ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) និង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ថា​នឹង​បន្ត​ពង្រឹង​កិច្ចសហការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ឲ្យ​កាន់​តែ​ទំនើប ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ និង​ការ​ប្រើប្រាស់​សេវាហិរញ្ញវត្ថុ​ថ្មី​នេះ​នៅ​កម្ពុជា និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។

សេចក្តី​ជូន​ដំណឹង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​ជា​ធនាគារ​កណ្តាល​របស់​កម្ពុជា បន្ទាប់ពី​ជំនួប​ប្រជុំ​ទ្វេភាគី​រវាង​​តំណាង​ធនាគារជាតិ​នៃ​ប្រទេស​ទាំង​ ២ ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំង​ ២ ​បាន​បញ្ជាក់​ពី​ជំហរ​ប្តេជ្ញា​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ទៅ​លើ​ការ​ត្រួតពិនិត្យ​ធនាគារ និង​ការ​សិក្សា​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​វិស័យ​ធនាគារ​សំដៅ​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២ ​ប្រកប​ដោយ​ចីរភាព​៕