ភ្នំពេញ: ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​ធ្លាក់ចុះ​ប្រមាណ​ ៨ ​ភាគរយ​ ក្នុង​រយៈពេល​ ៥ ​ខែ​ឆ្នាំ​នេះ​ដោយសារ​ជំងឺ​កូវីដ ​១៩​។

ស្ថានទូត​វៀតណាម​ផ្សព្វផ្សាយ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម ដែល​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម​សម្រេច​បាន ២,១៧ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​ឆ្នាំនេះ ធ្លាក់​ចុះ​ ៨,១ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។

ទិន្នន័យ​នេះ​បង្ហាញថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​វៀតណាម​មាន​តម្លៃ ៤៧៦ ​លាន​ដុល្លារ​​ ធ្លាក់​ចុះ​ ១៥ ភាគរយ ខណៈ​កម្ពុជា​នាំចូល​មាន​តម្លៃ​ ១,៧ ​ពាន់​លាន​ដុល្លារ​ ធ្លាក់​ចុះ​ ៦ ​ភាគរយ​។

ឯកអគ្គរដ្ឋទូត​វៀតណាម លោក Vu Quang Minh ឲ្យ​ដឹងថា ការវិនិយោគ​របស់​ប្រទេស​វៀតណាម​ផ្ដោតលើ​វិស័យ​កសិកម្ម ធនាគារ ទូរគមនាគមន៍ ព័ត៌មានវិទ្យា ឧស្សាហកម្ម ការកែច្នៃ និង​ការផលិត​ផលិតផល​។

លោក​ថា​៖ «​សកម្មភាព​ការផលិត​របស់​សហគ្រាស​វៀតណាម​នៅ​កម្ពុជា​បានរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សន្ដិសុខ​សង្គម​កម្ពុជា​»​។

លោក​បន្តថា កម្ពុជា​មាន​គម្រោង​វិនិយោគ​ ២១ នៅក្នុង​ប្រទេស​វៀតណាម​ ជាមួយ​នឹង​ទុន​ចុះបញ្ជី​សរុប​ជិត ៦៤ លាន​ដុល្លារ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី ៥៤ ក្នុង​ចំណោម​ប្រទេស ១៣២ ដែល​វិនិយោគ​នៅ​វៀតណាម​។

កាលពី​ចុងខែ​ធ្នូ​ឆ្នាំមុន​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ផ្សារដារ​នៅ​ខេត្ត​ត្បូងឃ្មុំ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​បង្កើត​ឡើង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​វៀតណាម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន​ត្រូវបង្កើត​ឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​វៀតណាម​កាន់តែ​ច្រើន​ព្រមទាំង​ក្រុម​វិនិយោគិន​ផ្សេងទៀត​សម្រាប់ ការនាំ​ចេញពី​យើង​»​។

ទិន្នន័យ​នេះ​ឲ្យ​ដឹង​ទៀតថា កម្ពុជា​បាន​នាំចេញ​ទំនិញ​ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស្លឹក​ថ្នាំជក់ និង​ចេក ខណៈ​វៀតណាម​នាំចូល​កម្ពុជា​រួមមាន ដែកថែប ប្រេង បន្លែ​ផ្លែឈើ ជី​កសិកម្ម ជាដើម​។

ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​សម្រេច​បាន​ជិត ៥,៣ ​លាន​ដុល្លារ​ កើនឡើង ១១ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន ចំនួន ៩០១ ​លាន​ដុល្លារ កើនឡើង ៧ ​ភាគរយ ខណៈ​កម្ពុជា​នាំចូល​មាន​តម្លៃ ៤,៤ ​ពាន់​លាន​ដុល្លារ​ កើនឡើង ១៦ ​ភាគរយ​។

ការវិនិយោគ​របស់​វៀតណាម​មាន​គម្រោង ២១៤ ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា ​ជាមួយ​ទុនវិនិយោគ​សរុប​ចំនួន ៣,០៧ ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នោះ​មាន​គម្រោង​ដែល​មាន​សុពលភាព ១៧៦ ជាមួយ​ទុន​ចុះបញ្ជី​សរុប ២,៧៧ ​ពាន់​លាន​ដុល្លារ​៕ LA