
ការនាំទំនិញពីកម្ពុជាទៅជប៉ុនមានតម្លៃ ៩១៤,៤១ លានដុល្លារ ធ្លាក់ចុះ ៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមាន ៩៤២,៩៨ លានដុល្លារ។ ហេង ជីវ័ន
ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុនក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២០ នេះមានតម្លៃសរុបជាង ១,១៧ ពាន់លានដុល្លារ ធ្លាក់ចុះជិត ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសប្រទេសជប៉ុន Jetro។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានតម្លៃជាង ១ ១៧៥ លានដុល្លារ ធ្លាក់ចុះ ៥,៧១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមានតម្លៃ ១ ២៤៦ លានដុល្លារ។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅជប៉ុនមានតម្លៃ ៩១៤,៤១ លានដុល្លារ ធ្លាក់ចុះ ៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមាន ៩៤២,៩៨ លានដុល្លារ ចំណែកការនាំចូលមានតម្លៃ ២៦០,៧៣ លានដុល្លារ ធ្លាក់ចុះ ១៤,០៦ ភាគរយពីចំនួន ៣០៣,៤ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើគ្រប់ចង្វាក់ការធ្វើពាណិជ្ជកម្មនៅគ្រប់ប្រទេសលើពិភពលោកធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេសក្នុងត្រីមាសទី ២ និងដើមត្រីមាសទី ៣។ កូវីដ ១៩ ក៏បានធ្វើឲ្យការធ្វើដំណើរត្រូវជាប់គាំងដែរ។
លោកថ្លែងថា៖ «នៅមុនពេលផ្ទុះជំងឺកូវីដ ១៩ ទំហំពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរ រវាងកម្ពុជា និងជប៉ុនបានកើនឡើងរៀងរាល់ឆ្នាំ ប៉ុន្តែនៅពេលនេះភាពមមាញឹកទាំងនោះមិនទាន់មានភាពល្អប្រសើរវិញទេ»។
បើទោះបីបច្ចុប្បន្នពិភពលោកអាចគ្រប់គ្រងជំងឺសកលនេះបានខ្លះហើយក៏ដោយ ក៏លោក លឹម ហេង នៅតែមិនហ៊ានវាយតម្លៃបែបណានោះទេ ទាក់ទងនឹងទំហំពាណិជ្ជកម្មទ្វេភាគីនេះសម្រាប់រយៈពេលដែលនៅសល់ក្នុងឆ្នាំ ២០២០ នេះ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានអះអាងថា ហេតុផលចម្បងដែលធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះគឺដោយសារជំងឺកូវីដ ១៩ ខណៈសេដ្ឋកិច្ចប្រទេសជប៉ុនទាំងមូលក៏កំពុងធ្លាក់ចុះដែរ។ ការធ្លាក់ចុះទំហំពាណិជ្ជកម្មលក្ខណៈទ្វេភាគីរបស់ជប៉ុន គឺកើតមានស្ទើរគ្រប់ប្រទេសដៃគូពាណិជ្ជកម្មទាំងអស់។
លោកបន្តថា ប្រឈមមុខនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចដោយសារកូវីដ១៩ បញ្ហាសន្តិសុខជាតិ និងតំបន់ (សមុទ្រចិនខាងត្បូង) ក៏កំពុងធ្វើឲ្យប្រទេសជប៉ុនជួបនឹងបញ្ហាជាច្រើនផងដែរ។
លោកអះអាងថា៖ «ខ្ញុំគិតថាស្ថានភាពនៃកំណើនទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុន នឹងមិនអាចមានកំណើនឡើងវិញក្នុងពេលឆាប់ៗទេ ដោយត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២១ ព្រោះបច្ចុប្បន្នកំណើននៃវិនិយោគិនជប៉ុននៅកម្ពុជាលើវិស័យមួយចំនួនដូចជា កសិកម្ម ទេសចរណ៍ និងសំណង់ចាប់ផ្តើមកម្រើកឡើងវិញបណ្តើរៗហើយ»។
កាលពីឆ្នាំ ២០១៩ ការនាំចេញពីកម្ពុជាទៅទីផ្សារជប៉ុនសម្រេចបាន ១,៧ ពាន់លានដុល្លារ កើនឡើង ៧,៧ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យពី Jetro៕ LA