ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក​នៅក្នុង​រយៈពេល​ ៤ ​ខែ​ដើមឆ្នាំ​ ២០២០ បាន​កើនឡើង​ជិត ៣០ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហាក់​មិនទាន់​ប៉ះពាល់​ខ្លាំង​ដល់​ការនាំចេញ​នាំចូល​នៅ​ប៉ុន្មាន​ខែ​ដំបូង​ដើមឆ្នាំ​នេះ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញថា ក្នុង​រយៈពេល ៤ ​ខែ​ដើម​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​តម្លៃ​សរុប ២ ១៣២,៤ ​លាន​ដុល្លារ កើន ២៩,៣១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន​តម្លៃ​ត្រឹមតែ ១ ៦៤៨ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ក្នុង​រយៈពេល​នេះ​មាន​តម្លៃ ២ ០២៤,២ ​លាន​ដុល្លារ​កើន ៣៦,៦៦ ​ភាគរយ​ធៀបនឹង​ឆ្នាំ​ ២០១៩ ដែល​មាន ១ ៤៨១,១ ​លាន​ដុល្លារ និង​ទំនិញ​កម្ពុជា​នាំចូល​ពី​អាមេរិក​មាន​តម្លៃ ១០៨,២ ​លាន​ដុល្លារ​ធ្លាក់​ចុះ ៣៥,៤ ​ភាគរយ​ពី​ចំនួន ១៦៧,៥ ​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា កំណើន​នៃ​ការនាំចេញ​ក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​គឺ​ដោយសារ​ពេលនោះ​អាមេរិក​នៅ​មិនទាន់​មាន​ការរីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩ ហើយ​ការបញ្ជាទិញ​ទំនិញ​ពី​រោងចក្រ​នៅ​កម្ពុជា​ក៏​មិនទាន់​មាន​ការស្នើសុំ​ឲ្យ​លុបចោល​ដែរ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​មោទនភាព​របស់​កម្ពុជា​ក្នុង​ការរក្សា​បាន​នូវ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំចេញ​ដ៏ច្រើន​ទៅ​អាមេរិក​ដែល​ជា​ទីផ្សារ​ធំ​សម្រាប់​ផលិតផល​នាំចេញ​របស់​កម្ពុជា​»​។

បើតាម​លោក លឹម ហេង កំណើន​ការនាំចេញ​នា​រយៈពេល​ខាងលើ​ក៏​ដោយសារ​កម្ពុជា​មិន​មាន​បញ្ហា​កង្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត​ផងដែរ​។

លោក​បន្ថែមថា ទោះ​ជា​យ៉ាងណា​កំណើន​នេះ​អាច​នឹង​មិន​មាន​ទៀត​ទេ​ក្នុង​អំឡុង​ខែ​បន្តបន្ទាប់ ព្រោះ​ការបិទ​ទីផ្សារ​មួយរយៈ​ដោយសារ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​ការបញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​មួយ​ចំនួន​ត្រូវគេ​លុបចោល​។ ប៉ុន្តែ​វា​អាច​នឹងមាន​សម្ទុះ​ឡើងវិញ​នៅពេល​ជំងឺ​កូវីដ​១៩ ថយ​ឥទ្ធិពល និង​ការបើក​ទីផ្សារ​នៅ​អាមេរិក​ឡើងវិញ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា កំណើន​នៃ​ការបញ្ជា​ទិញ និង​ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​នយោបាយ​សេដ្ឋកិច្ច​បាន​ធ្វើឲ្យ​ពាណិជ្ជកម្ម​កម្ពុជា អាមេរិក​មាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​។

ទោះបី​យ៉ាង​ណា​លោក​អះអាង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​នឹង​មាន​ការថមថយ​ខ្លះ​នៅពេល​បន្ទាប់ ដែល​ហេតុផល​គឺ​មាន​ទាំង​ការលុបចោល​ការបញ្ជាទិញ​ពី​អាមេរិក និង​ផលអវិជ្ជមាន​មួយចំនួន​ដែល​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ជំងឺ​កូវីដ​១៩​។

លោក​លើកឡើង​ថា​៖ «​ការបញ្ជាទិញ​ពី​អាមេរិក​នឹង​មាន​ការធ្លាក់ចុះ​នៅពេល​បន្ទាប់ ដោយសារ​ការបន្ត​រីករាលដាល​នៃ​ជំងឺ​កូវីដ និង​ស្ថានភាព​នយោបាយ​មាន​ភាពវឹកវរ​ដោយសារ​ការធ្វើ​បាតុកម្ម​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​»​។

ជាមួយ​នឹង​សុទិដ្ឋិនិយម​លោក វណ្ណៈ អះអាង​ថា​៖ «​បើ​ស្ថានការណ៍​នយោបាយ​នៅ​អាមេរិក​អាច​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ស្របពេល​ការចូល​មក​ដល់​នៃ​រដូវ​ត្រជាក់​ដែល​មាន​តម្រូវការ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ច្រើន​នោះ ខ្ញុំ​រំពឹង​ថា ការបញ្ជា​ទិញ​នឹង​កើនឡើង​វិញ​ខ្លះ​ដោយ​នឹង​មិន​ធ្លាក់​គួរ​ឲ្យ​កត់សម្គាល់​ទេ​»​។

យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បង្ហាញ​ថា កាលពី​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​សរុប ៥ ៨៧០,៨ ​លាន​ដុល្លារ​កើនឡើង ៣៨,០៥ ​ភាគរយ បើ​ធៀប​នឹង​ចំនួន ៤ ២៥២,៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ ក្នុង​ឆ្នាំ ២០១៩ ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ៥ ៣៥៦,៨ ​លាន​ដុល្លារ​ធៀប​នឹង ៣ ៨០៦,៥ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៨ ខណៈ​ការនាំ​ចូល​សរុប​ពី​អាមេរិក​មាន​តម្លៃ ៥១៤ ​លាន​ដុល្លារ និង​ការ​នាំចូល​កាលពី​ឆ្នាំ​ ២០១៨ មាន​តម្លៃ ៤៤៥,៩ ​លាន​ដុល្លារ​។

កាលពី​ឆ្នាំ​ ២០១៩ ប្រទេស​កម្ពុជា ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​ឈានមុខ​គេ​ទី ៦៦ របស់​អាមេរិក​៕ LA