ភ្នំពេញ: ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ២០២០ នេះ​សម្រេច​បាន​ជាង ៥៨៦ លាន​ដុល្លារ​កើនឡើង ៤,៩០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន បើទោះ​ជា​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន​ (JETRO)​។

របាយការណ៍​នេះ​ឲ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ​ជាង ៤៧៥ លាន​ដុល្លារ​អំឡុង​ពេល​នេះ​ដោយ​កើនឡើង ៤,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការនាំ​ចូល​របស់​កម្ពុជា​មាន​ចំនួន​ជាង ​១១១ លាន​ដុល្លារ​កើនឡើង ៧ ភាគរយ​។

លោក ឈួ វិចិត្រ ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ​ប៉ោយប៉ែត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា សកម្មភាព​ផលិត និង​ការនាំចេញ​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​កំពុង​មាន​ដំណើរការ​យ៉ាង​រលូន ទោះបី​មាន​ការរីក​រាលដាល​វីរុស​កូរ៉ូណា​ក៏ដោយ​។ លោក​បន្តថា ក្រុមហ៊ុន​ជប៉ុន​ទាំងនេះ​បាន​ផលិត​គ្រឿង​បង្គុំ​យានយន្ត និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ជប៉ុន និង​ថៃ​។

លោក​ថ្លែងថា​៖ «​ពួកគាត់​ដំណើរ​ការផលិត​ជាធម្មតា ហើយ​ការនាំចេញ​របស់​ពួកគាត់​ក៏​គ្មានអ្វី​ប្រែប្រួល​អ្វី​នោះដែរ​ក្នុង​អំឡុង​ពេលនេះ​។ យើង​ជឿថា ការនាំចេញ​ផលិតផល​របស់​ពួកគាត់​នៅ​ត្រីមាស​បន្ទាប់ៗ​ទៀត​នឹង​នៅតែ​ល្អប្រសើរ ដោយសារ​ពួកគេ​ពុំមាន​អ្វី​ប៉ះពាល់​ដោយសារ​វីរុស​នេះ​ទេ​»​។

លោក​បាន​ឲ្យ​ដឹងថា តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូប៉ោយប៉ែត​កំពុងមាន​សក្តានុពល​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​ថ្មី​បន្ថែមទៀត​។

លោក​និយាយថា​៖ «​កាលពី​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន ២ ​បាន​ចាប់អារម្មណ៍​មក​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​យើង​។ ពួកគេ​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​ផ្គុំ​អគ្គិសនី ដែល​ពួកគេ​កំពុងធ្វើការ​សិក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​តំបន់​នេះ​»​។

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ផ្ទៃដី​ជាង ៨៣ ​ហិកតា​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​នេះ​មាន​ក្រុមហ៊ុន​ចំនួន ១០ កំពុង​ធ្វើ​ប្រតិបត្តិការ​ដោយ ៩ ​ក្រុមហ៊ុន​ជា​វិនិយោគ​ដោយ​វិនិយោគិន​ជប៉ុន​។

ប្រទេស​ទាំង ២ ​ប្តេជ្ញា​ថា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​ជាង ២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០ ​នេះ​។

ការនាំ​ចេញ​ពី​កម្ពុជា​មាន​តម្លៃ​ជាង ១,៧ ពាន់​លាន​ដុល្លារ​ទៅ​ទីផ្សារ​ជប៉ុន​កាលពី​ឆ្នាំ​ ២០១៩ កើន ៧,៧ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី JETRO​។

ទិន្នន័យ​នេះ​បង្ហាញថា កម្ពុជា​បាន​នាំចូល​ផលិតផល​មកវិញ​មាន​តម្លៃ​ជាង ៥៦៣ លាន​ដុល្លារ កើនឡើង ៣៣,៤ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

យោងតាម​ទិន្នន័យ​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៥ ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ មាន​គម្រោង​វិនិយោគ​ជប៉ុន ១៤១ ​គម្រោង​ស្មើនឹង​ទុនវិនិយោគ ២,៥ ​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នោះ ៦៦ ​គម្រោង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាមួយនឹង​ទុនវិនិយោគ​ដែល​ប៉ាន់ប្រមាណ​ចំនួន ៣៤០ លាន​ដុល្លារ​។ គម្រោង​វិនិយោគ​ភាគច្រើន​លើ​ថាមពល គ្រឿង​ផ្គុំ​អគ្គិសនី គ្រឿងបន្លាស់​យានយន្ត កសិឧស្សាហកម្ម ការកែច្នៃ​អាហារ មន្ទីរពេទ្យ និង ការលក់រាយ​ជាដើម​៕ LA