ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ កើនឡើង ៣៨,៣៩ ភាគរយ រហូតដល់ជាង ៥,៤៥ ពាន់លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ពីការិយាល័យជំរឿនសហរដ្ឋអាមេរិក។
ទិន្នន័យបង្ហាញថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់អាមេរិកក្នុងអំឡុងពេលនេះមានតម្លៃជាង ៤,៩៧ ពាន់លានដុល្លារ កើនឡើង ៤០,៥០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ដែលមានចំនួន ៣,៥៣ ពាន់លានដុល្លារ ខណៈការនាំចូលទំនិញពីអាមេរិកមកកម្ពុជាមានតម្លៃ ៤៨៤,១ លានដុល្លារ កើនឡើង ២០ ភាគរយពីចំនួន ៤០៣,៤ លានដុល្លារ។
កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ មានតម្លៃ ៤,២៦ ពាន់លានដុល្លារ កើនឡើង ២៣,១៣ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមានតម្លៃ ៣,៤៦ ពាន់លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងពាណិជ្ជកម្ម បានធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បន្តកើនឡើងជារៀងរាល់ឆ្នាំ។
លោកបានលើកឡើងថា កំណើនទំហំពាណិជ្ជកម្មនៅពេលនេះក៏ដោយសារប្រទេស កម្ពុជា ទទួលបានការអនុគ្រោះពន្ធ (GSP) សម្រាប់ការនាំទំនិញមួយចំនួនទៅកាន់អាមេរិកផងដែរ។
លោកថ្លែងថា៖ «អាមេរិកគឺជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ដូច្នេះបើយើងអាចរក្សាបានស្ថានភាពល្អប្រសើរបែបនេះ វាប្រាកដជាមានកំណើនយូរអង្វែងជាបន្តទៀត»។ លោកបានបញ្ជាក់ថា៖ «អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេទី ១ របស់កម្ពុជា»។
លោកបន្តថា ទន្ទឹមនឹងកំណើននៃការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកនោះ បច្ចុប្បន្នក៏មានក្រុមហ៊ុនមកពីអាមេរិកជាច្រើនបានចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនអាមេរិកជាង ៣០០ កំពុងវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន។
យោងតាមធនាគារជាតិនៃកម្ពុជា អាមេរិក គឺជាទីផ្សារធំជាងគេសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ដោយអាមេរិកបានកាន់ចំណែកទីផ្សារហូតដល់ ២៩ ភាគរយក្នុងចំណោមទឹកប្រាក់នាំចេញសរុប ១០,៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩។ ចំណែកការនាំចូលវិញអាមេរិកមានចំណែកត្រឹមតែ ២ ភាគរយប៉ុណ្ណោះ ក្នុងចំនួនទឹកប្រាក់ ១៦,៥ ពាន់លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា ការកើនឡើងក្នុងអត្រាខ្ពស់ជាង ៣០ ភាគរយនេះ គឺជារឿងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាដែលភាពល្អប្រសើរនេះ ក៏ដោយសារតែកម្ពុជាទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកផងដែរ។
លោកបានបន្តថា កំណើននេះអាចនឹងធ្លាក់ចុះវិញខ្លះ ប្រសិនបើអាមេរិកដកយកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីកម្ពុជា។ ហេតុនេះការស្វែងរកដៃគូថ្មី គឺជាការចាំបាច់។ លោកថ្លែងថា៖ «ការគិតគូរពីការធ្វើពិពិធកម្មទីផ្សារថ្មីៗនៅតែជាកិច្ចការចាំបាច់ដែលកម្ពុជាត្រូវតែខិតខំធ្វើបន្ថែមទៀត ព្រោះនៅពេលមានទីផ្សារច្រើន វានឹងធ្វើឲ្យការនាំចេញទំនិញរបស់កម្ពុជាកាន់តែមានលំនឹងល្អ»។
បើតាមលោក វណ្ណៈ ទន្ទឹមនឹងការខិតខំពង្រីកទីផ្សារថ្មីនោះ កម្ពុជាក៏ត្រូវគិតគូរពីការពង្រឹងគុណភាពផលិតផលរបស់ខ្លួនផងដែរ។
ទំនិញដែលប្រទេសកម្ពុជានាំចេញទៅអាមេរិកភាគច្រើនគឺជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងអគ្គិសនី ចំណែកទំនិញដែលអាមេរិកនាំមកកម្ពុជាវិញមានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលសម្រេចមួយចំនួនទៀត៕