិថិជន​ដែល​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ Michigan បាន​កើនឡើង​ដល់ ៧៨,៩ ពី​ចំនួន ៧២,៣ ​កាលពី​ខែឧសភា ដែល​ប្រសើរ​ខ្លាំង​ជាង​ក្រុម​សេដ្ឋវិទូ​ព្យាករ​ក្នុងពេល​កន្លងមក​។

លោក Richard Curtin ប្រធាន​សេដ្ឋវិទូ​នៃ​ការស្ទង់មតិ​អតិថិជន​បាន​ថ្លែងថា​៖ «​ទំនុកចិត្ត​អតិថិជន​បាន​បង្ហាញ​ពី​ការកើនឡើង​ប្រចាំ​ខែលើក​ទី​ ២ ​កាលពី​ដើម​ខែមិថុនា​»​។

សន្ទស្សន៍​លក្ខខណ្ឌ​សេដ្ឋកិច្ច​បាន​កើនឡើង​ដល់ ៨៧,៨ ​ភាគរយ​ ធៀប​ទៅ​នឹង ៨២,៣ ​ភាគរយ ​កាលពី​ខែ​ឧសភា ខណៈ​ដែល​ការរំពឹងទុក​របស់​អតិថិជន​បាន​កើនឡើង​ជាង ៧ ពិន្ទុ​ដល់ ៧៣,១ ​ភាគរយ​។

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​កំពុង​ចាប់ផ្ដើម​ដំណើរការ​ការបើក​ឡើងវិញ​របស់ខ្លួន ដោយ​មាន​រដ្ឋ​ជាច្រើន​បាន​បន្ធូរបន្ថយ​ការរឹតត្បិត​ដែល​ដាក់​កាលពី​ពាក់កណ្ដាល​ខែមីនា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការកាត់បន្ថយ​ការងារ​រាប់ម៉ឺន​កន្លែង និង​ធ្វើឲ្យ​មនុស្ស​ស្លាប់​ជាង ១១,៥ ​ម៉ឺន​នាក់​។

ការបើក​ដំណើរការ​ឡើងវិញ និង​កម្មវិធី​ជំនួយ​របស់​រដ្ឋាភិបាល​សម្រាប់​ក្រុមហ៊ុន​ខ្នាតតូច​ត្រូវ​បាន​កោតសរសើរ ជាមួយ​នឹង​ការបន្ថែម​ការងារ​ថ្មី​ចំនួន​ ២,៥ ​លាន​កន្លែង កាលពី​ខែ​ឧសភា និង​ការបន្ទាប​អត្រា អ្នក​គ្មាន​ការងារ​ធ្វើ​មក​នៅត្រឹម​ ១៣,៣ ​ភាគរយ​៕ LA