ភ្នំពេញៈ ក្រុមហ៊ុន​ Pi Pay ដែល​ជា​ភ្នាក់ងារ​​ផ្តល់​​សេវា​​ទូទាត់​តាម​អនឡាញ​ បាន​បង្ហាញ​ពី​ដំណើរការ​​​ល្អ​នៅ​ទីផ្សារ​​កម្ពុជា ដោយ​បាន​​សម្រួល​​​​ប្រតិបត្តិការ​ទូទាត់​​សរុប​រហូត​ដល់​ទៅ ៧,​៥ លាន​​ប្រតិបត្តិការ ក្នុង​ទំហំ​​​ប្រតិបត្តិការ ទូទាត់​ជា​ទឹក​ប្រាក់​​សរុប​រហូត​ដល់ ១៧០ លាន​ដុល្លារ​គិត​មក​ទល់​ពេល​នេះ​។ នេះ​បើ​​​តាម​ការ​បញ្ជាក់​​ពី​តំណាង​ក្រុមហ៊ុន Pi Pay​​។

ទិន្នន័យ​ខាង​លើ​នេះ​បាន ​រាប់​​បញ្ចូល​គ្នា​ដោយ​គិត​ចាប់​​ពី​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​សេវា​ទូទាត់​​​របស់​ខ្លួន​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៧ ​មក​។​

លោក Tomas Pokorny នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pi Pay បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​​តាម​រយៈ​អ៊ីមែល​កាល​ពី​ម្សិលមិញ​ថា គិត​ចាប់​ពី​ Pi Pay ​បើក​ដំណើរការ​ App របស់​ខ្លួន​មក មាន​អ្នក​ទាញ​យក​​កម្មវិធី​ទៅ​ដំឡើង​នៅ​ទូរស័ព្ទ​​ចំនួន ​៤០ ម៉ឺន​​​ដង ហើយ​គិត​​មក​ទល់​ពេល​នេះ​ App នេះ​មាន​អ្នក​ប្រើប្រាស់​ជា​ប្រចាំ​ចំនួន ២៥ ម៉ឺន​នាក់។

លោក​បាន​​​បន្ត​​ថា គិត​មក​ទល់​ថ្ងៃ​ម្សិលមិញ Pi Pay បាន​​សម្រួល​​​ប្រតិបត្តិការ​ទូទាត់​​សរុប​ចំនួន ៧,៥ លាន​ប្រតិបត្តិការ និង​មាន​​​ទំហំ​ទឹក​ប្រាក់​ពី​ ប្រតិបត្តិការ​សរុប ១៧០ លាន​ដុល្លារ​អាមេរិក។

លោក​បាន​​ថ្លែង​ថា​៖ «​យើង​មើល​ឃើញ​និន្នាការ​កំណើន ​ជា​បន្ត ​ក្នុង​ការ​ប្រើប្រាស់​ការ​ទូទាត់​តាម​ទូរស័ព្ទ​ដៃ»​។ លោក​បាន​​បន្ត​ថា៖ ​«​ក្នុង​ពេល​ឆាប់ៗ ​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​ នឹង​​ត្រូវ​បាន​ប្រើប្រាស់​កាន់​តែ​ទូលំ​​ទូលាយ​ នៅ​ក្រៅ​​តំបន់​ទីក្រុង​​សំខាន់ៗ​ ដោយសារ​តែ​ការ​​យល់​ដឹង​ពី​ភាព​ងាយ​ស្រួល​នៃ​ការ​ទូទាត់ ​និង​ការ​ផ្ទេរ​ដោយ​មិន​មាន​​សាច់​ប្រាក់ ​ត្រូវ​បាន​យល់​ដឹង​កាន់​តែ​ប្រសើរ​»។

ខណៈ​ការ​ទូទាត់​នៅ​កម្ពុជា​ផ្អែក​លើ​សាច់​ប្រាក់​ជា​មូលដ្ឋាន​ ការ​ទូទាត់​តាម​អនឡាញ ​កំពុង​ទទួល​បាន​ការ​ទាក់ទាញ​​យ៉ាង​រហ័ស ​និង​ការ​ផ្ដល់​បណ្ដាញ​ថ្មី​ដើម្បី​លើក​កម្ពស់​ការ​រួម​បញ្ចូល​សេវា​ហិរញ្ញវត្ថុ​។ ​

លោក ​Tomas ​បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​កម្ពុជា ​និង​ប្រជាជន​​វ័យ​ក្មេង​ដែល​មាន​ចំណេះ​ដឹង​​ផ្នែក​ឌីជីថល​បាន​បង្ហាញ​ពី​ឱកាស​មាស​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​បច្ចេកវិទ្យា​កេរ​ដំណែល ​និង​នាំ​យក​ប្រទេស ​កម្ពុជា ​​ឆ្ពោះ​ត្រង់​​ទៅ​សតវត្សរ៍​ទី ​២១​ ជា​មួយ​នឹង​កម្មវិធី​នានា​ដូច​ជា​ Pi​ Pay​។​

លោក​ Tomas ​ឲ្យ​ដឹង​ថា ​Pi Pa​y ​អាច​ត្រូវ​បាន​ប្រើប្រាស់​នៅ​ទីតាំង​ពាណិជ្ជកម្ម​រាប់​ពាន់​កន្លែង​ទូទាំង​ប្រទេស​ កម្ពុជា ​ដែល​ចាប់​ពី​ហាង​កាហ្វេ​តាម​ផ្លូវ ​ដល់​យីហោ​អន្តរជាតិ ​​ការ​ទូទាត់​​តម្លៃ​អគ្គិសនី​ វិក្កយបត្រ​ទឹក​ ការ​​កក់​​សំបុត្រ ​និង​ព្រឹត្តិការណ៍​ផ្សេងៗ​ជា​ច្រើន​ទៀត​។

កម្មវិធី​របស់ ​Pi Pay ​បាន​ធ្វើ​ដៃគូ​ជា​មួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ព្រម​ទាំង​ជា​មួយ​កម្មវិធី ​Alipay ​និង ​WeChat ​មក​ពី​ប្រទេស ​ចិន ​ផង​ដែរ​។​

លោក​ថ្លែង​​ថា​៖ «​ជា​មួយ​នឹង​ភាព​ជា​ដៃគូ​របស់​យើង ​ទេសចរ​អាច​​ប្រើប្រាស់​ Pi Pay​ បាន​យ៉ាង​​ងាយ​ស្រួល​ដែល​ភាគ​ច្រើន​ភ្ញៀវ​​មក​ពី​​ប្រទេស ​ចិន​ ដោយ​មិន​​មាន​ការ​រំខាន​ណាមួយ​ចំពោះ​​មធ្យោបាយ​ដែល​ពួក​គេ​ផ្ញើ​ប្រាក់​ត្រឡប់​ទៅ​ផ្ទះ​»។​

ក្រុមហ៊ុន​ Pi ​Pay ​កាល​ពី​ថ្ងៃ​សៅរ៍​ទើប​នឹង​សម្រេច​បាន​​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​មួយ​ទៀត​ជា​មួយ​ធនាគារ​កូរ៉េ ​KB Kookmin Bank ដែល​ធ្វើ​ឲ្យ​ការ​​ទូទាត់​តាម​ឌីជីថល​ Liiv ​របស់​​ធនាគារ​នេះ​អាច​ត​ភ្ជាប់​ជាមួយ​ Pi Pay ​និង​អាច​ឲ្យ​ធនាគារ​កូរ៉េ​មួយ​នេះ​ចូលរួម​​ក្នុង​បណ្ដាញ​លក់​រាយ​ក្នុង​ស្រុក​របស់​ Pi Pay ​បាន​។ ​កម្មវិធី Liiv របស់​ធនាគារ​ KB ​នៅ​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ ៧៦​ ០០​០​​នាក់​។​

លោក ​Choi ​Changsu ​នាយក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម​ពិភព​លោក​របស់​ធនាគារ​នេះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ Liiv ​របស់​ធនាគារ​ KB Kookmin Bank ​នឹង​ស្វែងរក​ការ​បង្កើត​ទំនាក់​ទំនង​ជា​មួយ​នឹង​ក្រុមហ៊ុន​នាំ​មុខ​ទីផ្សារ​អាស៊ី​អាគ្នេយ៍​​ផ្សេងៗ​ ដើម្បី​ចូលរួម​ក្នុង​ការ​​លក់រាយ​នៅ​ក្នុង​តំបន់​ប្រកប​ដោយ​ជោគជ័យ​»៕LA