ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ នេះ​មានតម្លៃ​ប្រមាណ​ជាង ៦៥៧ លាន​ដុល្លារ ដែល​ស្ទើរតែ​ស្មើនឹង​ពេញ​ ១ ​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ ទទួលបាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ បង្ហាញ​ថា​ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​ ២០១៩ នេះ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​កូរ៉េ​មាន​តម្លៃ​សរុប​ជាង ៦៥៧ ​លាន​ដុល្លារ ខណៈ​ក្នុង​ឆ្នាំ​ ២០១៨ ទាំងមូល​មានតម្លៃ​សរុប ៧៦៩​ លាន​ដុល្លារ​។

លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​បាន​និយាយថា កូរ៉េខាងត្បូង​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​កម្ពុជា​ដោយ​ទំហំ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។

លោក​បន្តថា ជាក់ស្តែង​គ្រាន់តែ​ក្នុង​រយៈពេល​ ៩ ​ខែ​គឺ​មាន​តម្លៃ​ជាង ៦៥៧ ​លាន​ដុល្លារ​រួចទៅហើយ ដែល​ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៨ គឺមាន​ការកើនឡើង​ច្រើន​។ លោក​ថ្លែងបន្តថា​៖ «​ទោះបី​មិន​មាន​ទំហំ​ធំ​ដូច​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ប៉ុន្តែ​កូរ៉េ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ី​»​។

លោក​ប្រាប់ទៀត​ថា​ជាមួយ​នឹង​កំណើន​ទំហំ​ពាណិជ្ជកម្ម​នេះ​បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាននិង​កំពុង​ពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​កូរ៉េ​ផងដែរ​។ លោក​អះអាង​ថា​៖ «​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ដោយសារ​ភាគី​ទាំង​ ២ បាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​»​។

ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ គឺជា​សម្លៀកបំពាក់ និង​ស្បែកជើង ចំណែក​ទំនិញ​ដែល​កូរ៉េ​នាំ​ចូលមក​កម្ពុជា​រួមមាន រថយន្ត គ្រឿងចក្រ គ្រឿងបន្លាស់ និង​គ្រឿង​អេឡិចត្រូនិក​​ជាដើម​។ នេះ​បើ​តាម​លោក កែម​វិចិត្រ​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​និយាយថា​ជាមួយ​នឹង​កិច្ចខិតខំ​របស់​ក្រសួង​កសិកម្ម កម្ពុជា​ទើប​ទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​កូរ៉េ​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​កូរ៉េ​។ លោក​ថ្លែងថា​៖ «​តាម​គម្រោង​យើង​នឹង​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កូរ៉េ​នៅក្នុង​ខែ​មករា​ខាងមុខ​»​។

លោក​បន្តថា នេះ​ជា​ការបោះជំហាន​ថ្មី​មួយទៀត​សម្រាប់​ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុជា តែ​បញ្ហា​ថ្លៃដើម​ផលិត និង​តម្លៃ​ដឹកជញ្ជូន​ខ្ពស់​ក៏​អាចជា​ឧបសគ្គ​ផងដែរ​។

បើ​តាម​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចាប់ពី​ឆ្នាំ​ ១៩៩៦ មកដល់​ខែមករា ឆ្នាំ ​២០១៩ FDI មាន​តម្លៃ​ប្រមាណ ៤ ៤៧០ ​លាន​ដុល្លារ​៕LA