ភ្នំពេញៈ ទំហំ​កម្ចី​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បន្ត​កើនឡើង​ដល់​ ៧,១៦ ​ពាន់​លាន​ដុល្លារ​នៅ​ចុង​ខែ​មិថុនា​ឆ្នាំ​នេះ កើនឡើង​ ៦,៨ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ១ ​។ នេះ​បើ​យោង​តាម​​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​ (CBC) ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​។

របាយការណ៍​ CBC ឲ្យ​ដឹងថា​មាន​គណនី​ចំនួន​ ១,១៩ ​លាន​ត្រូវបាន​បើក​សម្រាប់​ស្នើសុំ​កម្ចី​ប្រើប្រាស់​លក្ខណៈ​បុគ្គល​គិត​មក​ត្រឹម​ចុងខែ​មិថុនា​កើនឡើង​ ៥ ​ភាគរយ​ធៀប​នឹង​ត្រីមាស​មុន ឬ​ស្មើ​នឹង ​៣៧,៦៧ ​ភាគរយ​នៃ​គណនី​បុគ្គល​សរុប​នៅ​លើ​ទីផ្សារ​នេះ​។

គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​ ២០១៩ កម្ចី​មិន​បាន​សង​ត្រឡប់​ទាន់ពេល បន្ទាប់ពី​ ៣០ ​ថ្ងៃ (NPL 30) មាន​អត្រា​ ១,១៩ ​ភាគរយ​នៃ​ទំហំ​កម្ចី​សរុប​ធ្លាក់​ចុះ​ពី​អត្រា​ ១,២៤ ​ភាគរយ​ពី​ត្រីមាស​មុន​។

ទំហំ​ឥណទាន​ប្រើប្រាស់​ផ្ទាល់ខ្លួន​សរុប​ដែល​មាន ៧,១៦ ​ពាន់​លាន​ដុល្លារ​នេះ គឺ​មាន​ប្រហែល​ ៣០,២២ ​ភាគរយ​ទំហំ​កម្ចី​សរុប​នៅ​លើ​ទីផ្សារ​នេះ​។

ប៉ុន្តែ​ចំនួន​អ្នក​ដាក់ពាក្យ​ស្នើ​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដែល​មាន​នៅក្នុង​ទម្រង់​ផ្សេង​គ្នា​ ៣ រួមមាន​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន កាត​ឥណទាន និង​កម្ចី​ទិញ​ផ្ទះ ទាំងអស់​នេះ​បាន​ធ្លាក់​ចុះ ១៩,២៩ ​ភាគរយ​។

របាយការណ៍​នេះ​បង្ហាញ​ថា​ការដាក់ពាក្យ​កម្ចី​ទិញ​ផ្ទះ​បាន​ធ្លាក់ចុះ​ ៣៦ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ១ ដែល​ខេត្ត​នៅ​ជាប់​តំបន់ឆ្នេរ មើលឃើញ​ការធ្លាក់ចុះ​ខ្លាំង​ជាង​គេ​ដល់ ៤៩ ​ភាគរយ​។ ការដាក់​ពាក្យ​សុំ​កាត​ឥណទាន​បាន​ធ្លាក់ចុះ​ ៩ ​ភាគរយ ខណៈ​ការដាក់​ពាក្យ​ស្នើសុំ​ហិរញ្ញប្បទាន​ផ្ទាល់ខ្លួន ធ្លាក់​ចុះ​ ១៨ ​ភាគរយ​។

លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​មិន​ខុស​ពី​ឆ្នាំមុនៗ​នោះទេ ដែល​ការដាក់ពាក្យ​ស្នើសុំ​ឥណទាន​តែងតែ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​ ២​។

បើ​ទោះបី​យ៉ាងនេះ​ក្តី​លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៨ ចំនួន​នៃ​ការដាក់​ពាក្យសុំ​កម្ចី​ប្រើប្រាស់​នៅ​ត្រីមាស​ទី​ ២ ​នេះ​បាន​កើនឡើង​ ៩,០៣ ​ភាគរយ​»​។

យោង​តាម​លោក អឿ សុធារ័ត្ន ចំនួន​នៃ​ការបើក​គណនី​ឥណទាន​ប្រើប្រាស់​នៅតែ​បន្ត​កើនឡើង​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ ចន្លោះ​ពី​ ៥ ទៅ ៧ ​ភាគរយ​នៅក្នុង​ត្រីមាស​នីមួយៗ ខណៈ​កំណើន​ឥណទាន​សរុប​កើនឡើង​ចន្លោះ​ពី​ ៦ ​ទៅ ៨ ​ភាគរយ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​ចំនួន​អ្នកស្នើសុំ​ឥណទាន​សម្រាប់​ប្រើប្រាស់​នៅ​ត្រីមាស​ទី​ ២ ដោយសារ​តែ​លទ្ធភាព​នៃ​ការចាយវាយ​របស់​អ្នកប្រើប្រាស់​មាន​ការ​ថយចុះ ខណៈ​កាលពី​ត្រីមាស​ទី​ ១ មាន​តម្រូវការ​ច្រើន​ដូចជា​ការដាក់​ស្នើ​កម្ចី​សម្រាប់​ការប្រើប្រាស់​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ជាដើម​។

ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា ទោះបី​ជា​ការស្នើ​កម្ចី​ប្រើប្រាស់​ធ្លាក់ចុះ ក៏​តុល្យភាព​កម្ចី​នៅតែ​កើនឡើង​។ លោក​ថ្លែង​ថា​៖ «​ចំនួន​អ្នក​ស្នើសុំ​ឥណទាន​ថយចុះ​មែន ប៉ុន្តែ​ទំហំ​នៃ​ការផ្តល់​កម្ចី​នៅ​តែ​ធំ ដូច្នេះ​ធ្វើឲ្យ​សមតុល្យ​កើនឡើង​»៕ LA