ក្រុងតូក្យូៈ ធនាគារកណ្ដាល​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​បាន​ដំឡើង​ការព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​ ៣ របស់​ពិភពលោក​នេះ ប៉ុន្តែ​បាន​រក្សា​គោលនយោបាយ​បន្ធូរបន្ថយ​រូបិយវត្ថុ​ខ្លាំង​បំផុត​របស់ខ្លួន​មិន​ផ្លាស់ប្តូរ​។

ធនាគារកណ្ដាល​មួយ​នេះ​បាន​ឲ្យ​ដឹង​បន្ទាប់ពី​កិច្ចប្រជុំ​គោលនយោបាយ​រយៈពេល​ ២ ​ថ្ងៃ​ថា នៅពេល​នេះ​ធនាគារ​នេះ​រំពឹងថា​នឹង​មាន​សេដ្ឋកិច្ច​នឹង​កើនឡើង ០,៩ ភាគរយ​ នៅក្នុង​ឆ្នាំ​ដែល​បញ្ចប់​នៅ​ខែមីនា​ឆ្នាំ​ ២០២១ ដែល​អត្រា​នេះ​ត្រូវបាន​ដំឡើង​ពី​ការព្យាករ​លើក​មុន​ដែល​ថា​មាន​កំណើន ០,៧ ​ភាគរយ​។

ការវាយតម្លៃ​កាន់តែ​ល្អប្រសើរ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ដ្រី ស៊ីនហ្សូ អាបេ បាន​ដាក់ចេញ​កញ្ចប់​វិធានការ​ជំរុញ​សេដ្ឋកិច្ច​មួយ​កាលពី​ឆ្នាំមុន ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​នេះ និង​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ការបង្កើន​ពន្ធ​លើ​ការប្រើប្រាស់​កាលពី​ខែ​តុលា​ពី​អត្រា ៨ ទៅ ១០ ​ភាគរយ​។

សេចក្ដី​សម្រេច​នេះ​ក៏​បាន​កើតមានឡើង​ផងដែរ​បន្ទាប់ពី​អាមេរិក​ និង​ប្រទេស​ចិន​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នៅពេល​ថ្មីៗ​នេះ​ដែល​បន្ធូរបន្ថយ​ការបារម្ភ​ដែល​បាន​កើត​មាន​ជាយូរ​មកហើយ​ចំពោះ​ក្រុម​វិនិយោគិន​ពិភពលោក​។

ទីផ្សារ​ពិភពលោក​ក៏បាន​ត្រឡប់​ទៅរក​ភាពស្ងប់ស្ងាត់​វិញ​ផងដែរ បន្ទាប់ពី​ភាពចលាចល​ដែល​បាន​បង្កឡើង​ដោយសារ​អាមេរិក​សម្លាប់​លោក Qasem Soleimani ដែល​ជា​ឧត្តមសេនីយ៍​ជាន់ខ្ពស់​របស់​ប្រទេស​អ៊ីរ៉ង់​។ ការវាយប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការសងសឹក​នៅមាន​កម្រិត​មួយ ហើយ​តំបន់​នេះ​ក៏បាន​ចៀស​ផុត​ពី​ការកើនឡើង​ខ្លាំង​នូវ​អំពើហិង្សា​ផងដែរ​។

ធនាគារកណ្តាល​បាន​ឲ្យ​ដឹងថា​៖ «​សេដ្ឋកិច្ច​របស់​ជប៉ុន​បាន​ស្ថិត​លើ​និន្នាការ​កើនឡើង​ក្នុង​កម្រិត​មធ្យម ទោះបី​ជា​ការនាំចេញ ការផលិត និង​ទំនុកចិត្ត​ធុរកិច្ច​បាន​បង្ហាញ​ភាពចុះខ្សោយ​មួយចំនួន​ក៏ដោយ ដែល​ភាគច្រើន​បាន​រង​ផលប៉ះពាល់​ដោយសារ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ក្រៅប្រទេស និង​គ្រោះមហន្តរាយ​ធម្មជាតិ​»​។

ធនាគារកណ្តាល​នេះ​បាន​ឲ្យ​ដឹងថា ទោះបី​យ៉ាងណា​ការបង្កើន​ពន្ធ និង​គ្រោះមហន្តរាយធម្មជាតិ​កំពុង​ដាក់​សម្ពាធ​ទៅលើ​តម្រូវការ​ក្នុង​ស្រុក​។ ធនាគារ​នេះ​បាន​បន្តថា​៖ «​ប៉ុន្តែ​តម្រូវការ​ទំនងជា​នឹងមាន​និន្នាការ​កើនឡើង​»៕ LA