
អាជីវករប្តូរប្រាក់កំពុងរាប់លុយដុល្លារឲ្យអតិថិជននៅកន្លែងប្តូរប្រាក់មួយកន្លែងក្នុងទីក្រុងភ្នំពេញនាពេលកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសកម្មភាពសេដ្ឋកិច្ចបានបង្ហាញពីការកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារ និងសហគ្រាស ជាពិសេសការទូទាត់ខ្នាតតូច បើទោះជាចំណែករូបិយប័ណ្ណជាតិនេះនៅក្នុងសេដ្ឋកិច្ចនៅតែមានទំហំតូចនៅឡើយធៀបនឹងដុល្លារ។ នេះបើតាមលទ្ធផលពីការអង្កេតថ្មីមួយ។
ទន្ទឹមនេះការប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងសកម្មភាពសេដ្ឋកិច្ចក៏បានកើនឡើងខ្លាំងផងដែរ ដែលធ្វើឲ្យចំណែកនៃការប្រើប្រាស់ប្រាក់រៀលធៀបនឹងទំហំសេដ្ឋកិច្ចនៅតែតូច ដោយមានប្រមាណ ១០ ភាគរយ។
ការអង្កេតជុំទី២ បង្ហាញថា លទ្ធផលស្ដីពីការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រទេស កម្ពុជា ដែលអង្កេតពីឥរិយាបថនៃការប្រើប្រាស់រូបិយប័ណ្ណក្នុងចំណោមគ្រួសារ ២ ២៦៤ និងសហគ្រាស ៨៥៦ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ ប្រាក់រៀលខ្មែរត្រូវបានប្រើប្រាស់ភាគច្រើនក្នុងចំណោមប្រជាជននៅតំបន់ជនបទ ខណៈវាកំពុងចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់សម្រាប់ក្រុមហ៊ុនរបស់កម្ពុជា។
ប៉ុន្តែគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសធនាគារពាណិជ្ជ នៅតែកំពុងផ្ដល់កម្ចីជាប្រាក់ដុល្លារអាមេរិក ទោះបីជាមាននិន្នាការកំណើនកម្ចីជាប្រាក់រៀលក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដោយ។
ថ្លែងក្នុងការបិទសិក្ខាសាលាកាលពីម្សិលមិញ លោកស្រី នាវ ចន្ទ័ថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ជម្រើសរូបិយប័ណ្ណ កម្ចីលក្ខណៈគ្រួសារ និងក្រុមហ៊ុន ភាគច្រើនជាប្រាក់ដុល្លារ និងកម្ចីធនាគារ និងគ្រឹះស្ថានមីក្រូដែលទទួលប្រាក់បញ្ញើភាគច្រើននៅតែជាប្រាក់ដុល្លារអាមេរិក។
លោកស្រីថ្លែងថា៖ «នៅមានឱកាសសម្រាប់ការលើកកម្ពស់កម្ចីប្រាក់រៀលតាមរយៈការលើកទឹកចិត្ត MFI ឲ្យផ្ដល់កម្ចីជាប្រាក់រៀល។ ការចូលរួមយ៉ាងរឹងមាំពីធនាគារ និង MFI ក្នុងការផ្ដល់កម្ចីជាប្រាក់រៀល គឺកាន់តែមិនអាចខ្វះបាន»។
លោកស្រីបន្ថែមថា មានភ័ស្តុតាងនៃការផ្គូផ្គងរូបិយប័ណ្ណ នៅក្នុងគ្រួសារ និងក្រុមហ៊ុន ក្នុងនោះចំណែករូបិយប័ណ្ណបរទេសក្នុងប្រាក់ចំណូលរបស់គ្រួសារ ខ្ពស់ជាងការចំណាយ ខណៈចំណែករូបិយប័ណ្ណបរទេសជាប្រាក់ចំណូលរបស់ក្រុមហ៊ុនទាបជាងការចំណាយ។
លោកស្រី ចន្ទ័ថាណា ឲ្យដឹងថា គ្រួសារដែលមានប្រាក់ចំណូលកាន់តែខ្ពស់ភាគច្រើនជាប្រាក់ដុល្លារ ខណៈសហគ្រាសធំៗបង្ហាញចំណែកកាន់តែខ្ពស់នៃរូបិយប័ណ្ណបរទេស ទាំងប្រាក់ចំណូល និងការចំណាយ។
លោក Daiju Aiba ជាអ្នកស្រាវជ្រាវរបស់ JICA ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេស ជប៉ុន បានឲ្យដឹងកាលពីម្សិលមិញថា គ្រឹះស្ថានហិរញ្ញវត្ថុ គឺជាអ្នកដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរនៅក្នុងប្រទេស កម្ពុជា។ លោកបន្ថែមថា ធនាគារកណ្ដាលគួរតែត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវកម្រិតនៃការធ្វើដុល្លារូបនីយកម្មក្នុងតំបន់ ដោយការប្រមូលទិន្នន័យលើកម្ចី និងប្រាក់បញ្ញើនៅកម្រិតតំបន់។
លោកថ្លែងថា៖ «ការត្រួតពិនិត្យ គឺចាំបាច់ក្នុងការរកឲ្យឃើញផលប៉ះពាល់អវិជ្ជមាន នៃវិធានការគោលនយោបាយ និងដើម្បីកាត់បន្ថយផលប៉ះពាល់នេះ ទោះបីជាស្ថានការណ៍ដែលមិនរំពឹងទុកកើតឡើងក៏ដោយ»៕LA