ភ្នំពេញៈ ទំហំ​កម្ចី​​ប្រើប្រាស់​លក្ខណៈ​បុគ្គល​សរុប​ នៅ​ក្នុង​ប្រទេស ​កម្ពុជា ​បាន​កើន​ឡើង​ដល់ ៦,​៧ ​ពាន់​លាន​ដុល្លារ ​នៅ​ចុង​ខែ​មីនា​ឆ្នាំ​នេះ ​កើន​ឡើង​ ​៧,៤ ​ភាគរយ ​ធៀប​នឹង​ចុង​ខែ​ធ្នូ​ឆ្នាំ ​២០១៨​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​បំផុត​បាន​ពី​ការិយាល័យ​ឥណទាន​​កម្ពុជា​ (CBC)។​

របាយការណ៍​ CBC ​ឲ្យ​ដឹង​ថា ​ប្រជាជន​កម្ពុជា​ប្រហែល ​១,១៤ ​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​កម្ចី​ប្រើប្រាស់​លក្ខណៈ​​បុគ្គល​គិត​មក​ត្រឹម​ចុង​ខែ​មីនា​​ ឆ្នាំ​នេះ​ កើន​ឡើង ​៥,៣ ​ភាគរយ ​ចាប់​ពី​ដំណាច់​ខែ ​ធ្នូ​ ឆ្នាំ ​២០១៨​។ ​គិត​ត្រឹម​​ខែ​មីនា ​ឆ្នាំ ​២០១៩ ​កម្ចី​មិន​បាន​សង​ត្រឡប់​ទាន់​ពេល​ បន្ទាប់​ពី ​៣០ ​ថ្ងៃ ​(NPL 30) ​​​កើន​ឡើង​ដល់ ១,២៤ ​ភាគរយ ​​នៃ​ទំហំ​កម្ចី​​ប្រើប្រាស់​លក្ខណៈ​បុគ្គល​សរុប​ កើន​ឡើង​បន្តិច​ពី ​១,១​៨ ​ភាគរយ ​កាល​ពី​ចុង​ខែ ​ធ្នូ​ ឆ្នាំ ​២០១៨​។​

លោក​ អឿ សុធារ័ត្ន ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​​បាន​ថ្លែង​​​ថា៖ ​«​កំណើន​នៃ​ឥណទាន​នៅ​តែ​ល្អ ហើយ​ទោះ​បី​ជា​ឥណទាន​មិន​ដំណើរការ​លើស​ពី​ ៣០ ​ថ្ងៃ​ កើន​​បន្តិច​ក៏​ដោយ​ ក៏​វា​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប​ដែល​បញ្ជាក់​អំពី​ការ​គ្រប់គ្រង​គុណភាព​ឥណទាន​បាន​ល្អ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ»​។

លោក​បន្ត​ថា​ ចំនួន​នៃ​ការ​ស្នើ​សុំ​ប័ណ្ណ​​ ឥណទាន​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​នេះ​ ធៀប​នឹង​ត្រី​មាស​មុន ដែល​បញ្ជាក់​ថា​ មាន​តម្រូវ​ការ​ប័ណ្ណ​ឥណទាន​តិច​នៅ​ត្រី​មាស​នេះ។​

ទំហំ​កម្ចី​​ប្រើប្រាស់​លក្ខណៈ​បុគ្គល​ រួម​មាន​កម្ចី​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ (៥១,​២ ​ភាគរយ) ​កម្ចី​អចលនទ្រព្យ ​(៤៧,​៦ ​ភាគរយ)​ និង​ប័ណ្ណ​ឥណទាន​ (១,១ ​ភាគរយ​)។

ខណៈ​កំណើន​ទំហំ​កម្ចី​​ប្រើប្រាស់​លក្ខណៈ​​បុគ្គល​ជា​សញ្ញា​វិជ្ជមាន​មួយ ​អ្នក​​ជំនាញ​​ក្នុង​ឧស្សាហកម្មនេះ បាន​​ប្រកាស​​ថា​ កំណើន​កម្ចី​ប្រភេទ​នេះ​ មិន​​គួរ​ចាំបាច់​ត្រូវ​ជំរុញ​ពេក​ទេ ​ដោយសារ​ផលិតផល​ប្រើប្រាស់​ភាគ​ច្រើន​នៅ​​​កម្ពុជា​ជា​ផលិតផល​​នាំចូល​។ លើស​ពីនេះ​កម្ចី​លក្ខណៈ​​​បុគ្គល​ និង​ប័ណ្ណ​ឥណទាន​ មិន​​បាន​​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នោះ​ទេ​៕​LA​