ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ មាន​ទឹកប្រាក់​សរុប​ជាង ១១ ​ពាន់​លាន​ដុល្លារ ដែល​រុញច្រាន​ខ្លាំង​ពី​សកម្មភាព​នៃ​ការនាំចេញ និង​នាំចូល​ទំនិញ​ក្នុង​ខែ​មករា និង​ខែកុម្ភៈ ខណៈ​ ២ ​ខែ​ចុងក្រោយ​បង្ហាញ​ពី​ការធ្លាក់ចុះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

របាយការណ៍​ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទើប​ទទួល​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៤ ​ខែ ដើមឆ្នាំ​ ២០២០ ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ទឹកប្រាក់​សរុប ៤ ៤៣០ លាន​ដុល្លារ​ កើនឡើង ៧,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំណែក​ការនាំ​ចូល​មាន​ទឹកប្រាក់​សរុប​ ៦ ៧៣៦ ​លាន​ដុល្លារ កើនឡើង ៦,៧ ​ភាគរយ​។

ទោះយ៉ាងណា​របាយការណ៍​បាន​ឲ្យ​ដឹងថា អត្រាកំណើន​ខាងលើ​នេះ​គឺ​មាន​ភាពខុសប្លែក​ច្រើន បើ​ធៀប​ទៅ​អត្រា​កំណើន​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០១៩ ដោយ​នៅពេល​នោះ​ការនាំចេញ​បាន​កើន​ ១៤,៣ ​ភាគរយ និង​ការនាំចូល​កើន ២៥,១០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

របាយការណ៍​បាន​ឲ្យ​ដឹងថា​៖ «​ជារួម​ទឹកប្រាក់​នាំចេញ​នៅ​រក្សា​បាន​កំណើន​ល្អ ទោះបី​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក៏ដោយ​»​។

យោងតាម​របាយការណ៍​ខាងលើ​កត្តា​ដែល​ធ្វើឲ្យ​ការនាំចេញ និង​នាំចូល​ទំនិញ​របស់​កម្ពុជា​មាន​កំណើន​នា​រយៈពេល ៤ ​ខែ​ដំបូង គឺ​ដោយសារ​តែ​កំណើន​ដ៏ខ្ពស់​ក្នុង​ខែមករា និង​កុម្ភៈ ខណៈ​ចាប់ពី​ខែ​មីនា​ដល់​ខែមេសា មិនមាន​ភាពល្អ​ប្រសើរ​នោះឡើយ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កំណើន​នេះ​គឺ​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ការបញ្ជាទិញ លក់​ដែល​មាន​មុន​ឆ្នាំ​ ២០២០ ​ចូល​មក​ដល់​ពោល​គឺ​នៅមុន​ពេល​ការផ្ទុះ​ជំងឺ​កូវីដ​១៩ ពាសពេញ​ពិភពលោក​។ លោក​បន្តថា ជាធម្មតា​ការបញ្ជាទិញ​ធំៗ គេ​តែងតែ​ធ្វើ​ឡើង​នៅ​យ៉ាងហោច​ណាស់ ៣ ​ខែ​មុនពេល​ផ្តល់​ទំនិញ​ហេតុនេះ​ការបញ្ចូល​ទំនិញ​ពិតជា​មាន​ច្រើន​នៅ​អំឡុង​ ២-៣ ​ខែ​ដើមឆ្នាំ តែ​បន្ទាប់ពី​នោះ​វា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល ៤ ​ខែ​ដំបូង​គឺ​ដោយសារ​តែ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការបញ្ជូន និង​ផ្តល់​ទំនិញ​ដែល​ធ្វើ​កិច្ចព្រមព្រៀង​រួចហើយ តែ​បន្ទាប់ពី​នោះ​វា​បាន​ថមថយ​ចុះ​ជា​លំដាប់​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​បញ្ជាក់ថា បន្ទាប់ពី​រយៈពេល​នេះ កំណើន​ប្រហែល​ជា​មិនមាន​ទៀត​ទេ​។ លោក​និយាយថា​៖ «​វា​អាច​ថយចុះ​គឺ​នឹង​មិន​មាន​កំណើន​ទៀត​ទេ​»​។

លោក​បន្ថែមថា តម្រូវការ​ស្បៀង​ស្តុក​ទុក​នៅពេល​នោះ​ក៏​មាន​កំណើន​ខ្ពស់​ផងដែរ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចាប់ពី​ដើម​ឆ្នាំ​ ២០២០ មក ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​បាន​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​បើ​គិត​ត្រឹម​រយៈពេល​ ៤ ​ខែ ការនាំចេញ​សម្រេច​បាន​បរិមាណ ៣០០ ២៥២ ​តោន​កើនឡើង ៤០,៤៦ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ២១៣ ៧៦៣​ តោន​។ ចំណែក​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការនាំចេញ​ក្នុង​រយៈ​នេះ​គឺ​មាន​ប្រមាណ ២១០ ​លាន​ដុល្លារ​។

លោក​បាន​ថ្លែងថា​៖ «​បើទោះបី​ជា​ខ្ញុំ​មិនមាន​តម្លៃ​នាំចេញ​អង្ករ​ក្នុង​រយៈពេល​ ៤ ​ខែ​ឆ្នាំមុន ប៉ុន្តែ​ខ្ញុំ​ដឹងថា ទឹកប្រាក់​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ​នេះ​បាន​កើន​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩»​។

លោក​បន្តថា សម្រាប់​ទីផ្សារ​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ​នេះ លោក​រំពឹង​ថា នឹង​មិន​មាន​សញ្ញាណ​ណា​ដែល​បង្ក​ជា​ហានិភ័យ​ធ្វើឲ្យ​ការនាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ធ្លាក់ចុះ​ទេ​។ លោក​បន្តថា ខណៈ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ កំពុង​ថមថយ​ឥទ្ធិពល ហើយ​ការបើក​ចំហ​ប្រទេស​មាន​កាន់តែ​ច្រើន​នោះ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​លើ​ពិភពលោក​នឹង​មាន​ភាពរឹងមាំ​ឡើងវិញ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា (GDP) ក្នុង​ឆ្នាំ​ ២០២០ ​នេះ​នឹង​ធ្លាក់​មក​នៅក្នុង​រង្វង់ ១,៩ ​ភាគរយ ហើយ​នឹង​ងើបឡើង​វិញ​ក្នុង​រង្វង់ ៣,៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២១ ខាងមុខ​។

យោងតាម​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹង​ផ្អែកលើ​វិស័យ​សំខាន់ៗ​ចំនួន ៣ គឺ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម​។ ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។

ទិន្នន័យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ ១៤,៥៣ ​ពាន់​លាន​ដុល្លារ កើនឡើង ១២,៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ការនាំចូល​មាន​ចំនួន ២២,១៩ ​ពាន់​លាន​ដុល្លារ​កើន ១៨,៦ ​ភាគរយ​។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​រួមមាន សម្លៀកបំពាក់ ផលិតផល​វាយនភណ្ឌ ស្បែកជើង អង្ករ និង​កង់​។ ចំណែក​ទំនិញ​នាំចូល​រួមមាន វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ រថយន្ត ប្រេង ឥន្ធនៈ និង​គ្រឿងសំណង់​។ ទីផ្សារ​សំខាន់ៗ​សម្រាប់​ទំនិញ​កម្ពុជា រួមមាន ថៃ វៀតណាម ចិន អាមេរិក កូរ៉េ​ខាងត្បូង ជប៉ុន និង​អង់គ្លេស​៕