ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ​ជិត​ ១៣ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន Jetro​។

ទិន្នន័យ Jetro បាន​ឲ្យ​ដឹងថា​ចាប់ពី​ដើមខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន ​មាន​តម្លៃ​សរុប ២,១០ ​ពាន់​លាន​ដុល្លារ កើនឡើង ១២,៩៥​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែលមាន​តម្លៃ​សរុប ១,៨៦ ​ពាន់​លាន​ដុល្លារ​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​មាន​តម្លៃ​ជិត ១,៦០ ​ពាន់​លាន​ដុល្លារ​ កើនឡើង ៧,៧ ​ភាគរយ​ ពី​ចំនួន ១,៤៨ ​ពាន់​លាន​ដុល្លារ​ កាលពី​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០១៨ ចំណែក​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​មាន​តម្លៃ ៥០២,៨៨ លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ មាន​តម្លៃ ៣៧៥,៧០ លាន​ដុល្លារ​ដោយ​កើនឡើង ៣៣,៩ ​ភាគរយ​។

ដោយឡែក​សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​មាន​តម្លៃ ១៤២ ៥៧៦ ​ដុល្លារ កើនឡើង ៦,២ ​ភាគរយ​ ចំណែក​ការនាំ​ទំនិញ​ពី​ប្រទេស​ជប៉ុន​មាន​តម្លៃ ៥៧ ៩៤៧ ​ដុល្លារ​ កើនឡើង ៣១,៥​ ភាគរយ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។ លោក​បាន​បនុ្ត​ថា កំណើន​នេះ​នឹង​កាន់តែ​ខ្ពស់​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២០៕LA