ភ្នំពេញៈ ទំហំ​ជួញដូរ​របស់​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ធ្លាក់ចុះ​ប្រមាណ ១៧ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ ដោយ​ការជួញដូរ​សរុប​មាន​ចំនួន ៥៦០ ៤៧៩ ធៀប​នឹង​ចំនួន ៦៧៨ ០០៨ ភាគហ៊ុន​កាលពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩​។

បើ​យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ថិតិ​ជួញដូរ​មូលបត្រ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) សម្រាប់​ទំហំ​ជួញដូរ​សរុប​នេះ​គឺ​មាន​តម្លៃ​ប្រហែល ៩៧៤ ​ពាន់​ដុល្លារ​ធ្លាក់ចុះ ៣៣ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​មុន ខណៈ​ការជួញដូរ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​មាន​ចំនួន​ ៩ ០៤០ ភាគហ៊ុន​ស្មើនឹង​តម្លៃ ១៥,៧ ​ពាន់​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ដែរ សន្ទស្សន៍​របស់ CSX ក៏បាន​ធ្លាក់ចុះ ២២ ​ភាគរយ​ពី ៧៦១,៧៣ ​ពិន្ទុ​នៅ​ចុង​ត្រីមាស​ទី​ ៤ មក​នៅត្រឹម ៥៩០,៦៣ ​ពិន្ទុ​កាលពី​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ផងដែរ​។

លោក ហុង សុខហួរ អគ្គនាយក CSX បាន​យល់ស្រប​ចំពោះ​ការធ្លាក់ចុះ​នេះ ដោយ​លើក​ឡើង​អំពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​បាន​ចាប់ផ្ដើម​ចាប់តាំងពី​ដើមឆ្នាំ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការជួញដូរ និង​តម្លៃ​ភាគហ៊ុន​។

លោក​បាន​ថ្លែងថា​៖ «​ការប៉ះពាល់​បន្តិចបន្តួច​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​ការជួញដូរ និង​តម្លៃ​ភាគហ៊ុន​ធ្លាក់ចុះ​។ ទោះយ៉ាងណា អ្វីដែល​យើង​អាច​ធ្វើ​បាន​នៅពេល​នេះ​គឺ​ត្រូវ​ប្រែក្លាយ​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​ជំងឺ​នេះ​ទៅ​ជា​ឱកាស​តាមរយៈ​ការស្វែងរក​មធ្យោបាយ​នានា​ដើម្បី​កែលម្អ​សកម្មភាព​អាជីវកម្ម​ឡើងវិញ​»​។

លោក​បន្តថា​៖ «​យើង​មើលឃើញ​ប្រតិបត្តិការ​ជួញដូរ​កំពុង​កើនឡើង​ចាប់ពី​ដើម​ខែ​មេសា ហើយ​ខ្ញុំ​សង្ឃឹម​ថា ជាមួយ​នឹង​ការចូលរួម​បោះផ្សាយ​ពី​ធនាគារ​អេស៊ីលីដា យើង​នឹង​បង្កើន​ការទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​មក​ផ្សារហ៊ុន​។ ខ្ញុំ​គិតថា បើ​យើង​មិន​មាន​វិបត្តិ​សុខភាព​នេះ​ទេ យើង​នឹង​មើលឃើញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​ឡើងៗ វិនិយោគ​លើ​ផ្សារហ៊ុន​នេះ ដោយសារ​តែ​វត្តមាន​របស់​ធនាគារ​អេស៊ីលីដា​ផងដែរ​»​។

ទោះបី​ជា​យ៉ាងណា​លោក សុខហួរ នៅតែមាន​សុទិដ្ឋិនិយម​ថា សកម្មភាព​ជួញដូរ​នឹង​កើនឡើង​ជាមួយ​នឹង​វត្តមាន​របស់​ក្រុមហ៊ុន​ចុះបញ្ជី​កាន់តែ​ច្រើន ខណៈ​មាន​ក្រុមហ៊ុន​ ២-៣ ​បន្ថែម​ទៀត​កំពុង​រៀបចំ​ផែនការ​ចុះបញ្ជី​។

លោក​លើកឡើង​ថា​៖ «​ទោះបី​ជា​ភាពមិន​ច្បាស់លាស់​លើ​ពិភពលោក​នៅ​ឆ្នាំនេះ​ក៏ដោយ ក៏​យើង​សង្ឃឹមថា ផ្សារភាគហ៊ុន​មួយ​នេះ​នឹង​ក្លាយជា​ឧបករណ៍​វិនិយោគ​ដ៏មាន​សក្ដានុពល​សម្រាប់​ក្រុម​វិនិយោគិន ដូច​បណ្ដា​ប្រទេស​ជិតខាង ដោយសារ​វា​ជា​ទីផ្សារ​មួយ​ជួយប្រមូល​មូលនិធិ​សម្រាប់​កំណើន​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​»​។

គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែឧសភា CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ ១២ ក្នុង​ចំណោម​នោះ​ក្រុមហ៊ុន​ ៦ ​ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៦ ​ផ្សេង​ទៀត​ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង​ ១២ ​នេះ​ប្រមូល​មូលនិធិ​បាន​ប្រហែល ២៤០ ​លាន​ដុល្លារ និង​សន្ទស្សន៍​ភាគហ៊ុន​បាន​កើនឡើង​ជាង ៥៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨​។ មាន​វិនិយោគិន​លក្ខណៈ​បុគ្គល និង​ក្រុមហ៊ុន​ប្រហែល ២៥ ០០០ បាន​បើក​គណនី​ជួញដូរ​នៅ​ផ្សារហ៊ុន​កម្ពុជា CSX៕LA