ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានចំនួន ៨៨៤,៨៨ លានដុល្លារ ក្នុងឆ្នាំ ២០២០ ដោយធ្លាក់ចុះ ១៧,៧៧ ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ដែលមានប្រមាណ ១ ០៣២ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ទិន្នន័យនោះបានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារកូរ៉េខាងត្បូងក្នុងតម្លៃជាង ៣១៧ លានដុល្លារ កាលពីឆ្នាំមុនធ្លាក់ចុះ ៥,៤ ភាគរយ ខណៈកម្ពុជានាំចូលមកវិញមានជាង ៥៦៧ លានដុល្លារ ធ្លាក់ចុះ ១៨,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ មានជាង ៦៩៦ ដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាធ្លាក់ចុះនេះ ដោយសារឥទ្ធិពលអវិជ្ជមាននៃការរាតត្បាតជំងឺកូវីដ ១៩ ក្នុងរយៈពេលកន្លងមកនេះ។
ទោះបីជាយ៉ាងណាលោករំពឹងថា ការនាំចេញរបស់កម្ពុជានឹងកើនឡើងវិញនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងចូលជាធរមាននៅអនាគត បន្ទាប់ពីភាគីទាំង ២ បានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងជុំទី ៤ កាលពីខែវិច្ឆិកាឆ្នាំមុន ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។
លោកនិយាយថា៖ «យើងសង្ឃឹមថានៅពេលការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង វានឹងជំរុញការនាំចេញរបស់កម្ពុជាទៅកូរ៉េកើនឡើងទ្វេដង ហើយយើងនឹងនាំចេញទំនិញច្រើនជាងនាំចូលនៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន»។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់កូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។ នេះបើយោងតាមទិន្នន័យក្នុងពេលកន្លងមក។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក (Richfarm Asia Co., Ltd) ដែលជាក្រុមហ៊ុនវិនិយោគលើដំណាំស្វាយកែវរមៀតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កសិផលកម្ពុជាមួយចំនួនបាននិងកំពុងនាំចេញរួចហើយទៅកាន់ទីផ្សារកូរ៉េ ពិសេសផ្លែស្វាយស្រស់ដែលកំពុងពេញនិយមនៅកូរ៉េ។
លោក ហ៊ុន ឡាក់ កត់សម្គាល់ថា៖ «យើងឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលកសិផលមួយចំនួនរបស់កម្ពុជាបាននិងកំពុងនាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូង ដូចជាបន្លែ និងផ្លែស្វាយស្រស់ ហើយភាគីកូរ៉េបានពេញចិត្តចំពោះផលិតផលកម្ពុជាថាមានស្តង់ដាខ្ពស់ត្រូវនឹងស្តង់ដាអន្តរជាតិ»។
លោក ហ៊ុន ឡាក់ បានបន្ថែមថា ក្រុមហ៊ុនលោកមានផែនការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារកូរ៉េនៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនជោគជ័យរួចហើយក្នុងការនាំចេញតំណាប់ស្វាយទៅកាន់ទីផ្សារនេះ។
លោកបញ្ជាក់៖ «យើងកំពុងជជែកជាមួយក្រុមហ៊ុន Hyundai ក្នុងការសហការគ្នាប្រើប្រាស់ម៉ាស៊ីនសម្លាប់សមាសធាតុចង្រៃលើផ្លែស្វាយដើម្បីនាំចេញទៅកូរ៉េ»។
នៅក្នុងសន្និសីទព័ត៌មានផ្សាយផ្ទាល់ពិសេសកាលពីចុងឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមាន ៣២ ពាន់លានដុល្លារក្នុងនោះកម្ពុជានាំចេញមានប្រហែល ១៦ ពាន់លានដុល្លារ។
លោកនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាទទួលបានកំណើនខ្លាំងផ្នែកផលិតផលកសិកម្ម ៧ មុខដែលមានតម្លៃសរុប ៣,៨១ ពាន់លានដុល្លារក្នុងនោះការនាំចេញអង្ករមាន ៦៧៥ ០០០ តោន មានតម្លៃ ៥១៤ លានដុល្លារ ដំឡូងមីជាង ៧ លានតោន តម្លៃជាង ១ ពាន់លានដុល្លារ ស្វាយចន្ទី ២១៨ ៨៨៤ តោន តម្លៃ ២៨៨ លានដុល្លារ ស្វាយ ៨៥០ ០០០ តោន តម្លៃ ៤៧៣ លានដុល្លារ ចេក អំបូងលឿង ៣១៣ តោន តម្លៃ ៥៥១ លានដុល្លារ មៀនប៉ៃលិន ១៧៤ តោន តម្លៃ ៥៧ លានដុល្លារ ម្រេច ៥ ០៧៩ តោន មានតម្លៃ ២៥ លានដុល្លារ៕ LA