ក្រុងស៊ីដនីៈ ធនាគារកណ្ដាល​របស់​ប្រទេស ​អូស្ដ្រាលី​ កាលពី​ថ្ងៃ​អង្គារ​បាន​រក្សា​អត្រា​ការប្រាក់​ក្នុង​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន ទោះបី​ជា​មាន «​ភាពមិន​ច្បាស់លាស់​» ជុំវិញ​ការចំណាយ​របស់​អតិថិជន​មុន​រដូវបុណ្យ​ក៏ដោយ​។

លោក Philip Lowe ប្រធាន​ធនាគារកណ្ដាល​របស់​ប្រទេស ​អូស្ដ្រាលី ​ឲ្យ​ដឹងថា អត្រា​ការប្រាក់​នឹង​រក្សា​នៅ​ដដែល​ក្នុង​អត្រា​ ០,៧៥ ​ភាគរយ ខណៈដែល​ហានិភ័យ​ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក «​បាន​ធូរស្រាល​នៅពេល​ថ្មីៗ​នេះ​»​។

ប្រទេស​ដែល​សម្បូរ​ធនធាន​មួយ​នេះ​បាន​កត់ត្រា​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ទាប​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ សម្រាប់​ឆ្នាំ​ដែល​បញ្ចប់​នៅ​ខែមិថុនា ដោយ​កើនឡើង​តែ​ ១,៤ ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​លោក Lowe បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​នេះ​បាន​ដើរចូល​មកដល់ «​ចំណុច​របត់​មិន​សូវ​ខ្លាំង​»​។ លោក​បាន​មើលឃើញ​កំណើន​កើនឡើង​ដល់ ៣ ​ភាគរយ​ នៅ​ឆ្នាំ​ ២០២១​។

លោក Lowe បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​កម្រិត​ទាប​នៃ​អត្រា​ការប្រាក់ ការ​កាត់បន្ថយពន្ធ​នៅពេល​ថ្មីៗ ការចំណាយ​ជា​បន្ត​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​កើនឡើង​តម្លៃ​លំនៅឋាន និង​ចក្ខុវិស័យ​កាន់តែ​ប្រសើរ​សម្រាប់​វិស័យ​ធនធាន ទាំងអស់​នេះ​គួរតែ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​»​។

អូស្ដ្រាលី​កំពុង​ជម្នះ​ជាមួយ​នឹង​កំណើន​ប្រាក់​ឈ្នួល​ទាប ដែល​លោក Lowe បាន​ឲ្យ​ដឹងថា នឹង​នៅ​តែ​មាន​កម្រិត​ទាប «​ក្នុងអំឡុងពេល​ណាមួយ​»​។

ក្រុម​អ្នកវិភាគ​រំពឹងថា នឹង​មាន​ការកាត់បន្ថយ​អត្រា​ការប្រាក់​បន្ថែម​ទៀត នៅមុន​ថ្ងៃ​ចូលឆ្នាំ​ថ្មី​៕ LA