
ទិដ្ឋភាពកុងតឺន័រស្តុកទំនិញជាច្រើននៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ ទោះបីជំងឺកូវីដ១៩ កំពុងបន្តរីករាលដាលខ្លាំងនៅអាមេរិកនារយៈពេលប៉ុន្មានខែជាប់ៗគ្នា ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក មិនបានធ្លាក់ចុះនោះទេ ដោយក្នុងរយៈពេល ១០ ខែដំបូងឆ្នាំនេះមានតម្លៃជាង ៥,៨ ពាន់លានដុល្លារកើនឡើងប្រមាណ ៩៧២,៨ លានដុល្លារ ឬជិត ១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។
ទិន្នន័យរបស់ការិយាល័យពាណិជ្ជកម្មរដ្ឋាភិបាលអាមេរិក (United States Census Bureau) បង្ហាញថា ក្នុងរយៈពេល ១០ ខែដំបូងឆ្នាំ ២០២០ នេះការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាមេរិកមានតម្លៃសរុប ៥ ៨០០,៧ លានដុល្លារ កើនពីចំនួន ៥ ០០៤,១ លានដុល្លារ ឬស្មើ ១៥,៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។
ក្នុងនោះការនាំទំនិញពីកម្ពុជាទៅអាមេរិកមានតម្លៃ ៥ ៥៣១ លានដុល្លារកើន ២១,៣៤ ភាគរយពីចំនួន ៤ ៥៥៨,២ លានដុល្លារកាលពីរយៈពេល ១០ ខែ ឆ្នាំ ២០១៩។ ទោះយ៉ាងណាក្នុងរយៈពេលនេះទឹកប្រាក់នៃការនាំទំនិញពីអាមេរិកមកកម្ពុជាមានតម្លៃត្រឹម ២៦៩,៧ លានដុល្លារ ធ្លាក់ ៣៩,៥ ភាគរយពី ៤៤៥,៩ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ការកើនឡើងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា អាមេរិក ពិសេសការនាំទំនិញកម្ពុជាទៅអាមេរិកបានបញ្ជាក់ច្បាស់ថា អាមេរិកគឺជាទីផ្សារដ៏ធំ និងសំខាន់សម្រាប់ផលិតផលនាំចេញពីកម្ពុជា។ លោកបន្តថា នេះជាសញ្ញាល្អដែលការនាំចេញកម្ពុជាកើនឡើងក្នុងស្ថានការណ៍ដ៏លំបាកនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។
លោកនិយាយថា៖ «កំណើនការនាំចេញនេះ អាចចាត់ទុកថា គឺជាការហូរចូលនៃរូបិយប័ណ្ណអន្តរជាតិមកក្នុងចង្វាក់ផលិតកម្មសេដ្ឋកិច្ចជាតិ»។
លោកបន្ថែមថា ទន្ទឹមនឹងភាពវិជ្ជមាននេះ កម្ពុជាក៏ត្រូវគិតគូរបន្ថែមទៀតលើការពង្រឹកគុណភាពផលិតផល សេវាកម្ម និងការគោរពច្បាប់ការងារ ខណៈអាមេរិកត្រូវបានគេដឹងថា ជាប្រទេសដែលឱ្យតម្លៃខ្ពស់ទៅលើស្ថានភាពនៃការប្រើប្រាស់កម្លាំងពលកម្ម និងគុណភាពផលិតផល។
លោកបន្តថា៖ «ខ្ញុំគិតថាក្រុមហ៊ុនផលិតនៅកម្ពុជាទាំងអស់ត្រូវតែខិតខំពង្រឹងគុណភាព និងសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែរឹងមាំ ដើម្បីឈានទៅធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់តែប្រសើរ និងមានប្រសិទ្ធភាព»។
ទាក់ទងនឹងការធ្លាក់ចុះតម្លៃនាំទំនិញពីអាមេរិកមកកម្ពុជាលោក វណ្ណៈ លើកឡើងថា អាចបណ្តាលមកពីតម្រូវការនៅក្នុងអំឡុងពេលកូវីដ ១៩ ធ្លាក់ចុះ ព្រោះផលិតផលដែលនាំចូលពីអាមេរិកមកកម្ពុជាភាគច្រើនជារថយន្ត និងគ្រឿងម៉ាស៊ីនមួយចំនួន។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាលោក ស៊ិន ចន្ធី បានប្រាប់ថា ផលិតផលផលិតនៅកម្ពុជាសុទ្ធតែមានតម្រូវការច្រើននៅទីផ្សារអាមេរិក ហេតុនេះការបញ្ជាទិញតែងមានជាប្រចាំ។ លោកបន្តថា ការរក្សាបាននូវកំណើននាំចេញនេះជាសញ្ញាបញ្ជាក់ថា អាមេរិកនៅតែជាទីផ្សារសំខាន់សម្រាប់កម្ពុជាទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
លោកថ្លែងថា៖ «កំណើននៃការនាំចេញរហូតដល់ជាង ២០ ភាគរយនេះ គឺជាមោទនភាពមួយសម្រាប់ទំនិញផលិតនៅកម្ពុជា ដែលនៅតែមានការបញ្ជាទិញច្រើនពីអាមេរិក»។
លោកប្រាប់ទៀតថា ការដឹកជញ្ជូនកើនឡើង លុះត្រាតែមានការបញ្ជាទិញកើនឡើង។ លោកនិយាយថា៖ «តាមខ្ញុំដឹងការដឹកទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឆ្លងកាត់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុចាប់ពីដើមឆ្នាំមកដល់ពេលនេះ គឺមិនបានធ្លាក់ចុះទេ»។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៦ អាមេរិកបានផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ GSP ទាក់ទងនឹងផលិតផលការធ្វើដំណើរមកឱ្យកម្ពុជា។ ផលិតផលទាំងនោះមានដូចជាកាបូបដៃ កាបូបយួរ កាបូបស្ពាយ និងវ៉ាលិសជាដើម។ ក្រៅពីផលិតផលទាំងអស់នេះ កម្ពុជាក៏បាននាំចេញផលិតផលសំខាន់ៗមួយចំនួនទៅអាមេរិកផងដែរ ដូចជា សម្លៀកបំពាក់ ស្បែកជើង និងកង់ជាដើម។
កាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានតម្លៃ ៥ ៨៧០,៨ លានដុល្លារ កើនឡើង ៣៨,០៥ ភាគរយ បើធៀបនឹងចំនួន ៤ ២៥២,៤ លានដុល្លារកាលពីឆ្នាំ ២០១៨។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ៥ ៣៥៦,៨ លានដុល្លារ និងការនាំចូលពីអាមេរិកមានតម្លៃ ៥១៤ លានដុល្លារ។ នេះបើតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មអាមេរិក៕LA