ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។

ធនាគារ​កណ្ដាល​របស់​ប្រទេស​នេះ​បាន​ដើរ​តាម​គន្លង​របស់​ប្រទេស​ផ្សេងទៀត​ជុំវិញ​ពិភពលោក​រាប់​ចាប់ពី​អឺរ៉ុប​រហូត​ដល់​អាមេរិក ដើម្បី​បន្ធូរបន្ថយ​គោលនយោបាយ ខណៈ​ក្តីបារម្ភ​ថា​នឹង​មាន​ការថមថយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កើនឡើង​។

សិង្ហបុរី​ជា​ធម្មតា​ជា​ប្រទេស​ទី ១ ​ក្នុង​ចំណោម​ប្រទេស​ពឹងផ្អែក​លើ​ការនាំ​ចេញ​ផ្សេងៗ​នៅ​អាស៊ី​ដែល​ត្រូវ​រង​ផលប៉ះពាល់​ក្នុង​អំឡុង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​ធ្វើឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​កត្តា​វាស់វែង​តម្រូវការ​ទំនិញ​ និង​សេវាកម្ម​ដែល​ត្រូវ​បាន​គេ​ឃ្លាំមើល​ដោយ​យកចិត្ត​ទុកដាក់​សម្រាប់​តំបន់​។

ហើយ​ប្រទេស​នេះ​ត្រូវ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយសារ​តែ​ការធ្លាក់ចុះ​អត្រា​កំណើន​សេដ្ឋកិច្ច និង​ការនាំចេញ ខណៈ​ដែល​ភាពតានតឹង​រវាង​អាមេរិក និង​ចិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​។

អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) ដែល​ជា​ធនាគារកណ្តាល​របស់​សិង្ហបុរី​បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ «​កាត់បន្ថយ​បន្តិច​» នូវ​កម្រិត​អត្រា​ប្តូរប្រាក់​របស់​ខ្លួន​ដែល​អត្រា​នេះ​បាន​អនុញ្ញាត​ឲ្យ​រូបិយប័ណ្ណ​ដុល្លារ​របស់​សិង្ហបុរី​ប្រែប្រួល​តម្លៃ​ឡើង​ចុះ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ការកាត់បន្ថយ​នេះ​ធ្វើ​ឡើង​ទៅតាម​ការរំពឹង​ទុក​។

ជំនួស​ឲ្យ​ការប្រើប្រាស់​អត្រា​ការប្រាក់ ប្រទេស​សិង្ហបុរី​គ្រប់គ្រង​លើ​គោលនយោបាយ​រូបិយវត្ថុ​ដោយ​ការអនុញ្ញាត​ឲ្យ​តម្លៃ​ប្រាក់​ដុល្លារ​សិង្ហបុរី​កើនឡើង ឬ​ធ្លាក់ចុះ​ធៀប​នឹង​ក្រុម​រូបិយប័ណ្ណ​របស់​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ខ្លួន​។

MAS បាន​ឲ្យ​ដឹងថា​៖ «​ក្នុង​រយៈពេល​ ៦ ​ខែ​ចុង​ក្រោយ​នេះ​បញ្ហា​កើត​មាន​ឡើងលើ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដោយសារ​វិស័យ​ផលិតកម្ម​បាន​កើនឡើង​ខ្លាំង​ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ​ជា​បន្ត​ក្នុង​វដ្ដ​អេឡិចត្រូនិក​ពិភពលោក ព្រម​ទាំង​ការដកចេញ​ការចំណាយ​លើ​ការវិនិយោគ ដែល​មួយ​ផ្នែក​បង្កឡើង​ដោយ​ភាពមិន​ច្បាស់លាស់​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​»​។

ទិន្នន័យ GDP បឋម​ដែល​បានចេញ​ផ្សាយ​ជាមួយ​គ្នា​នេះ​ដែរ​បាន​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី​បានគេច​ផុតពី​ការធ្លាក់​ចូល​ទៅក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ដែល​មានន័យថា​ជា​ការធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​រយៈពេល​ ២ ​ត្រីមាស​ជាប់​គ្នា​។

សេដ្ឋកិច្ច​សិង្ហបុរី​បាន​កើនឡើង ០,៦ ​ភាគរយ​នៃ​អត្រា​ប្រចាំ​ត្រីមាស​នៅ​ត្រីមាស​ទី​ ៣ ដែល​ស្ទុះ​ងើបឡើង​វិញ​ពី​ការធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ២,៧ ​ភាគរយ​កាលពី​ត្រីមាស​ទី​ ២​។ សេដ្ឋកិច្ច​បាន​កើនឡើង​ ០,១ ភាគរយ​នៅ​ត្រីមាស​ទី​ ៣ បើ​គិតពី​អត្រា​ប្រចាំ​ឆ្នាំ​។

វិស័យ​ផលិតកម្ម​ដែល​ជា​សសរស្ដម្ភ​មួយ​នៃ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ ៣,៥ ភាគរយ បន្ទាប់ពី​ធ្លាក់ចុះ ៣,៣ ភាគរយ​នៅ​ត្រីមាស​មុន​។

ក្រុមហ៊ុន Capital Economics ព្យាករ​ថា សេដ្ឋកិច្ច​នឹង​ទំនង​ជា​កើនឡើង ០,៥ ភាគរយ​តែប៉ុណ្ណោះ​នៅ​ឆ្នាំនេះ​។ សិង្ហបុរី កន្លង​មក​បាន​ធ្លាក់ចូល​ទៅក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ឆ្នាំ​ ២០០៨​។

លោក Song Seng Wun ដែល​ជា​សេដ្ឋវិទូ​ប្រចាំ​តំបន់​មួយរូប​នៅ​ក្រុមហ៊ុន CIMB Private Banking បាន​ឲ្យ​ដឹងថា ដោយ​សេដ្ឋកិច្ច​បាន​គេច​ផុត​ពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច អាជ្ញាធរ MAS ប្រាកដ​ជា​បាន​គិត​ថា ការផ្លាស់ប្តូរ​បន្តិចបន្តួច​នៃ​គោលនយោបាយ​នេះ​គឺ​គ្រប់គ្រាន់​។

លោក Song បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ធនាគារកណ្ដាល​សិង្ហបុរី​នឹង​សង្ឃឹម​ថា «​ប្រហែល​ជា​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២០ អាច​នឹង​ប្រសើរ​ជាង​ឆ្នាំ​ ២០១៩»៕ LA