ភ្នំពេញៈ ទំហំនៃការជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) បានកើនឡើងខ្ពស់បំផុតលើកដំបូងនៅឆ្នាំនេះក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ ដែលមួយផ្នែកធំត្រូវបានជំរុញឲ្យប្រើប្រាស់មុខងារបញ្ជាទីផ្សារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX កាលពីម្សិលមិញ។
ក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយគិតត្រឹមថ្ងៃទី ២០ ខែមិថុនាទំហំនៃការជួញដូរបានកើនឡើងគួរឲ្យកត់សម្គាល់ដែលមានបរិមាណសរុបជិត ៣ សែនភាគហ៊ុន។ នេះបើយោងតាមសេចក្តីប្រកាស។
សេចក្តីប្រកាសព័ត៌មាននេះបានបន្តថាចាប់ផ្តើមពីថ្ងៃទី ១៣ ខែមិថុនាមកភាគហ៊ុនដែលត្រូវបានជួញដូរមានចំនួន ២៤ ៧១៣ ហ៊ុន រួចបន្តកើនឡើងដល់ ៤៧ ៩៧៦ ហ៊ុន បន្ទាប់មកធ្លាក់ចុះបន្តិចមកត្រឹម ៤៤ ៣៤៦ ហ៊ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ប៉ុន្តែសម្រាប់ការជួញដូរចាប់ពីថ្ងៃអង្គារសប្តាហ៍នេះការជួញដូរបានបន្តកើនឡើងដល់ ៦៤ ៦៦៦ ហ៊ុន មុនពេលលោតឡើងដល់ចំនួន ១៣១ ២៧៩ ហ៊ុននៅថ្ងៃបន្ទាប់។
ទំហំនៃការជួញដូរទាំងនេះគឺជាកម្រិតខ្ពស់ខ្លាំងមួយបើធៀបទៅនឹងទំហំជួញដូរជាមធ្យមប្រចាំថ្ងៃដែលមានចំនួនតែ ៧ ៨៤៥ ហ៊ុនគិតចាប់ពីដើមឆ្នាំ ២០១៨ មក។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ CSX បានឲ្យដឹងកាលពីម្សិលមិញថាប្រភេទបញ្ជាទីផ្សារ គឺជាមុខងារមួយដែលជួយសម្រួលដល់ការជួញដូរភាគហ៊ុនក្នុងទ្រង់ទ្រាយធំ ហើយវាមានដំណើរការរហ័ស។
លោកបានថ្លែងថា៖ «បើយើងចង់ទិញ ឬចង់លក់ក្នុងទំហំធំរាប់ម៉ឺនហ៊ុន យើងប្រើប្រភេទបញ្ជានឹងវាលឿន។ យើងមិនសូវផ្តោតលើតម្លៃទេ យើងគិតថាធ្វើម៉េចទិញឲ្យបាន ឬលក់ឲ្យបាន។ អ៊ីចឹងយើងប្រើបញ្ជាហ្នឹងគឺលក់បានភ្លាម ទិញបានភ្លាម»។
មុខងារបញ្ជាទីផ្សារត្រូវបានឲ្យអនុវត្តជាផ្លូវការនៅខែមករាឆ្នាំនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិនដែលមានបំណងទិញ/លក់មូលបត្រភ្លាមៗតាមតម្លៃទីផ្សារ។
កាលពីម្សិលមិញ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានកើនឡើង ១,០៦ ភាគរយដែលមានទំហំចំនួន ១៨ ៦៨៦ ហ៊ុន និងតម្លៃជួញដូរសរុបប្រហែល ១៤ ០៤១ ដុល្លារ៕