ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ នៅក្នុង​រយៈពេល​ ៤ ​ខែ ដើម​ឆ្នាំ​ ២០២០ បាន​កើនឡើង​ជាង ១៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ក្នុងនោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​បាន​ស្ទុះ​កើន​រហូត​ជាង ១០៦ ​ភាគរយ ខណៈ​ធុរជន​ក្នុង​ស្រុក​បង្ហាញ​ទំនុកចិត្ត​ចំពោះ​តម្រូវការ​ម្ហូបអាហារ​ដែល​នឹង​ផ្តល់​ភាព​អំណោយផល​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​ខែ​ខាងមុខ​។ ​

តួលេខ​ពាណិជ្ជកម្ម​ទ្វេភាគី​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​ត្រូវ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​អង្គភាព​ព័ត៌មាន Fresh News បាន​ឲ្យ​ដឹងថា ទោះបី​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​ការរីករាលដាល ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មិនបាន​ធ្លាក់ចុះ​ទេ ដោយ​ទំហំ​ជួញដូរ​សរុប​មាន​តម្លៃ​ប្រមាណ ៣,១ ​ពាន់​លាន​ដុល្លារ​ កើនឡើង ១៨,៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។

ក្នុង​រយៈពេល​ខាងលើ​ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​មាន​តម្លៃ ៦៨៧ ​លាន​ដុល្លារ ​កើន ១០៦ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩។ ផលិតផល​នាំចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​មាន​ដូចជា ត្បូងថ្ម គ្រឿងអលង្ការ​ផលិតផល​កសិកម្ម និង​គ្រឿង​អាលុយមីញ៉ូម ចំណែក​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ​​ មាន​តម្លៃ​ប្រមាណ ២,៤ ​ពាន់​លាន​ដុល្លារ​ កើនឡើង ៥,៦ ​ភាគរយ​ ​ដែល​ភាគច្រើន​ជា​ប្រេងឥន្ធនៈ ទោចក្រយានយន្ត រថយន្ត ត្បូងថ្ម និង​គ្រឿងអលង្ការ​ជាដើម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​អាទិត្យ​ថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ជា​ដុំកំភួន​ដល់​ការដោះដូរ​ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ​ទេ ព្រោះ​បើទោះបី​ជា​ប្រទេស​ទាំង ២ បាន​រឹតបន្តឹង​ចរាចរណ៍​មនុស្ស​ឆ្លង​ព្រំដែន ប៉ុន្តែ​ទំនិញ​ឆ្លងកាត់ គឺមាន​ជា​ធម្មតា​។ លោក​បន្តថា អំឡុង​ពេលនេះ​ការនាំចេញ​នាំចូល​ទំនិញ​អាច​មាន​ការធ្លាក់ចុះ​នៅ​ផ្នែក​ខ្លះ ប៉ុន្តែ​សម្រាប់​វិស័យ​ម្ហូបអាហារ ផលិតផល​កសិឧស្សាហកម្ម និង​កសិកម្ម​គឺ​មាន​កំណើន​ខ្ពស់​។

លោក​ថ្លែងថា​៖ «​នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ ​មាន​កំណើន​ក្នុង​ពេលនេះ​»​។

ជាមួយ​ក្តីសុទិដ្ឋិនិយម​លោក លឹម ហេង បាន​អះអាង​ថា​៖ «​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​នៅ​ខែ​បន្ទាប់ៗ​ខាងមុខ ខ្ញុំ​គិតថា​នឹង​មិន​ធ្លាក់ចុះ​ទេ ព្រោះ​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូវីដ​១៩ លើ​ពិភពលោក​កាន់តែ​មាន​ភាពប្រសើរ ហេតុនេះ​តម្រូវការ​លើ​គ្រប់​ផលិតផល​នឹង​ស្ទុះ​ងើបឡើង​វិញ​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​និយាយ​ថា ដោយសារ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ ភាគច្រើន​ជា​ទំនិញ​ចាំបាច់​ប្រចាំថ្ងៃ​ដែល​មាន​ដូចជា​ម្ហូបអាហារ និង​ផលិតផល​កសិកម្ម​នោះ ដូច្នេះ​ការដោះដូរ​ទំនិញ​ជាមួយ​គ្នា​មិនបាន​ធ្លាក់ចុះ​ទេ​ចាប់ពី​ខែ​មករា-ខែ​មេសា​។ លោក​បន្តថា បើ​ប្រទេស​ទាំង​ ២ ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ច្រើន​លើ​ទំនិញ​មិនចាំបាច់​ដូចជា គ្រឿង​ម៉ាស៊ីន នោះ​គឺ​អាច​មាន​ការធ្លាក់ចុះ​ខ្លះ​។

លោក​និយាយថា​៖​ «​វិបត្តិ​នៃ​ជំងឺ​កូវីដ ពិតជា​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឡើយ​។ សម្រាប់​ពេលនេះ​ និង​ទៅ​ខាងមុខ​ក៏​នឹងមិន​ធ្លាក់ចុះ​ដែរ​»​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៥៥ ដែល​តភ្ជាប់​ពី​ខេត្តពោធិ៍សាត់​ទៅ​ព្រំដែន​ប្រទេស​ថៃ​កាលពី​ខែ​មីនា​ថា ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ ២ លោក​សង្ឃឹមថា សកម្មភាព​ដោះដូរ​ទំនិញ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ទាំង ២ នឹង​កើន​ដល់​តម្លៃ ១៥ ​ពាន់​លាន​ដុល្លារ​ឆ្នាំ​ ២០២០​។

កាលពី​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ថៃ​សម្រេច​បាន​ក្នុង​ទឹកប្រាក់​ជាង ៩,៤១ ​ពាន់​លាន​ដុល្លារ​កើន ១២ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៨,៣៨ ​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញ​ពី​កម្ពុជា​មាន​តម្លៃ​ជាង ២,២ ​ពាន់​លាន​ដុល្លារ​កើន ១៩៥ ​ភាគរយ ខណៈ​ការ​នាំចូល​ទំនិញ​ពី​ថៃ​មាន​តម្លៃ ៧,១៤ ​ពាន់​លាន​ដុល្លារ​ធ្លាក់​ចុះ​ ៦ ​ភាគរយ​។

របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៩ ​ខែ​ដើម​ឆ្នាំ​ ២០១៩ ប្រទេស​ថៃ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​ ២ ក្នុងនាម​ជា​ប្រទេស​នាំ​ទំនិញ​មក​កម្ពុជា​ច្រើនជាងគេ (១៥ ​ភាគរយ​) បន្ទាប់ពី​ប្រទេស​ចិន (​មាន​ចំនួន ៣៩ ​ភាគរយ​)​។ ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​គឺ​ថៃ​ស្ថិត​នៅ​លេខ ៧ (៤ ​ភាគរយ​) តាម​ពីក្រោយ​សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចិន អង់គ្លេស និង​កាណាដា​៕ LA