ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុជា និង​វៀតណាម​ទទួលបាន​កំណើន​ថ្មី​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២​។

ឯកអគ្គរដ្ឋទូត​វៀតណាម​លោក Vu Quang Minh បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​កាលពី​ឆ្នាំ​ ២០១៨ បាន​កើនឡើង​ដល់​ ៤,៧០៤ ពាន់​លាន​ដុល្លារ​អាមេរិក​កើនឡើង​ ២៣,៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧ និង​នៅក្នុង​រយៈពេល​ ១១ ​ខែ​ដំបូង​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ដល់ ៤,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​កើនឡើង​ ១៣,៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

លោក​ថ្លែងថា​៖ «​វា​ត្រូវបាន​រំពឹងថា ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ ​នឹង​កើន​ដល់​ ៥,២ ​ពាន់​លាន​ដុល្លារ​លើស​ពី​ទិសដៅ​ដែល​បានកំណត់​ ៥ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​លឿន​ជាង​ការកម្រិត​រយៈពេល​ ១ ​ឆ្នាំ​ដែល​បានកំណត់​ដោយ​នាយករដ្ឋមន្ដ្រី​របស់​ប្រទេស​ទាំង​ ២»​។

សម្រាប់​ការវិនិយោគ​រហូត​មក​ដល់​ពេលនេះ​ប្រទេស​វៀតណាម​មាន​គម្រោង​ ២១៤ ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ទុនវិនិយោគ​សរុប​ចំនួន ៣,០៧ ​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នោះ​មាន​គម្រោង​ដែលមាន​សុពលភាព ១៧៦ ជាមួយ​ទុន​ចុះបញ្ជី​សរុប ២,៧៧ ​ពាន់​លាន​ដុល្លារ​។

ចាប់ពី​ដើមឆ្នាំ​ដល់​ថ្ងៃទី​ ១១ ខែមិថុនា​ឆ្នាំ​ ២០១៩ មាន​គម្រោង​ទើប​ផ្ដល់​ថ្មី​ចំនួន​ ៣ ជាមួយ​នឹង​ទុន​ចុះបញ្ជី​សរុប​ចំនួន​ ៥៣០ ​ពាន់​ដុល្លារ​អាមេរិក និង​គម្រោង​ ៣ ​ជាមួយ​នឹង​ការបង្កើន​ទុន​បន្ថែម​សរុប ៣៧,៥ ​លាន​ដុល្លារ​ដែល​ធ្វើឲ្យ​ប្រទេស​វៀតណាម​ទទួលបាន​ចំណាត់​ទី​ ៣ ​នៃ​វិនិយោគិន​បរទេស​នៅ​កម្ពុជា​។ ការវិនិយោគ​សរុប​របស់​សហគ្រាស​វៀតណាម​ដល់​ខែកញ្ញា ឆ្នាំ​ ២០១៩ បាន​កើនឡើង​ដល់​ ៥០ ​លាន​ដុល្លារ​អាមេរិក​។

កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​មុន​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ផ្សារដារ​នៅ​ខេត្ត​ត្បូងឃ្មុំ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​បង្កើតឡើង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) តាម​បណ្ដោយ​ព្រំដែន​ជាមួយ​វៀតណាម​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវតែ​ផ្លាស់ប្តូរ​ព្រំដែន​ដែលជា​កន្លែង​កំហឹង​ដោយសារ​តែ​សង្គ្រាម​ទៅជា​កន្លែង​សម្រាប់​ការជួញដូរ​ទំនិញ ការវិនិយោគ សន្ដិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​»​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែច្រើន​ត្រូវបង្កើត​ឡើង​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ និង​ វៀតណាម ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​វៀតណាម​កាន់តែច្រើន​ព្រមទាំង​ក្រុម​វិនិយោគិន​ផ្សេងទៀត​សម្រាប់​ការនាំ​ចេញពី​យើង​។ ប្រសិនបើ​យើង​អាច​បង្កើត​បាន​កាន់តែ​ច្រើន យើង​អាច​កែច្នៃ​ផលិតផល​កសិកម្ម​ឲ្យ​ទៅ​ជា​ផលិតផល​សម្រេច​សម្រាប់​ការនាំចេញ​»​។

លោក Vu Quang Minh ឲ្យ​ដឹងថា ការវិនិយោគ​របស់​ប្រទេស​វៀតណាម​ផ្ដោតលើ​វិស័យ​កសិកម្ម ធនាគារ ទូរគមនាគមន៍ ព័ត៌មានវិទ្យា ការផលិត​ផលិតផល​ឧស្សាហកម្ម ការកែច្នៃ និង​ផលិតកម្ម​។

លោក​ថា​៖ «​សកម្មភាព​ការផលិត​របស់​សហគ្រាស​វៀតណាម​នៅ​កម្ពុជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សន្ដិសុខ​សង្គម​របស់​ប្រទេស​កម្ពុជា​»​។

លោក​បន្តថា កម្ពុជា​មាន​គម្រោង​វិនិយោគ​ ២១ នៅក្នុង​ប្រទេស​វៀតណាម​ជាមួយ​នឹង​ទុន​ចុះបញ្ជី​សរុប​ជិត​ ៦៤ ​លាន​ដុល្លារ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី ​៥៤ ក្នុងចំណោម​ប្រទេស​ ១៣២ និង​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​ប្រទេស​វៀតណាម​។

លោក​បាន​ឲ្យ​ដឹង​នៅពេល​ថ្មីៗ​នេះ​ប្រទេស​វៀតណាម និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​ការងារ​ជាច្រើន ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដូចជា​កិច្ចព្រមព្រៀង​ស្ដីពី​ក្របខ័ណ្ឌ​ការងារ​ការតភ្ជាប់​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​រហូត​ដល់​ឆ្នាំ​ ២០៣០ ផែនការ​សកម្មភាព​តភ្ជាប់​សេដ្ឋកិច្ច​ ៣ កិច្ចព្រមព្រៀង​ពន្ធ​ត្រួតស៊ីគ្នា កិច្ចសហប្រតិបត្តិការ MoU នៅក្នុង​វិស័យ​ដឹកជញ្ជូន​ដល់​ឆ្នាំ​ ២០២៥ ចក្ខុវិស័យ​ដល់​ឆ្នាំ​ ២០៣០​។

រដ្ឋបាល​ទេសចរណ៍​ថ្នាក់ជាតិ​វៀតណាម និង​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ចុះហត្ថលេខា​លើ MOU ដើម្បី​តភ្ជាប់​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ហើយ​កាលពី​ថ្ងៃទី​ ២៧ ខែ​តុលា ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​វិនិយោគ​រួម អង្គរអ៊ែរ បាន​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​ផ្សេងទៀត​ចេញពី​ភ្នំពេញ​ទៅ​ទីក្រុង​ហូជីមិញ ខេត្ត​ដាណាង​។

លោក​បញ្ជាក់ថា​៖​ «​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា​នឹង​ជា​មូលដ្ឋាន​ដ៏សំខាន់​ក្នុង​ការលើកកម្ពស់​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​ប្រទេស​ទាំង​ ២ ​នៅពេល​អនាគត​»៕LA