ភ្នំពេញៈ ទំហំ​កម្ចី និង​ចំនួ​នប្រាក់​បញ្ញើ ​នៅ​ក្នុង​វិស័យ​មីក្រូហិ​រញ្ញ​វត្ថុ​កម្ពុជា​ បាន​បង្ហាញ​ពី​កំណើន​​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ដើម​ឆ្នាំ​នេះ​ ខណៈ​ចំនួន​អ្នកខ្ចី​នៅ​ដដែល​ ហើយ​​អត្រា​កម្ចី​មិន​ដំណើរ​ការ​ធ្លាក់​ចុះ​បន្តិច​។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​បាន​មក​ពី​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ (CMA)​។

ទិន្ន​ន័យ​ CMA បាន​បង្ហាញ​ថា​ កម្ចី​របស់​សមាជិក​ CMA​ រួមគ្នា​មាន​ចំនួន​ ៤,​៦២ ពាន់​លាន​ដុល្លារ​ គិតត្រឹម​​​ចុង​ខែមី​នា​ឆ្នាំនេះ​ ដែល​កើន​ឡើង​ពី ៣,​៣២ ​ពាន់​លាន​ដុល្លារ​ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ កាល​ចុង​ខែ​ មីនា​ ឆ្នាំ ២០១៧​។

របាយ​ការណ៍​បង្ហាញ​ថា ប្រាក់​បញ្ញើ​នៅ​ក្នុង​វិស័យ​នេះ​​មាន​ចំនួន​ ២,១២ ​ពាន់​លាន​ដុល្លារ​ កាល​ពី​ចុង​ខែ​មីនា ​ឆ្នាំ២០១៨​ កើន​ឡើង​ពី​១,៦២ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន​ក៏ដោយ​។​

ទោះ​បីជា​មាន​កំណើន​គួរ​ឲ្យកត់​សម្គាល់​នៃ​កម្ចី​នៅក្នុង​​ឧស្សាហ​កម្មនេះ​ក៏ដោយ ក៏​ចំនួន​អ្នកខ្ចី​មិន​មាន​ការ​ប្រែ​ប្រួល​ទេ ​។ ទិន្ន​ន័យ​របស់ CMA ​បាន​​បង្ហាញ​ថា ​ចំនួន​អ្នកខ្ចី​ពី MFI ដែល​ជា​សមា​ជិក​របស់​ CMA មាន​ចំនួ​ន​សរុប​ ១,​៨៥ ​លាន​នាក់​ត្រឹម​ចុង​ខែ​មីនា​ឆ្នាំ​នេះ​ ដូច​គ្នា​នឹង​​កាល​ពីចុង​ខែ​ មីនា​ ឆ្នាំ ​២០១៧​ ដែរ​។

អ្នកដាក់​ប្រាក់​បញ្ញើ​នៅក្នុង​ឧស្សាហ​កម្ម​នេះ ​បាន​កើន​ឡើង​ដល់​ ១​លាន​នាក់​គិត​ត្រឹម​កាល​ពីខែ​មីនា​។

លើស​ពីនេះ​ ទិន្ន​ន័យ​ CMA បាន​បង្ហាញ​ថា ផល​បត្រ​ស្ថិត​ក្នុង​ហានិ​ភ័យ​ (PAR)​ ដែល​ជា​សូច​នាករ​សម្រាប់​កម្ចី​មិន​ដំណើ​រការ​ ធ្លាក់​ចុះ​បន្តិច​បន្តួច​នៅ​ឆ្នាំ​នេះ​ ពី​ ១,​៦៧ ​ភាគ​រយ​ កាល​ពីចុង​ខែ​មីនា​ឆ្នាំ ២០១៧ មក​នៅ​ត្រឹម​ ១,​៣៧ ​ភាគ​រយ​កាល​​ពីចុង​ខែ​មីនា​ឆ្នាំ​នេះ​៕​LA